ការ​រួម​បញ្ចូល​គ្នា​ក្នុង​ទីផ្សារ​វាយនភ័ណ្ឌ និង​កាត់ដេរ​នៅ​វៀតណាម​កើនឡើង

ប្រទេស​វៀតណាម ៖ អ្នកជំនាញ​បាន​លើក​ឡើង​ថា ៖ « ការ​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​សហគ្រាស​នៅ​ក្នុង​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​កាត់ដេរ​ក្នុង​ប្រទេស​វៀតណាម​បាន​កើនឡើង ដើម្បី​នឹង​ទទួលយក​គុណប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជា​ពិសេស កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) » ។

យោង​តាម​សមាគម​កាត់ដេរ វាយនភ័ណ្ឌ ដេរ​ប៉ាក់​ក្រុង​ហូ​ជិ​មី​ញ ឲ្យ​ដឹង​ថា មាន​រលក​នៃ​ការ​រួម​បញ្ចូល​គ្នា​ក្នុង​វិស័យ​វាយនភ័ណ្ឌ និង​កាត់ដេរ ស្រប​ពេល​ដែល​បណ្តា​សហគ្រាស​ក្នុងស្រុក​រក​ឃើញ​ថា ពួក​គេ​មិន​អាច​បំពេញ​នូវ​សំណើ​បញ្ជា​ទិញ ដោយសារ​តែ​ការ​ដាក់​កម្រិត​របស់​ពួក​គេ​ក្នុង​ផ្នែក​មូលធន ។

អនុប្រធាន​សមាគម​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ​វៀតណាម (Vitas) លោក Pham Xuan Hong ថ្លែង​ថា ៖ « សហគ្រាស​ខ្នាត​ធំ និង​មធ្យម​បាន​រក្សា​ស្ថិរភាព​ផលិតកម្ម និង​ការ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ ប៉ុន្តែ​ក្រុមហ៊ុន​ខ្នាត​តូច​ជា​ច្រើន​បាន​ប្រឈម​នឹង​ផល​លំបាក​មួយ​ចំនួន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ពួក​គេ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ថ្មី​ៗ​នេះ​មាន​បណ្តា​ក្រុមហ៊ុនកាត់ដេរ​និង​វាយនភ័ណ្ឌ​តូច​ៗ​បាន​លក់​ចេញ​នូវ​រោង​ជាង និង​គ្រឿងចក្រ​របស់​ពួក​គេ ហើយ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​វិស័យ​ដទៃ​ទៀត » ។

លោក​បន្ថែម​ថា ៖ « ក្រៅពី​នេះ សហគ្រាស​ក្នុងស្រុក​មួយ​ចំនួន​បាន​លក់​ផ្នែក​ផ្សេង​ៗ​នៃ​រោងចក្រ​របស់​ពួក​គេ​ឲ្យ​វិនិយោគិន​បរទេស រួម​មាន វិនិយោគិន​ចិន ដែល​ជា​អ្នក​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​កែ​ច្នៃ និង​ផលិតកម្ម​ទំនិញ​សម្រាប់​ផលិតផល​នាំ​ចេញ​ក្នុង​ប្រទេស​វៀតណាម ដើម្បី​ទទួលយក​គុណប្រយោជន៍​នៃ​កិច្ចព្រមព្រៀង TPP » ។

ចំណែក​លោក Nguyen Van Hoan អតីត​ប្រធាន​ឧស្សាហកម្ម វាយនភ័ណ្ឌ កាត់ដេរ​ក្រុង​ហាណូយ បាន​ថ្លែង​ថា ៖ « វិនិយោគិន​បរទេស​មានការ​លំបាក​ក្នុង​ការ​ពង្រីក​ផលិតកម្ម​របស់​ពួក​គេ​នៅ​ប្រទេស​វៀតណាម ពីព្រោះ​តែ​បណ្តា​ខេត្ត និង​ក្រុង​មួយ​ចំនួន​បាន​ដាក់​កម្រិត​ការ​វិនិយោគ​ពី​បរទេស​ក្នុង​វិស័យ​កាត់ដេរ និង​វាយនភ័ណ្ឌ​ដោយសារ​តែ​ក្តី​បារម្ភ​អំពី​ការ​បំពុលបរិស្ថាន​។ កត្តា​នេះ​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ទិញ​ក្រុមហ៊ុនកាត់ដេរ និង​វាយនភ័ណ្ឌ​ក្នុងស្រុក ដែល​មាន​សង្វា​ក់​ផលិតកម្ម និង​និ​យោ​ជិ​ករួច​ជា​ស្រេច » ។

ម្យ៉ាងទៀត ក្រសួងផែនការ និង​វិនិយោគ បង្ហាញ​ថា ការ​គ្រប់គ្រង​ការិយាល័យ​ដោយ​យកចិត្តទុកដាក់ បាន​ដាក់​ទម្ងន់​លើ​សំណើ​ទាំងឡាយ​មុន​នឹង​ការ​ចេញ​អាជ្ញាប័ណ្ណ​វិនិយោគ​សម្រាប់​គម្រោង​វាយនភ័ណ្ឌ និង​កាត់ដេរ ចាប់តាំងពី​ផ្នែក​វាយនភ័ណ្ឌ ផលិតកម្ម​អំបោះ និង​គម្រោង​ថ្នាំ​ជ្រលក់​ពណ៌ ដែល​តែងតែ​បង្ក​បញ្ហា​ដល់​បរិស្ថាន​។ នេះ​បើ​តាម​របាយការណ៍​របស់ Vnexpress.net. ហេតុ​ដូច្នេះ​ហើយ​ទើប​វិនិយោគិន​មួយ​ចំនួន​បាន​ទិញ​រោងចក្រ​ជា​ច្រើន​ពី​ដៃគូ​ក្នុងស្រុក ។

នៅ​ក្នុង​ឆ្នាំ​២០១៥ ប្រទេស​វៀតណាម​បាន​ចេញ​អាជ្ញាប័ណ្ណ​វិនិយោគ​សម្រាប់​គម្រោង​វាយនភ័ណ្ឌ និង​កាត់ដេរ​ចំនួន​៣០ ខណៈ​ការ​វិនិយោគ​បរទេស​ក្នុង​ផ្នែក​ឧស្សាហកម្ម ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​កើនឡើង​ក្នុង​ថ្ងៃ​អនាគត​ខាង​មុខ​នេះ​។ ចំណែក​នៅ​ឆ្នាំ​២០១៦ មួយ​ផ្នែក​នៃ​ទឹកប្រាក់​៣០០​លាន​ដុល្លារ​ដែល​ផ្តល់​ឲ្យ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា នឹង​រាប់​បញ្ចូល​ការ​វិនិយោគ​ក្នុង​គម្រោង​នៃ​ការ​ផលិត​វត្ថុធាតុដើម​វាយនភ័ណ្ឌ និង​កាត់ដេរ​ក្នុង​ប្រទេស​វៀតណាម ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ (​វៀតណាម​-​ឥណ្ឌា​) ៕