​លោក យឹម សុវណ្ណ បញ្ជាក់ថា​គ្មាន​ប្រយោជន៍​ទេ​ចំពោះ​ការ​លាប​ពណ៌​មកលើ​គណបក្សជំទាស់​

​លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា​គ្មាន​ប្រយោជន៍​ដល់​សង្គមជាតិ និង​អ្នក​លាប​ពណ៌​នោះទេ ការដែល​ពួកគេ​ព្យាយាម​លាប​ពណ៌​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។ ការបញ្ជាក់​របស់លោក យឹម សុវណ្ណ យ៉ាង​ដូច្នេះ​គឺ​បាន​កើតឡើង​ក្រោយពី​មាន​ក្រុម​ខិលខូច​មួយចំនួន​ព្យាយាម​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​តាម​មធ្យោបាយ​មិនល្អ​ផ្សេងៗ​ច្រើន​រូបភាព​។​

​ចំពោះមុខ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ដើម​សប្តាហ៍​នេះ​បាន​ពន្យល់​ប្រាប់​ប្រព័ន្ធ​សារព័ត៌មាន​ថា​ជាគោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ជំរុញ ឬ​លើកទឹកចិត្ត​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វី​មិន​សមរម្យ ខុសសីលធម៌ និង​ច្បាប់​នោះទេ​។ លោក យឹម សុវណ្ណ បញ្ជាក់ថា​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងពេល​បច្ចុប្បន្ននេះ​មាន​កម្រិត​ការយល់ដឹង​ខ្ពស់​ដែល​មិនអាច​ឲ្យ​ជនខិលខូច​បោកប្រាស់ ឬ​និយាយ​អ្វី​បំផ្លើស​ខុសពី​តថភាព​ពិត​នៅក្នុង​សង្គម​កម្ពុជា​នោះទេ​។​

​លោក យឹម សុវណ្ណ បាន​សម្តែង​ជំនឿ​ចិត្ត​ថា ប្រជាពលរដ្ឋ​មានចំណេះដឹង ចេះ​ពិចារណា​គ្រប់គ្រាន់ ដូច្នេះ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ជ្រួតជ្រាប​ពី​បញ្ហា​ពិត​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ហើយ​ប្រជាពលរដ្ឋ​ក៏​នឹងមាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ត្រឹមត្រូវ មាន​សមត្ថភាព​ពិតប្រាកដ​ក្នុងការ​ដឹកនាំ​ប្រទេស​កម្ពុជា​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ជាង​២០​ឆ្នាំ​ហើយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បានដឹង​ច្បាស់​ពី​សកម្មភាព​នយោបាយរ​បស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះ​ជាតិ​មាតុភូមិ ដូច្នេះ​បើទោះជា​មាន​បុគ្គល​ណា ឬ​ក្រុម​ណា​ព្យាយាម​បង្ខូច​កេរ្តិ៍ឈ្មោះ ឬ​លាប​ពណ៌​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គ្មាន​តម្លៃ ឬ​មាន​ប្រយោជន៍​ឡើយ​។​

​គួរ​បញ្ជាក់ថា​កន្លងមក លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅកាន់​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិនត្រូវ​តបត ឬ​បញ្ចេញមតិ​ទៅលើ​ក្រុម​ដែលមាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​ង្គ្រោះ​ជាតិ​ដោយ​អសុរោះ ឬ​ពាក្យពេចន៍​ហិង្សា​នោះទេ​។ លោក កឹម សុខា បញ្ជាក់​ច្បាស់​ថា​គោលជំហរ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដោយ​អហិង្សា​តាមរយៈ​ការបោះឆ្នោត​ដើម្បី​ធ្វើការ​រៀបចំ និង​កែទម្រង់​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាពប្រសើរ​ឡើងលើ​គ្រប់​វិស័យ ដូច្នេះ​ខ្មែរ​គ្រប់រូប​ត្រូវ​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​៕

12316224_824017681049792_7590105617433038556_n