សួរ​ខ្លួន​ឯង​១០​សំនួរ ​មុន​ពេល​បោះ​បង់​ការងារ​​​ ​ចាប់​ផ្ដើម​ជំនួញ​ផ្ទាល់​ខ្លួន


សួរ​ខ្លួន​ឯង​១០​សំនួរ ​មុន​ពេល​បោះ​បង់​ការងារ​​​ ​ចាប់​ផ្ដើម​ជំនួញ​ផ្ទាល់​ខ្លួន

​​ក្ដី​ស្រម៉ៃ​​ចង់​ក្លាយ​ជា​​ម្ចាស់​​ជំនួញ​មួយ ​គឺ​ជា​អ្វី​ៗ​​ដែល​​គ្រប់​គ្នា ឬ​អ្នក​ធ្វើការ​​​ក្នុង​អង្គភាព​ណា​មួយ​​ប្រាថ្នា​ចង់​បាន ​​​ប៉ុន្តែ​ការ​បោះ​បង់​ចោល​ការងារ​ប្រចាំ​ថ្ងៃ​ដើម្បី​ឈោង​ចាប់​របរ​ថ្មី​ភ្លាមៗ​នោះ​ ក៏​​អាច​ធ្វើ​ឲ្យ​អ្នក​​​មិន​សូវ​​​មានទំនុក​ចិត្ត​​ប៉ុន្មាន​ឡើយ។

 

សួរ​ខ្លួន​ឯង​១០​សំនួរ ​មុន​ពេល​បោះ​បង់​ការងារ​​​ ​ចាប់​ផ្ដើម​ជំនួញ​ផ្ទាល់​ខ្លួន

 

​ខាង​ក្រោម​នេះ​ជា​ដំបូន្មាន​ខ្លះ​​ៗ​របស់​អ្នក​ជំនាញ ​ជូន​ប្រិយមិត្ត​​​ពិចារណា​​មុន​ពេល​​ចោល​ការងារ​ចាប់​​ផ្ដើម​​ជំនួញ​ផ្ទាល់​ខ្លួន៖

 

១. តើ​ជំនួញ​​​ថ្មី​នោះ​ធ្វើ​ឲ្យ​អ្នក​​ពេញចិត្ត​ជាង​ការ​ងារ​ប្រចាំ​ថ្ងៃ​ដែរ​ទេ?

​មុន​ពេល​ឈាន​ជើង​ចេញ​ពី​ការងារ ​ត្រូវ​ប្រាកដ​ថា​ជំនួញ​ជា​អ្វី​​​​អ្នក​ចង់​បាន​ពិត​ប្រាកដ​​​ឬទេ មិន​មែន​ធ្វើ​ជំនួញ​សម្រាប់​តែ​គេច​​ពី​ការងារ​បច្ចុប្បន្ន​នោះ​ឡើយ។ សៀវភៅ​ជំនួញ​​​មួយ​​ឈ្មោះ​ថា How the Smartest Business Owner Build their Fortunes និយាយ​ថា ​មាន​មនុស្ស​ជា​​ច្រើន​​​ ​​ទទួល​បាន​ភាព​ស្ងាត់​ស្ងៀម​​ កម្រ​​បាន​និយាយ​ស្ដី​ពេល​កំពុង​ធ្វើការ​ឲ្យ​គេ ប៉ុន្តែ​មុន​ពេល​ចាក​ចេញ​ទៅ​ធ្វើ​ថៅកែ​​ខ្លួនឯង​​ ​ត្រូវ​​ជឿជាក់​ថា​អ្នក​នឹង​ទទួល​បាន​​បរិយាកាស​រីករាយ​​ក្នុង​ជំនួញ​នោះ។

 

២. ​​តើ​វា​ជា​ពេល​សក្ដិសម​សម្រាប់​បើក​ជំនួញ​ឬ​នៅ?

​ប្រសិន​​​ប្រពន្ធ​អ្នក​មាន​ផ្ទៃ​ពោះ ​ឬ​អ្នក​បាន​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​មើល​ថែ​មនុស្ស​ចាស់ ឬ​ឪពុកម្ដាយ ​វា​ប្រហែល​ជា​ពេល​មិន​ទាន់​ល្អ​​សម្រាប់​ចេញ​ពី​ការ​ងារ​ ​ទៅ​បើក​ជំនួញនៅ​​ឡើយទេ។

 

៣.​តើ​អ្នក​នឹង​ទូទាត់​​ចំណូល​ចំណាយ​​យ៉ាង​ដូច​ម្ដេច?

ត្រូវ​ប្រាកដ​ថា ​​អ្នក​នឹង​មាន​ប្រាក់​សម្រាប់​​ការ​ចំណាយ​​លើ​ជំនួញ និង​ប្រាក់​សម្រាប់​ខ្លួន​ទទួល​បាន ​ត្រូវ​បែង​ចែក​ឲ្យ​បាន​ច្បាស់​លាស់។

 

៤. ​តើ​អ្នក​​មាន​ការ​ជួយ​ជ្រោមជ្រែង​​ពី​ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ទេ?

​ការ​ជំរុញ​លើក​ទឹក​ចិត្ត ​និង​ការ​សរសើរ​​ពី​សមាជិក​គ្រួសារ និង​មិត្តភ័ក្ដិ​ជិត​ស្និត ​ជា​អ្វី​មិន​អាច​ខ្វះ​បាន​ ព្រោះ​វា​ជា​​​កម្លាំង​ចលករ​ជួយ​ឲ្យ​អ្នក​​ជម្នះ​រាល់​ភាព​នឿយហត់ ​និង​អារម្មណ៍​ធុញ​ថប់​នានា។

 

៥. ​តើ​​ជំនួញ​នោះ​អាច​​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​បាន​ប៉ុណ្ណា?

​​ការ​ក្រោក​ពី​គេង ​ចេញ​ទៅ​ធ្វើ​ការ​​​ជាច្រើន​ម៉ោង ​ស្វាគមន៍​​បុគ្គលិក​ខ្លួន​​ ជា​ការ​ល្អ​បំផុត​​។ ​ចាប់​ផ្ដើម​ជីវិត​ថ្មី​​ជាមួយ​ជំនួញ​នេះ​អ្នក​ត្រូវ​​រៀប​ចំ​ចាត់ចែង​ឲ្យ​បាន​ហ្មត់ចត់ ច្នៃ​ប្រឌិត ​បង្កើត​ថ្មី ​និង​សកម្ម​ជាង​មុន។

 

សួរ​ខ្លួន​ឯង​១០​សំនួរ ​មុន​ពេល​បោះ​បង់​ការងារ​​​ ​ចាប់​ផ្ដើម​ជំនួញ​ផ្ទាល់​ខ្លួន

 

៦. ​តើ​អ្នក​​​​មាន​វិន័យ​សម្រាប់​​ខ្លួនឯង​​ក្នុង​នាម​ជា​ថៅកែ​ទេ?

មនុស្ស​ភាគ​ច្រើន​​ គិត​ថា​​​ប្រសិន​បើ​ពួកគេ​បាន​ក្លាយ​ជា​ថៅកែ​ហើយ ​របរ​នោះ​នឹង​ធ្វើ​ឲ្យ​ជីវិត​ពួកគេ​​​ប្រសើរ​ជាង​មុន ដោយ​ទស្សនៈ​នេះ​ពេល​ខ្លះ​ត្រូវ តែ​​មិន​ទាំង​អស់​​ទេ​។ ជំនួញ​​ធំ​ៗ ​មិន​បាន​ធ្វើ​ឲ្យ​​ថៅកែ​អង្គុយ​ស្រួល​ខ្លួន​ឡើយ ​ត្រូវ​គិត​គ្រប់​ជំហាន ​​និង​គ្រប់​គ្រង​ឃ្លាំមើល​គ្រប់​នាទី ពិសេស​អតិថិជន​ខ្លួន។

 

៧. ​តើ​អ្នក​អាច​​តេស្ដ​សាកល្បង​​​នៃ​ជំនួញ​ថ្មី ដោយ​មិន​​បាច់​បោះ​បង់​ការងារ​ប្រចាំ​ថ្ងៃ​បាន​ដែរ​ទេ?​

អ្នក​​នឹង​មិន​អាច​​ចូលចិត្ត​​ជំនួញ​ថ្មី ​ប្រសិន​បើ​មិន​មាន​ការ​ប្ដេជ្ញា​ចិត្ត​​ទុក​មុន។ ​ឧទាហរណ៍ ​ប្រសិន​បើ​អ្នក​ចង់​បើក​ហាង​កាហ្វេ​ផ្ទាល់​ខ្លួន​មួយ ​​អ្នក​ត្រូវ​ដឹង​​ការងារ ឬ​ធ្លាប់​ធ្វើការ​ក្នុង​ហាង​កាហ្វេ​យ៉ាង​តិច កន្លះ​ឆ្នាំ​ឲ្យ​ដឹង​ពី​​ស្ថានភាព​របស់​វា។

 

៨. ​​តើ​អ្នក​មាន​ជំនាញ​​ផ្សេង​ទៀត​ទេ​ ​​ក្រៅ​ពី​​​ជំនាញ​នៅ​​កន្លែង​ការងារ​?

​ការ​មាន​ជំនាញ​បន្ថែម​លើ​ជំនាញ​ការ​ងារ​បច្ចុប្បន្ន ​​ជា​រឿង​សំខាន់​មួយ​ទៀត​ដែល​ជួយ​ជំរុញ​ជំនួញ​ដើរ​ទៅ​មុខ ជា​ពិសេស​បច្ចេកវិទ្យា​ថ្មីៗ​ចុង​ក្រោយ ​និង​​ការ​​ទាក់ទង​អតិថិជន​តាម​អ៊ីនធឺណិត ឬ​បណ្ដាញ​សង្គម​ផ្សេងៗ​។

 

៩. ​​តើ​​ជឿជាក់​ថា​​​​គំនិត​អាជីវកម្ម​​របស់​អ្នក​អាច​ទទួល​យក​បាន​ឬទេ?

អ្នក​ត្រូវ​ត្រៀម​ខ្លួន​​ថា​ផ្លូវ​​សម្រាប់​អាជីវកម្ម​ដើរ​ ​នឹង​រីក​ចម្រើន​។ ​ដកស្រង់​គំនិត​ល្អ​ៗ​ពី ​សហគ្រិន​ជោគជ័យ​ដែល​​ដើរ​ទៅ​មុន​​អ្នក​មួយ​ជំហាន យក​មក​សិក្សា​ស្វែង​យល់ ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​របស់​ខ្លួន។​

 

១០. ​តើ​អ្នក​មាន​​គម្រោង​អាជីវកម្ម​ ឬនៅ?

​​​​​​​​​ការ​សរសេរ​ គម្រោង​អាជីវកម្ម​ជា​រឿង​ដ៏​លំបាក​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ ថ្មីថ្មោង ​​​ប្រសិន​បើ​អ្នក​ជំនួញ​ធំ​ៗ​វិញ​ គម្រោង​អាជីវកម្ម​ត្រូវ​ធ្វើ​ឡើង​​​យ៉ាង​ហ្មត់ចត់​ ច្រើន​សន្លឹក​​ វិភាគ និង​វាយ​តម្លៃ​គ្រប់​​ជ្រុង​ជ្រោយ​​ មុន​នឹង​សម្រេច​ដាក់​ចេញ​ឲ្យ​អនុវត្ត​។ ​ប៉ុន្តែ​​សម្រាប់​អ្នក​​ដែល​មាន​បង្កើត​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ទ្រង់ទ្រាយ​តូច ​ឬ​លក្ខណៈ​គ្រួសារ​ ​មិន​ចាំ​ដល់​ថ្នាក់​លម្អិត​ពេក​នោះ​ទេ៕

 

សួរ​ខ្លួន​ឯង​១០​សំនួរ ​មុន​ពេល​បោះ​បង់​ការងារ​​​ ​ចាប់​ផ្ដើម​ជំនួញ​ផ្ទាល់​ខ្លួន

 

 

ចុចអាន៖ អ្នក​ប្រឹក្សា​ជំនួញ​ជនជាតិកាណាដា​​​​​​​​​​បង្ហាញ​​​​​​វិធី​បង្កើត​គំនិត​អាជីវកម្ម​ថ្មី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ entrepreneur