Ronaldinho អាច​នឹង​មក​លេង​ឲ្យ​ក្លិប​នៅ​អង់គ្លេស

Ronaldinho អាច​នឹង​មក​លេង​ឲ្យ​ក្លិប​នៅ​អង់គ្លេស

កីឡាករ​ជើង​ចាស់​ប្រេស៊ីល Ronaldinho អាច​នឹង​មក​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ Premier League ជា​លើកដំបូង ​បន្ទាប់​ពី​មាន​ក្លិប​​មួយ​ចំនួន​កំពុង​ទាក់​ទង។ នេះ​បើ​តាម​ប្រភព​ពី The Sun។

 

ខ្សែបម្រើ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​ធ្លាប់​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​នៅ​តាម​បណ្ដា​ប្រទេស​ធំៗ​ជា​ច្រើន​កន្លង​មក មាន​ដូចជា ប្រេស៊ីល បារាំង អេស្ប៉ាញ អ៊ីតាលី និង​ម៉ិកស៊ិក ហើយ​រំពឹង​ថា​នឹង​អាច​លេង​បាល់​យ៉ាង​តិច ៤ឆ្នាំ​ទៀត​មុន​នឹង​ព្យួរ​ស្បែក​ជើង​បញ្ចប់​អាជីព។

 

Ronaldinho អាច​នឹង​មក​លេង​ឲ្យ​ក្លិប​នៅ​អង់គ្លេស

 

Roberto ដែល​ជា​ប្អូន​ប្រុស​កីឡាករ​សំបូរ​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា៖ “បងប្រុស​របស់​ខ្ញុំ​គឺជា​មនុស្សស្រលាញ់ការ​ប្រកួត ។ គាត់​មាន​ចិត្ត​ចង់​ឈ្នះ និង​នៅ​ចង់​លេង​បាល់​តែ​មិន​មែន​ដើម្បី​ប្រាក់​នោះ​ទេ។ ចាប់​តាំង​ពី​ប្រកបអាជីព​បាល់ទាត់​មក បង​ប្រុស​ខ្ញុំ​មិន​ដែលមាន​របួស​រាំ​រ៉ៃ​ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​កាយសម្បទា​គាត់​មាំ​ទាំ”។

 

Ronaldinho បច្ចុប្បន្ន​កំពុង​ចុះ​កុងត្រា​លេង​រយៈពេល​ខ្លី​ជាមួយ Fluminense ក្នុង​ការ​ប្រកួត​កម្មវិធី​មិត្តភាព​មុនបើក​រដូវកាល​នៅ​អាមេរិក ហើយ​គេ​នឹង​ទំនេរ​ពី​ការ​លេង​បាល់ទាត់​នៅ​​ខែ​ក្រោយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​មិន​ទាន់​មាន​ប្រភព​បញ្ជាក់​ច្បាស់​ថា​ក្លិប​ណា​ខ្លះ​នៅ​អង់គ្លេស​ចង់​បាន​រូបគេ​នៅ​ឡើយ៕

 

អត្ថបទទាក់ទង៖ Ronaldinho ថា Neymar នឹង​ជោគជ័យ​ទៀត​បើ​ទៅ Premier League

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside