តំណាងរាស្ត្រ​វ័យក្មេង ស សុខា លើកឡើង​ពីមុខ​ជំនាញ​ទាំង​៩​មុខ ដែល​ប្រជាពលរដ្ឋ អាចធ្វើ​ការ​ដោយ​សេរី ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

ភ្នំពេញ: ​តំណាងរាស្ត្រ​វ័យក្មេង ស សុខា លើកឡើង​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ជូន​ចំពោះ​សិស្ស និស្សិត​នៅ​កម្ពុជា​ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បាន​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​។ តំណាងរាស្ត្រ​វ័យក្មេង ស សុខា បានលើកឡើង​ទៀតថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជា​ធរមាន មានន័យថា លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី ក៏​នឹង​ចាប់ដំណើរការ​ដែរ​។ និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺថា ប្រជាជន​ក្នុង​តំបន់​អាស៊ាន អាចធ្វើ​ការ​ដោយ​សេរី​បាន​ក្នុងប្រទេស​អាស៊ាន​ទាំង​១០​។​

​លោក ស សុខា បានលើកឡើង​ទៀតថា មេដឹកនាំ​អាស៊ាន​ទាំង​១០ បាន​ចុះ​កិច្ចព្រមព្រៀង​ទទួលស្គាល់​ទៅវិញទៅមក​នូវ​ជំនាញ​ចំនួន​៩​មុខ ដែល​ប្រជាជន​អាស៊ាន​អាច​ចល័ត​ធ្វើការ​ក្នុងប្រទេស​ណាមួយ​ក៏បាន​។ ជំនាញ​ទាំង​៩​នោះ​រួមមាន ៖
-​ជំនាញ​ព័ត៌មានវិទ្យា​
-​ជំនាញ​វិស្វកម្ម​
-​ជំនាញ​ស្ថាបត្យកម្ម​
-​សេវា​គិលានុបដ្ឋាក​
-​ផ្នែក​វេជ្ជសាស្ត្រ​
-​ផ្នែក​ទន្តសាស្ត្រ​
-​ជំនាញ​វាយតម្លៃ​អចលនទ្រព្យ​និង​ពិនិត្យ​វាស់វែង​ដីធ្លី​
-​ជំនាញ​គណនេយ្យ​
-​ជំនាញ​ទេសចរណ៍​​។​

​លោក​តំណាងរាស្ត្រ បាន​បញ្ជាក់ថា ទាំងនេះ​គ្រាន់​ជា​ដំណឹង​មួយ ដែល​អាច​ចូលរួមចំណែក ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា​របស់​ប្អូនៗ ដែល​ត្រូវ​ត្រៀមខ្លួន​ចូល​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅពេល​ខាងមុខ​។ ដើម្បី​ឲ្យ​កាន់​តែមាន​ទម្ងន់​ប្រកួតប្រជែង​ឱកាស​ការងារ​ជាមួយ​យុវជន​អាស៊ាន​ដទៃទៀត ក្រៅពី​យើង​មាន​ជំនាញ​រឹង​ខាងលើ​ណាមួយ​នោះ ប្អូនៗ​គួរ​សង្វាត​ឲ្យ​ខ្លាំង​ភាសាបរទេស​ណាមួយ ពិសេស ភាសា​អង់គ្លេស ដែលជា​ភាសា​សាកល និង​គប្បី​ភ្ជាប់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិជ្ជា​(ICT)​។ ជារួម ប្អូនៗ​គប្បី​មាន​ស្លាប​បី​ដើម្បី​ហោះហើរ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺ ជំនាញ​រឹង (​ណាមួយ​ខាងលើ​) ចំណេះដឹង​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​វ​ជ្ជា (ICT) និង ភាសាបរទេស​៕​

តំណាងរាស្ត្រ​វ័យក្មេង ស សុខា លើកឡើង​ពីមុខ​ជំនាញ​ទាំង​៩​មុខ ដែល​ប្រជាពលរដ្ឋ អាចធ្វើ​ការ​ដោយ​សេរី ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន