អត្តពលិកមកពី ២៩ប្រទេស ចុះឈ្មោះ​រត់ចម្ងាយ ១២៨គីឡូម៉ែត្រលើកដំបូង នៅកម្ពុជា

ភ្នំពេញ៖ គិតត្រឹមពេលនេះមានអត្តពលិកជាតិ និងអន្ដរជាតិប្រមានជាង ៤០០នាក់ មកពី ២៩ប្រទេសលើ ពិភពលោកហើយ ដែលបាន ចុះឈ្មោះ ចូលរួមរត់ប្រណាំងចម្ងាយ ១២៨គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ Ultra Trail Angkor 2016 លើកដំបូង នៅខេត្តសៀមរាប នៃ ប្រទេសកម្ពុជា នាថ្ងៃទី២៣-២៤ ខែមករាខាងមុខ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ថ្មីមួយ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន សហការជាមួយអ្នកជំនាញ រៀបចំកម្មវិធីកីឡាទេសចរណ៍នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនីអាជីព មករត់ កម្សាន្ដ តាមភូមិ ឃុំ ស្រុក នៃទឹកដីអច្ឆរិយៈរបស់ប្រទេសកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។

អគ្គលេខាធិការ NOCC រូបនេះ បានបន្ដថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយជាប្រវត្តិសាស្ដ្រនេះ នឹងបែកចែកជា ៣តំណាក់ សម្រាប់ អត្តពលិក ធ្វើការប្រកួត ដោយតំណាក់កាលទី១ អ្នកចូលរួមត្រូវរត់ចម្ងាយ ៦៤គីឡូម៉ែត្រ រីឯដំណាក់កាលទី២ និងទី៣ ត្រូវរត់ចម្ងាយ ៣២គីឡូម៉ែត្រដូចគ្នា តែតម្រូវឲ្ យអត្ដពលិកគ្រប់រូប ត្រូវរត់រហូតចប់តំណាក់កាលនីមួយៗ ទោះបីថ្ងៃ ឬយប់ក៏ដោយ ។ ប៉ុន្ដែ ក្រោយ បញ្ចប់តំណាក់កាលនីមួយៗ អ្នកចូលរួមមានសិទ្ធិឈប់សម្រាក និង បរិភោគអាហារសម្រន់ ឬភេសជ្ជៈបាន ទៅតាមការកំណត់ របស់គណៈកម្មការ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ដែរថា កីឡាប្រភេទថ្មីនេះ គេបានរៀបចំនៅ ប្រទេសអភិវឌ្ឍន៍ជាយូរមកហើយ ខណៈប្រទេសខ្លះ មាន មនុស្ស រាប់ម៉ឺននាក់ឯណោះចូលរួម ប៉ុន្ដែការរៀបចំលើកដំបូង នៅលើទឹកដីកម្ពុជានេះ លោកមិនទាន់ដឹង លទ្ធផល យ៉ាងម៉េច នោះទេ ។ តែគិតមកទល់នឹងពេលនេះ មានអត្តពលិកជាតិ និងអន្ដរជាតិជាង ៤០០នាក់ មកពី ២៩ប្រទេសហើយ ដែលចុះឈ្មោះចូលរួម ដោយភាគច្រើនជាជនបរទេស ៕

អត្តពលិកមកពី ២៩ប្រទេស ចុះឈ្មោះ​រត់ចម្ងាយ ១២៨គីឡូម៉ែត្រលើកដំបូង នៅកម្ពុជា

អត្តពលិកមកពី ២៩ប្រទេស ចុះឈ្មោះ​រត់ចម្ងាយ ១២៨គីឡូម៉ែត្រលើកដំបូង នៅកម្ពុជា