​ស្រវឹងស្រា អុកឡុក ក្នុង​សណ្ឋាគារ បង្ក​ការភ្ញាក់ផ្អើល​

ភ្នំពេញ: បុរស​ជា​ជនជាតិ​បរទេស​ម្នាក់ ស្រវឹងស្រា​ជោកជាំ បាន​ជិះ​រ៉ឺម៉ក​កង់​បី ទៅរក​សណ្ឋាគារ ដើម្បី​ស្នាក់នៅ តែ​មិនទាន់​ដឹង​មូលហេតុ ស្រាប់តែ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ នៅក្នុង​សណ្ឋាគារ "​លុច​" ហើយ​ដេញ​វាយ​បុគ្គលិក រត់​ជាន់ជើងគ្នា ហើយ​ថែមទាំង ដើរ​ចេញមកក្រៅ ដេញ​វាយ និង​រករឿង​អ្នកដំណើរ តាម​ដងផ្លូវ បង្កអោយមាន​ការភ្ញាក់ ផ្អើល ទាំងយប់​។​

​ហេតុការណ៍​បង្កអោយមាន ការភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​"​លុច​" តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ ។

​បើតាម​ប្រភពព័ត៌មាន​ពី បុគ្គលិក​បំរើការ ក្នុង​សណ្ឋាគារ បានអោយដឹងថា មុនពេល​កើតហេតុ គឺ​ជនជាតិ​បរទេស​ខាងលើ បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោកជាំ និង​បាន​ចូលទៅ​សួរ​តម្លៃ​បន្ទប់ ដើម្បី​សម្រាក ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច ជនជាតិ​បរទេស​រូបនោះ បាន​ស្រែក​ឡូឡា និង​វាយ​បោកប្រាស់ របស់របរ និង​ទ្រព្យសម្បត្តិ ក្នុង​សណ្ឋាគារ ថែមទាំង​ដេញ​វាយ​ខ្លួន និង​បុគ្គលិក​ដទៃទៀត ហើយ​រត់​ចេញមកក្រៅ ដេញ​វាយ​គេឯង និង​បានធ្វើ អោយ​រទេះ​លក់​សាច់គោ​អាំង និង​ប្រហិត បែកខ្ចាយ​ពេញ​ផ្លូវ បង្ក​ការភ្ញាក់ផ្អើល យ៉ាងខ្លាំង​ដល់​អ្នក​ក្បែរ​ខាង និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ មកជួយ​អន្តរាគមន៍​។​

​ប្រភព​បាន​បន្តថា ឃើញ​ដូច្នេះ អ្នករត់ម៉ូតូឌុប និង​អ្នក​នៅ​ជិត​កន្លែងកើតហេតុ បាននាំគ្នា​មកឃាត់​ជាច្រើន​នាក់ ហើយ​ធ្វើ​ការចរចា ដើម្បីអោយ​ជនបង្ក សង​សំណង​នូវ​រាល់ របស់របរ​ដែល​ខូចខាត បន្ទាប់មក ជនបង្ក​បាន​សង​ថ្លៃ​ខូចខាត ទៅខាង​រទេះ​លក់​សាច់គោ និង​ប្រហិត ចំនួន​៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​។ ចំណែក​ទ្រព្យសម្បត្តិ នៅក្នុង​សណ្ឋាគារ បុរស​ជនជាតិ​បរទេស ក៏​ធានា​ចេញសង​ដែរ​។ ប៉ុន្តែ​អ្នក​បំរើការ​ក្នុង​សណ្ឋាគារ អោយ​រង់ចាំ ជួប​ម្ចាស់​សណ្ឋាគារ ជាមុនសិន ទើប​សម្រេចបាន ។

​គួរ​រំលឹក​ផងដែរ​ថា ខណៈដែល​ជនជាតិ​បរទេស មក​ធ្វើការ​អុកឡុក ក្នុង​សណ្ឋាគារ​នោះ គឺ​ពុំ​ឃើញ​មាន​ការជួយ​អន្តរាគមន៍ ពី​អាជ្ញាធរ​មូលដ្ឋាន​នោះទេ គឺ​មានតែ​ប្រជាពលរដ្ឋ និង​បុគ្គលិក​ខាង​សណ្ឋាគារ តែប៉ុណ្ណោះ ហើយ​សណ្ឋាគារ ក៏​មិនទាន់​បានដឹងថា ត្រូវដាក់​ពាក្យបណ្តឹង​ក្នុង​រឿង​ដែល​ភ្ញៀវ​បរទេស មក​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកដទៃ​នោះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ម្ចាស់​សណ្ឋាគារ មក​សិន ៕V​/S

​ស្រវឹងស្រា អុកឡុក ក្នុង​សណ្ឋាគារ បង្ក​ការភ្ញាក់ផ្អើល​