សកម្មជន​ដីធ្លី​ត្រូវ​ឃាត់​ខ្លួន​ិង​ដោះលែង​វិញ​នៅ​ខេត្ត​ព្រះវិហារ

ក្រុម​មន្ត្រី​បាន​និយាយ​ថា សកម្មជន​សិទ្ធិ​ដី​ធ្លី​ជនជាតិ​ភាគតិច​កួយម្នាក់​ត្រូវ​ប៉ូលិស​ខេត្ត​ព្រះវិហារ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចំនួន​បី ដែល​អ្នក​ភូមិ​អះអាង​ថា បាន​ទន្ទ្រាន​លើ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។

អ្នក​ភូមិ​ប្រហែល​១០០​នាក់ ដែល​និយាយ​ថា​ពួកគាត់​បាន​និង​កំពុង​រស់នៅ​លើ​ដី​មាន​ជម្លោះ​នេះ​តាំងពី​ឆ្នាំ​២០០៣​មក​នោះ បាន​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​រយៈ​ពេល​ប្រាំបី​ថ្ងៃ​ជាប់​គ្នា​ប្រឆាំង​ក្រុមហ៊ុន​ឡាន ហ្វេង និង ចម្ការ​អំពៅ រ៉យ ហ្វេង របស់​ចិន និង​ចម្ការ​កៅស៊ូ ភីអិនធី របស់​វៀតណាម។ អ្នក​ភូមិ​ចោទ​ក្រុមហ៊ុន​ទាំង​នេះ​ថា​បាន​ដណ្តើម​យក​និង​រាន​ដី​សហគមន៍​ជាង​៥.០០០​ហិកតា​ដោយ​ខុស​ច្បាប់។

និយាយ​ក្នុង​វីដេអូ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​ពន្លក​ខ្មែរ​ថា

ក្រោយពី​​ធ្វើ​ការ​តវ៉ា​នៅ​ខាង​ក្រៅ​សាលា​ខេត្ត​តាំងពី​ព្រឹក សកម្មជន វង្ស សុខខេងលី ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​នៅ​ជិត​ផ្សារ​មួយ​ក្បែរ​នោះ។

លោក សុខខេងលី និយាយ​ក្នុង​វីដេអូ​នោះ​ថា “ពួកគេ​ចាប់​រុញ​ខ្ញុំ​ចូល​ឡាន​ដូច​សត្វ មិន​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ឡើយ។ ពួកគេ​នាំ​ខ្ញុំ​ទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​រវៀង ហើយ​ពួកគេ​បាន​គំរាម​ខ្ញុំ​ដាក់​គុក​ព្រៃ​ស។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​ខ្លាច​ទេ ពីព្រោះ​ខ្ញុំ​គ្មាន​ធ្វើ​អី​ខុស​ទេ”។

លោក ស៊ី គិរី ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ បាន​បដិសេធ​ថា​ នគរបាលមិន​បាន​ឃាត់​ខ្លួន​លោក សុខខេងលី ទេ ផ្ទុយ​ទៅ​វិញ​លោក​បាន​និយាយ​ថា បាន​នាំ​ខ្លួន​គាត់​មក​សាកសួរ​ទាក់ទិន​នឹង​បណ្តឹង​មួយ​ដែល​ក្រុមហ៊ុន​បាន​ប្តឹង​មក​ប៉ូលិស ហើយចោទ​ប្រកាន់​គាត់​ថា​បាន​បិទ​ផ្លូវ។

លោក គិរី បាន​និយាយ​ថា “គាត់​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ យើង​គ្រាន់តែ​ហៅ​គាត់​មក​ដើម្បី​ផ្ទៀងផ្ទាត់​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន ហើយ​បន្ទាប់មក​យើង​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ”។

អ្នក​ស្រី នួន ម៉ុន តំណាង​អ្នក​ភូមិ​អាយុ​៦៥​ឆ្នាំ បាន​និយាយ​ថា តប​ត​ទៅ​នឹង​ការ​ឃាត់​ខ្លួន​លោក សុខខេងលី មួយ​រយៈ​ពេល​ខ្លី​នេះ សកម្មជន​ដទៃទៀត​​បាន​បិទ​ខ្លោង​ទ្វារ​ចូល​សាលា​ខេត្ត​ដោយ​រថយន្ត​ធំ​ជា​ច្រើន​គ្រឿង រហូត​គាត់​ត្រូវ​បាន​ដោះលែង​វិញ។

គូ ស៊ុំប៊ុនសឿន អភិបាល​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា បន្ទាប់ពី​លោក សុខខេងលី ត្រូវ​បាន​ឲ្យ​ទៅ​ផ្ទះ​វិញ លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះវិហារ បាន​ចរចា​រក​ដំណោះ​ស្រាយ​ជាមួយ​អ្នក​តវ៉ា ដោយ​បាន​សន្យា​ថា​នឹង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឈប់​ឈូស​ឆាយ​ដី​លើ​តំបន់​ដី​មាន​ជម្លោះ ខណៈ​ដែល​ក្រុម​ការងារ​ចុះ​ពិនិត្យ​ព្រំ​ដី​មាន​ជម្លោះ​នោះ។

អ្នក​ស្រី ម៉ុន បាន​និយាយ​ថា ក្រុម​នេះ​បាន​យល់​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​នឹង​ធ្វើ​ការ​តវ៉ា​ជាថ្មី ប្រសិនបើ​អាជ្ញាធរ​មិន​​ពិនិត្យ​ឡើង​វិញ​តាម​ការ​សន្យា​ទេ​នោះ៕និត

 

The post សកម្មជន​ដីធ្លី​ត្រូវ​ឃាត់​ខ្លួន​ិង​ដោះលែង​វិញ​នៅ​ខេត្ត​ព្រះវិហារ appeared first on ខេមបូឌា ដេលី.