តំបន់​សម្បូរ​ក​សិ​ទេសចរណ៍ នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី

ខេត្តបន្ទាយមានជ័យ ៖ ក្រសួងទេសចរណ៍​នឹង​ជំរុញ​ឱ្យ​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​កសិឧស្សាហកម្ម​ក្នុង​ខេត្តបន្ទាយមានជ័យ ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​ក​សិ​ទេសចរណ៍​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២ មក​រា នៅ​សាលា​ខេត្តបន្ទាយមានជ័យ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ៖ «កន្លង​មក កម្ពុជា​បាន​រៀបចំ​បុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ ក្នុង​ការ​បង្កើន​ទាក់ទាញ​ទេសចរ​នៅ​តាម​ខេត្ត​ដែល​មាន​ឆ្នេរសមុទ្រ និង​ទន្លេ ដែល​ព្រឹត្តិការណ៍​ទាំង​អស់នោះ​បាន​ស្រូប​យក​ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ ។ ទន្ទឹម​នឹង​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ទាំងនោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​រៀបចំ​ឱ្យ​មាន​ពិធីបុណ្យ​ស្រូវ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៣ ទី​៤ និង​ទី​៥ មក​រា ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​វិនិយោគ​ពាណិជ្ជកម្ម​កូ​ត្រា​កូរ៉េ ក្នុង​គោលបំណង​បង្កើន​ការ​ទាក់ទាញ​ពី​សក្តានុពល​កសិឧស្សាហកម្ម​ឱ្យ​ប្រែ​ក្លាយទៅជា​តំបន់​ក​សិ​ទេសចរណ៍​មួយ​ដែល​មានការ​ទាក់ទាញ​ទេសចរ​» ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ៖ «ផលិតផល​ក​សិ​ទេសចរណ៍​បែប​នេះ នឹង​ជំរុញ​ទេសចរ​អន្តរជាតិ​ចូល​ដល់​មូលដ្ឋាន និង​ទស្សនា ស្នាក់​នៅ និង​ស្វែង​យល់​ដោយ​ផ្ទាល់​ពី​អ្វី​ដែល​ជា​កសិឧស្សាហកម្ម​របស់​ខ្មែរ ជា​ពិសេស​បានឃើញ និង​ធ្វើ​សកម្មភាព​ជាក់ស្តែង​ទៅ​លើ​ការ​ដាំ​ដុះ​ស្រូវ​ជា​ប្រពៃណី ធ្វើ​ឱ្យ​ភ្ញៀវ​អាច​ស្នាក់​នៅ​តាម​ផ្ទះ​ជនបទ​ជាមួយ​ប្រជា​កសិករ ហើយ​ផលប្រយោជន៍​បាន​ទៅ​លើ​ដៃ​កសិករ​ផ្ទាល់​តាម​រយៈ​ការ​ផ្តល់​សេវា​ស្នាក់​នៅ ហូប​ចុក និង​ទិញ​ផលិតផល​ពី​កសិករ» ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ «ខេត្តបន្ទាយមានជ័យ​សម្បូរ​ទៅ​ដោយ​សក្តានុពល​ស្រូវ​ច្រើន​ជាង​ខេត្ត​នានា ដែល​អាច​ប្រែក្លាយ​វាលស្រែ​ទាំងឡាយ​ឱ្យទៅ​ជាក​សិ​ទេសចរណ៍​បាន​មួយ​កម្រិត​ថែម​ទៀត បន្ទាប់​ពី​ខេត្ត​នេះ​មាន​សក្តានុពល​ទេសចរណ៍វប្បធម៌ និង​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន» ។

លោក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឱ្យ​ទាំង​រដ្ឋ ទាំង​ឯកជន រួម​សហការ​គ្នា​ឱ្យ​ផលិតផល​ក​សិ​ទេសចរណ៍​នៃ​ខេត្ត​នេះ​ចេញ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ឡើង ។ ជា​ពិសេស ពង្រឹង​សេវា​ឱ្យ​មានគុណ​ភាព ម្ហូបអាហារ​មាន​អនាម័យ ភូមិឋាន​ឱ្យ​បាន​ស្អាត និង​បដិសណ្ឋាកិច្ច ញញឹម​រាក់ទាក់​ភ្ញៀវ​ឱ្យ​ពួក​គេ​ពេញចិត្ត និង​អាច​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​ស្នាក់​នៅ​បាន​យូរ​ថែម​ទៀត​ផង ។

ចំណែក​លោក គោ​ស៊ុំ សា​រឿ​ត អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា ៖ «ខេត្តបន្ទាយមានជ័យ​នេះ​មាន​សក្តានុពល​ទេសចរណ៍​ច្រើន តែ​ភ្ញៀវ​ទេសចរ​នៅ​តែ​តិច​ជាង​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង បើ​ទោះបីជា​ខេត្ត​នេះ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ក៏​ពិតមែន ប៉ុន្តែ​ខេត្ត​មួយ​នេះ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ទេសចរ​អន្តរជាតិ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ ដោយសារ​ខេត្ត​មួយ​នេះ​មិន​ទាន់​បាន​ប្រើប្រាស់​អស់​សក្តានុពល​ទេសចរណ៍​នៅឡើយ» ។

លោក​បញ្ជាក់​ថា ៖ «ដោយ​មាន​សក្តានុពល ប្រាសាទ និង​វត្ថុ​បុរាណ​ច្រើន​ដូច​ជា ប្រាសាទបន្ទាយឆ្មា មាន​អាង​ទឹក​ត្រពាំង​ថ្ម​ដែល​សម្បូរ​សត្វ​ដោយ​កម្រ និង​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ចំនួន​ទៀត ជា​ពិសេស ខេត្ត​នេះ​ជា​ជ​ម្រុ​កស្រូវ​ដែល​មាន​វាលស្រែ​ធំ​ល្វឹងល្វើយ ដែល​ជា​ផ្នែក​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​អាច​លើក​ស្ទួយ​វិស័យ​ទេស​ចរណ៍​​បាន​មួយ​ផ្នែក​ទៀត​តាមរ​យៈក​សិ​ទេសចរណ៍​ផ្សារ​ភ្ជាប់​ស្រូវ​ជា​ជីវិត និង​វប្បធម៌» ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​១២​ខែ​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​ដែល​ឆ្លង​ដែន​ចូល​កម្ពុជា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​ចំនួន​៣៩១.៧៤៩​នាក់ ថយ​ចុះ​ជាង​ឆ្នាំ​២០១៤ ប្រមាណ​ជា​១៣,៨១% បើ​ប្រៀបធៀប​នឹង​រយៈពេល​១២​ខែ​ឆ្នាំ​២០១៤ មាន​ចំនួន​៤៥៤.៥៤០​នាក់ និង​មាន​១១២​សញ្ជាតិ ៕