MTI ថា សេដ្ឋកិច្ច​សិង្ហ​បុរី​កើនឡើង​2,1% ក្នុង​ឆ្នាំ​2015

ប្រទេស​សិង្ហ​បុរី ៖ សេដ្ឋកិច្ច​សិង្ហ​បុរី​បាន​កើនឡើង​២,១% ក្នុងអំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០១៥ ដែល​ស្ថិត​ក្នុង​កម្រិត​កំពូល​នៃ​ការ​ព្យាករ​ឯកជន ប៉ុន្តែ​វា​បែរជា​មាន​កំណើន​ដ៏​ខ្សោយ​បំផុត​ទៅ​វិញ គិត​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ស្រប​ពេល​ដែល​ភាព​កក់ក្តៅ​នៃ​តម្រូវការ​ពិភពលោក​នៅ​តែ​បន្ត​ដាក់​ទម្ងន់​លើ​វិស័យ​ដែល​ស្ថិត​ក្នុង​ចំណុះ​ការ​នាំ​ចេញ​ដដែល ។

ទិន្នន័យ​នេះ គឺ​ផ្អែក​តាម​ការ​ព្យាករ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ (៤ មក​រា​) ដោយ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម (MTI) ហើយ​ក្នុង​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សេដ្ឋកិច្ច​សិង្ហ​បុរី​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ពង្រីក​បាន​២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ក្រសួង​ពុំ​បាន​កែប្រែ​ថ្មី​នូវ​ការ​ព្យាករ​ទុក​របស់​ខ្លួន​សម្រាប់​កំណើន​ឆ្នាំ​២០១៦​ឡើយ ពោល​គឺជា​ការ​វាយតម្លៃ​ទុក​កាលពី​ពេល​មុន​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​កើនឡើង​ក្នុង​ចន្លោះ​១% ទៅ​៣% ក្នុង​ឆ្នាំ​២០១៦ ។

ទោះជា​យ៉ាងណា តួលេខ​នៅ​ឆ្នាំ​២០១៥ គឺ​ស្ថិត​ក្នុង​ខ្សែបន្ទាត់​នៃ​ការ​រំពឹង​ទុក​ផ្លូវការ ដែល​សេដ្ឋវិទូ​ឯកជន​បាន​ធ្វើការ​ស្ទាបស្ទង់ ជា​ពិសេស​សារព័ត៌មាន Reuters ជា​អ្នក​ព្យាករ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ត្រីមាស​ទី​៤ មាន​សន្ទុះ​យឺត​ក្នុង​កម្រិត​១,៣% ពី​កំណើន​១,៨% ក្នុង​ត្រីមាស​ទី​៣ ។

យោង​តាម​ទិន្នន័យ​ប្រចាំត្រីមាស​ថ្មី​មួយ ដែល​ស្ទង់​មតិ​ដោយ​អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី (MAS) កាលពី​ខែ​មុន​បង្ហាញ​ថា ចំពោះ GDP រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៥ អ្នក​សេដ្ឋកិច្ច​បាន​ទម្លាក់​ការ​ព្យាករ​ទុក​របស់​ពួក​គេ​មក​ត្រឹម​១,៩% ពី​អត្រា​មុន​២,២% ។ ចំណែក​ការ​ព្យាករ​ទុក​ផ្លូវការ​របស់​រដ្ឋាភិបាល គឺ​មាន​កំណើន​ក្បែរ​២% ខណៈ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៤ កើន​២,៩%​។

វិស័យ​ផលិតកម្ម​ឧស្សាហកម្ម​បាន​រួញ​ខ្លី​៤,៨% ក្នុងអំឡុងពេល​ពេញ​មួយ​ឆ្នាំ​នេះ ដែល​បាន​អូស​ទាញ​ទម្លាក់​តាម​រយៈ​ការ​រួម​តូច​នៃ​ទិន្នផល​គ្រឿង​អេ​ឡិច​ត្រូ​និក វិស្វកម្ម​ដឹក​ជញ្ជូន និង​ទិន្នផល​វិស្វកម្ម​ជាក់លាក់ ។ នេះ​គឺ​កើតឡើង​មក​ពី​ទិន្នផល​ផលិតកម្ម​ឧស្សាហកម្ម​រំកិល​ចុះ​៦%​ក្នុង​ត្រីមាស​ទី​៤ ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ ដែល​កើនឡើង​ពី​ការ​ធ្លាក់​ចុះ​៥,៩% កាលពី​រយៈពេល​៣​ខែ​មុន ។

សេដ្ឋកិច្ចជាតិ​ត្រូវ​បាន​ជំរុញ​ដ៏​ធំធេង​ដោយ​វិស័យ​សេវាកម្ម​ដែល​បង្កើត​បាន​២​ភាគ​៣​នៃ GDP និង​ពង្រីក​បាន​៣,៦% សម្រាប់​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ​២០១៥ ។ វិស័យ​នេះ​បាន​កើនឡើង​៣,២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​ទី​៤ ធៀប​នឹង​អត្រា​៣,៤% ក្នុង​ត្រីមាស​ទី​៣ ។

នៅ​គ្រានោះ​ដែរ វិស័យ​សំណង់​បាន​កើនឡើង​១,១% ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៥​តាម​ពីក្រោយ​កំណើន​២,២% នៅ​ក្នុង​ត្រីមាស​ទី​៤ ៕