ប្រសាសន៍សំខាន់ៗ​របស់សម្តេចតេជោ​ ហ៊ុន សែន​ ក្នុងពិធីសម្ពោធស្ពាន ​៥ មករា ​ព្រឹកមិញ

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook) Page​ ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅប៉ុន្មាននាទីមុននេះ មានខ្លឹមសារ ទំាងស្រុងថា ​"នៅព្រឹកថ្ងៃទី៥មករា ២០១៦​នេះ សម្ដេច​តេជោ ហ៊ុន សែន និងសម្តេច ​ កិត្តិព្រឹទ្ឋបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ​បានអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​នូវស្ពានអាកាសទី៤​ ក្នុងរាជធានីភ្នំពេញ ​ដែលត្រូវបានដាក់ឈ្មោះថា ​“ស្ពានអាកាស៥មករា” ។

ស្ពានអាកាស៥មករានេះ ​សាងសង់ដោយក្រុមហ៊ុនវិនិយោគ​ទុនអាណិកជនកម្ពុជា (OCIC) ​ដែលបានចំណាយ​ពេលសាងសង់ ១៦ខែ ​លើគម្រោងថវិកាប្រមាណជាង ១៤លានដុល្លារអាមេរិក ​។ ស្​ពានអាកាស នេះមាន​ប្រវែង ៣៨២ម៉ែត្រ ទទឹង ​១៥.៨ម៉ែត្រ និង​ ផ្លូវក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ ​ទទឹងពី ៦ ទៅ ​៨ម៉ែត្រ ផ្លូវអម​ស្ពាន​ប្រវែងសរុប ៨២៥ម៉ែត្រ​ ទទឹង ៥.៥ ម៉ែត្រ ​ស្ថិតនៅប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ​មហាវិថីគីមអ៊ីលស៊ុង ​ និងមហាវិថីម៉ៅសេទុង​ ត្រង់ប្រសព្វគ្នា​ចំណុចភ្លើងស្តុបតិចណូ។ សូមប្រជាពលរដ្ឋបើក​បរមានការប្រុងប្រយ័ត្ន ​និងយោគយល់អធ្យាស្រ័យ​​ដល់គ្នាទៅវិញទៅ​មកដើម្បីសុវត្ថិភាពទាំងអស់គ្នា។

ចំពោះការអនុវត្តន៍​ច្បាប់ចរាចរណ៍ថ្មី ​និងសំណូមពរប្រជាពលរដ្ឋ​មួយចំនួន ​សម្តេចតេជោ ហ៊ុន សែន ​បានមានដំណោះស្រាយមួយចំនួនដូចជា:-

១-ហាមនាំចូលរថយន្តចង្កូតស្តាំដាច់ខាតចាប់ពីថ្ងៃនេះ។ រាជរដ្ឋាភិបាលបានអនុញ្ញាតិអោយម្ចាស់ឡានចង្កូតស្តាំដែលមានស្រាប់ ត្រូវចូលទៅបង់ពន្ឋធម្មតា ហើយមិន​ចាំបាច់កែរចង្កូតឡើយ។

២-ចំពោះប័ណ្ណបើកបរម៉ូតូខ្នាតតូច ​ដែលពីមុនត្រូវបង់ថ្លៃ​ ៦០,០០០សម្រាប់ការប្រឡង ​និង ១៤,០០០​ ថ្លៃពិនិត្យសុខភាព ​តែពេលនេះបាន​បញ្ចុះមកនៅត្រឹម ២៥,០០០ រៀល​ ដោយមិនចាំបាច់ប្រឡង​យកប័ណ្ណបើកបរ ​ និងពិនិត្យសុខភាពឡើយ​។ រីឯម៉ូតូខ្នាតធំគឺពីមុនថ្លៃ​ ៦០,០០០ រៀល ​តែពេលនេះចុះមកត្រឹម ​៤០,០០០ រៀលវិញ។ ចំពោះការប្តូរប័ណ្ណបើកបរ ​គឺពីមុន ២៥,០០០រៀល ​ចុះមកនៅត្រឹម ២០,០០០​ រៀលវិញ។ ចំពោះការបញ្ចុះតម្លៃលើប័ណ្ណ​បើកបររថយន្តគឺក្រសួង​ពាក់ព័ន្ឋនឹងដោះស្រាយ​ជាបន្តបន្តបន្ទាប់ថែមទៀត។

៣-​ចំពោះប្រជាពលរដ្ឋដែលរស់នៅ​តាមបណ្តោយផ្លូវជាតិលេខ​ ៤ ដែលចេញចូលត្រូវបង់ថវិការហូតនោះ ​គឺមិនអោយបង់តទៅទៀតឡើយ​ ចាប់ពីថ្ងៃទី ៧មករា ២០១៦ នេះតទៅ ។

៤-គម្រោង​សាងសង់បន្តបន្ទាប់ដូចជា​ គំរោងសាងស្ពាន​ និងផ្លូវបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ​ដែរ​ក្នុងនោះរួមមាន (១-កសាងផ្លូវបត់កោង និងផ្លូវក្រោមដីនៅចំណុច​ស្ពានអាកាសក្បាលថ្នល់ ២ -​កសាងផ្លូវក្រោមដី ​នៅផ្លូវសហព័ន្ឋរុសី្សត្រង់ចំនុចស្តុប​ បេកាសេ ៣-សាងសង់​ស្ពានអាកាស ​នៅចំនុចស្តុបផ្សារដីហុយ​ត្រង់ផ្លូវសហព័ន្ឋរុស្សី និងផ្លូវហាណូយ និង​ -៤ ផ្លូវល្បឿនលឿន (Express Way) ១​ខ្សែពីរាជធានីភ្នំពេញទៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដើម្បីបបញ្ចៀសការកកស្ទះចរាចរណ៍។

សម្តេចតេជោ ហ៊ុន សែន ​នឹងបន្តខិតខំកសាង​សមិទ្ឋផលជាតិជាច្រើនថែមទៀត ​ដើម្បីប្រជាពលរដ្ឋបានប្រើប្រាស់​ និងសម្រួលក្នុងការធ្វើដំណើរ ​ប្រកបការងារអាជីវកម្ម​ផ្សេងៗ​ ក្នុងការលើកស្ទួយជីវិតរស់នៅ​ប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើង។

សម្ដេចតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ​បានអញ្ជើញកាត់ខ្សែបូរសម្ពោធ​ដាក់អោយប្រើប្រាស់ស្ពានអាកាស​​ ៥ មករា នៅថ្ងៃទី ៥ មករា​ ឆ្នាំ២០១៦តទៅ​ប្រកប​​ដោយបរិយាកាស​រីករាយក្រៃលែង៕"