រំលឹក​ កាល​ Gbenga ​ចេញ​ពី​​ភ្នំពេញអឹមផាយអឺ​ ទៅ​​ក្លឹប​ថៃ​ តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​

រំលឹក​ កាល​ Gbenga ​ចេញ​ពី​​ភ្នំពេញអឹមផាយអឺ​ ទៅ​​ក្លឹប​ថៃ​ តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​

ខ្សែ​បម្រើ​ប្រយុទ្ធ​ Samuel Gbenga Ajayi​ ធ្លាប់​បាន​លេង​នៅ​កម្ពុជា​ម្តង​ហើយ​គឺ​នៅ​ក្លឹប​ភ្នំពេញ​អឹមផាយអឺ​ (​ភ្នំពេញ​ក្រោន)​ និង​បាន​ផ្លាស់​​ទៅ​លេង​ក្លិប​លីគ​កំពូល​ថៃ​ក្នុង​រដូវ​កាល​២០០៨​ដោយ​ទទួល​បាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​អាមេរិក។

 

តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​មាន​ឈ្មោះ​ល្បី​ណាស់​ក្នុង​ស្រទាប់​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​​ អំឡុង​ពេល​រូប​គេ​​នៅ​លេង​ឱ្យ​ក្លិប​ភ្នំពេញអឹមផាយអឺ​ក្នុង​រដូវ​កាល​២០០៧​និង​២០០៨ មុន​ពេល​ត្រូវ​ក្លឹប​ថៃ​ Bangkok Glass ​ទិញ​យក​ទៅ​លេង​នៅ​លីគ​កំពូល​ថៃ​ក្នុង​តម្លៃ​ឯតទគ្គកម្ម​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ពី​​កម្ពុជា ​គឺ​​​២​​សែន​ ៥​ម៉ឺន​បាត​ ឬ​ប្រហែល​៨​ពាន់​ដុល្លារ​អាមេរិក។ ក្លឹប​យក្ស​របស់​ប្រទេស​ថៃ​បាន​សម្លឹង​ឃើញ​រូប​គេ​ក្នុង​ឱកាស​ដែល​គេ​លេង​ពាន Singapore Cup ឱ្យ Phnom Penh Empire។

 

រំលឹក​ កាល​ Gbenga ​ចេញ​ពី​​ភ្នំពេញអឹមផាយអឺ​ ទៅ​​ក្លឹប​ថៃ​ តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ​ Samuel ពេល​លេង​ឲ្យ​បឹងកេត​ ប៉ះ​ជើង​ឯក​មីយ៉ាន់ម៉ា Yangon United

 

ការ​វិល​ត្រឡប់មក​​​លេង​នៅ​កម្ពុជា​​ជា​លើក​ទី​ពីរ​គឺ​ក្លឹប​បឹងកេត​អង្គរ​មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ពី​តម្លៃ​ខ្លួន​ឡើយ។ កីឡាករ​រូប​នេះ​បាន​​ជួយ​ក្លឹប​បឹងកេត​អង្គរ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​ Toyota Mekong Club Championship និង​ទទួល​បាន​ចំណាត់​ថ្នាក់​​ជើង​ឯក​រង​​ដែល​ធ្វើ​ឲ្យ​រូប​គេ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​អ្នក​គាំទ្រ​កម្ពុជា។

បច្ចុប្បន្ន​​ Gbenga ​កំពុង​ត្រូវ​បាន​ក្លឹប​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​ចាប់​អារម្មណ៍​ ហើយ​ក្លឹប​នៅ​កម្ពុជា​ក៏​ចាប់​អារម្មណ៍​ដែរ​ ជា​ពិសេស​ក្លឹប​បឹងកេត​អង្គរ។ កីឡាករ​រូប​នេះ​​បាន​លេង​ឱ្យ​ Bangkok Glass ​ពី​ឆ្នាំ​២០០៨​ដល់​២០១២​ដោយ​ពាក់​អាវ​លេខ​៩ បន្ទាប់​មក​ក៏​ផ្លាស់​ទៅ​លេង​ឱ្យ​ Chonburi ក្នុង​ឆ្នាំ​២០១៣។ ក្នុង​រដូវ​កាល​២០១៤​នេះ ​Gbenga ​កំពុង​លេង​ឱ្យ​ក្រុម​ Samut Songkhram និង​ពាក់​អាវ​លេខ​៩​​ដែរ មុន​ពេល​មក​លេង​ឲ្យ​បឹងកេត​អង្គរ​ឆ្នាំ​២០១៥​ដោយ​ពាក់​អាវ​លេខ​៩៩។

 

អត្ថបទ៖ ជាន ចាន់រ៉ា​