អ្នក​ភូមិ​នៅ​ស្ទឹងត្រែង​ចោទ​អាជ្ញាធរ​ថា​នៅ​ពី​ក្រោយ​ការ​កាប់​ឆ្ការ​ព្រៃ​សហគមន៍

ពលរដ្ឋ​រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អះអាង​ថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ កំពុង​រង​ការ​កាប់​ឆ្ការ​យ៉ាង​អនាធិបតេយ្យ​ដោយ​កម្មករ​របស់​ឈ្មួញ​ជា​ច្រើន​ក្រុម។ អ្នក​ភូមិ​ថា ក្រុម​កម្មករ​ទាំង​នោះ បាន​ស៊ី​ឈ្នួល​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​ជា​ច្រើន​ខែ​កន្លង​មក ដែល​មាន​អាជ្ញាធរ​ឃុំ និង​ស្រុក​នៅ​ពី​ក្រោយ​ខ្នង។ បញ្ហា​នេះ​អ្នក​ភូមិ​សង្ស័យ​ថា មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អាច​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​ឆ្ការ​ព្រៃ​សហគមន៍។

ពលរដ្ឋ​រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​កំពុង​រង​ការ​កាប់​បំផ្លាញ​ធ្ងន់ធ្ងរ បន្ទាប់​ពី​ឈ្មួញ​មាន​អំណាច​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រុក​កាប់​ឆ្ការ ដើម្បី​យក​ដី​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ឯកជន និង​ធ្វើ​អាជីវកម្ម។

អ្នក​ភូមិ​ចោទ​ប្រធាន​សហគមន៍​ដែរ​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ ថែម​ទាំង​បណ្ដោយ​ឲ្យ​ករណី​នេះ​កើត​ឡើង​ដដែល។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​កួយ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ សំដែង​ក្ដី​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ជំនាញ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​មួយ​ផ្នែក​ធំ​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​បុគ្គល​ឯកជន។ លើស​ពី​នេះ សកម្មភាព​កាប់​ឆ្ការ​ព្រៃ​សហគមន៍​ដើម្បី​យក​ដី​ធ្វើ​ឡើងជា​ប្រព័ន្ធ ដោយ​ពួកគាត់​ចោទ​ប្រកាន់​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់ លោក មឹង រដ្ឋា អាជ្ញាធរ​ឃុំ និង​ប្រធាន​សហគមន៍​លោក ញៀន ផន គឺ​ជា​​អ្នក​នៅ​ពី​ក្រោយ​ខ្នង៖ «ឥឡូវ​សត្វព្រៃ​រត់​អស់​ហើយ កាប់​ខ្ទេច​កាប់​ខ្ទី ព្រោះ​អី​ដើម​ឈើ​ទាល មុខ​មួយ​ឱបៗ ប្រហែលជា​ឃុបឃិត​គ្នា បើ​លក់​ដី​បាន​គេ​ទៅ​នៅ​ផឹក​ស៊ី»

​អ្នកភូមិ​កត់សម្គាល់​ថា កម្មករ​ប្រមាណ ៤ ទៅ ៦​ក្រុម ក្នុង ១​ក្រុម​មាន​គ្នា ៤ ទៅ ៦​នាក់ បាន​បោះតង់​ក្នុង​ព្រៃ​ដើម្បី​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​អនុ​ប្រធាន​សហគមន៍​ឈ្មោះ ភឿក ស៊ី ឈ្មោះ ភាព និង លួន ជា​ច្រើន​ខែ​កន្លង​មក។ លោក​ថា ក្រុម​កម្មករ​កាប់​ឆ្ការ​ព្រៃ​ដោយ​ប្រើ​រួម​មន្ត​ស្បែក​ខ្លា​មួយ​កន្លែង​ចាប់​ពី​ជាង ១០​ហិកតារ ដល់​ជាង ៤០​ហិកតារ ត្រង់​ចំណុច​អូរឆ្កូត ត្រពាំងស្នួល និង​ចំណុច​ភ្នំ​គោលរោល អស់​រាប់​រយ​ហិកតារ និង​បន្ត​កាប់​ឆ្ការ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ព្រៃ​សហគមន៍ ដែល​អ្នក​ភូមិ​ឮ​សំឡេង​ម៉ាស៊ីន​ត្រង់ស៊ីន័រ កំពុង​អារ​ស្ទើរ​រាល់​ថ្ងៃ។ មួយ​វិញ​ទៀត បន្ទាប់​ពី​កាប់​ឆ្ការព្រៃ​ក្លាយ​ជា​វាល ក្រុម​ឈ្មួញ​បាន​ជួល​កម្មករ​ដាំ​ដំឡូង​មី និង​ហ៊ុម​ព័ទ្ធ​របង ព្រមទាំង​ចរចា​ជាមួយ​អាជ្ញាធរ​ឃុំ​ដើម្បី​ធ្វើ​ប្លង់​កាន់កាប់​បណ្ដោះអាសន្ន៖ «ខ្ញុំ​ប្រជាពលរដ្ឋ​ខ្ញុំ​ទៅ​រាយការណ៍​ប្រាប់​មេឃុំ​ទៅ ដល់​ពេល​រាយការណ៍​ទៅ​គ្មាន​នរណា? មិន​ធ្វើ​ស្អី​ផង ហើយ​ទៅ​រាយការណ៍​ចំ​តែ​គ្នា​គេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មនុស្ស​ពាក់ព័ន្ធ​មួយ​ចំនួន ដូចជា សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថាឡាបរិវ៉ាត់ លោក មឹង រដ្ឋា អនុប្រធាន​សហគមន៍​លោក ភឿក ស៊ី លោក លួន និង​លោក ភាព ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​មករា។

ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វព្រៃ លោក ញៀន ផន ដែល​ត្រូវ​ជា​ប្អូន​បង្កើត​មេ​ឃុំ​សំអាង បដិសេធ​ថា ពុំ​មាន​ករណី​កាប់​ឆ្ការព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​នោះ​ឡើយ។ លោក​សំដែង​សុទិដ្ឋិនិយម​ថា បច្ចុប្បន្ន​ព្រៃ​សហគមន៍ ត្រូវ​បាន​ការពារ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មាន​សមាជិក​សហគមន៍​ដាក់​វេន​ចុះ​ល្បាត​ជាប្រចាំ៖ «ខ្ញុំ​ល្បាត​ព្រៃ​រាល់​ខែ​របស់​ខ្ញុំ​អស់​មាន​នរណា​លក់​អី​ណា? អ្នក​ណា​លួច​លក់​ព្រៃ​សហគមន៍​ អ្នក​នោះ​ប្រឈម​មុខ​ជាមួយ​តុលាការ»

​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់ (៤.៤៤៦,១៦) ហិកតារ ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៥។ ចំណែក​សហគមន៍​បាន​ស្នើសុំ​បន្ត​ទៀត​ទៅ​ថ្នាក់​ជាតិ ដើម្បី​ចុះ​បញ្ជី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជា​ដី​ព្រៃ​សមូហភាព​នៅ​ដើម​ឆ្នាំ​២០១៥ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

មេ​ឃុំ​សំអាង លោក ញៀន ផុន និយាយ​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​អំពី​ការ​កាប់​ឆ្ការព្រៃ​សហគមន៍​នោះ​ឡើយ។ ក៏ប៉ុន្តែ​លោក​ថា សកម្មភាព​កាប់ឆ្ការ​ព្រៃ​សហគមន៍ និង​ព្រៃឈើ​ជា​អំពើ​ល្មើស​ច្បាប់៖ «លក់​ដី​ព្រៃ​ជា​បញ្ហា​មួយ​ធំ​ហើយ ខុស​ច្បាប់​ហើយ»

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ។ លោក​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់​បើ​រក​ឃើញ​ថា នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នោះ។ លោក​កត់សម្គាល់​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ឆ្ការ​ព្រៃឈើ​ដើម្បី​យក​ដី​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​គ្រប់​ស្រុក​ទាំង​៥ នៃ​ខែត្រ​ស្ទឹងត្រែង ហើយ​អាច​មាន​មន្ត្រី​ធំៗ​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​ទាំង​នោះ៖ «អាជ្ញាធរ​ដូចជា​មិន​មាន​ឆន្ទៈ មិន​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ព្រៃឈើ​ហ្នឹង​ទេ ហើយ​ណា​មួយ យើង​មិន​ពិបាក​រក​ទេ គឺ​មាន​ឈ្មោះ​មាន​អី​អស់​ហើយ លក់​ឲ្យ​អ្នក​ណា​ក៏​ដឹង ចំណុច​ណា​ក៏​ដឹង»

​កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៥ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឲ្យ​អភិបាល​ខេត្ត​ស្ទឹងត្រែង ដែល​ទើប​តែងតាំង​ថ្មី​លោក មុំ សារឿន ឲ្យ​ពង្រឹង​យន្តការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​ដេញដោល​គ្នា​ចំពោះ​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។