នាយក​រដ្ឋមន្ត្រី​ថៃ​សន្យា​បង្កើន​ការ​គាំទ្រ​ដល់​ឧស្សាហកម្ម​កៅស៊ូ​ថៃ

ប្រទេស​ថៃ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ប្រចាំ​ស​ប្តា​ហ៍​ថា ៖ « ក្រុមហ៊ុន​ផលិត​សម្បក​កង់​ចិន​ពីរ​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​គម្រោង​កែ​ច្នៃ​សមាសធាតុ​ផ្សំ​កៅស៊ូ​នៅ​ប្រទេស​ថៃ » ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ « ក្រុមហ៊ុន​ទាំងនេះ​ត្រូវ​បាន​ជំរុញ​តាម​រយៈ​សក្តានុពល​ក្នុង​ផ្នែក​វត្ថុធាតុដើម និង​ដឹក​ជញ្ជូន​របស់​ថៃ ក៏​ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​រូបរាង​នូវ​គោលការណ៍ Rubber City » ។

កាលពី​ថ្ងៃ​ចន្ទ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ Rubber City ក្នុង​ខេត្ត Songkhla ។ នៅ​ក្នុង​កម្មវិធី​ទស្សនកិច្ច​នេះ លោក​ថ្លែង​ថា ៖ «គោល​ការណ៍​ខាងលើ​នេះ ត្រូវ​បាន​ចាប់​ដំណើរការ​នៅ​ពេល​ណាមួយ ប៉ុន្តែ​វា​នៅ​តែ​ស្ថិត​ក្នុង​គម្លាត​ឆ្ងាយ​ពី​ភាព​ជោគជ័យ​ដដែល ។ ភាព​ជោគជ័យ​ត្រូវការ​ការ​វិនិយោគ​ឲ្យ​កាន់តែ​ច្រើន និង​ជាប់​ទាក់ទង​ជាមួយនឹង​វិស័យសេដ្ឋកិច្ច​ដទៃ​ទៀត » ។

ទោះជា​យ៉ាងណា លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា ៖ « ប្រទេស​ថៃ​មាន​ក្តី​រំពឹង​យ៉ាង​ហោច​ក៏​មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន​៧០​ដែរ ជាមួយនឹង​ការ​វិនិយោគ​គួប​ផ្សំ​យ៉ាងតិច​ក៏​៨​ប៊ី​លាន​បាត​ដែរ​នៅ​ឆ្នាំ​២០២១ ខាង​មុខ ។ តួលេខ​នេះ​នឹង​ជំរុញ​នូវ​តម្រូវការ​ប្រចាំឆ្នាំ​កើន​ដល់​២០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ » ។

លោក​សន្យា​ថា ៖ « នឹង​ជួយ​គាំទ្រ​ដល់​ឧស្សាហកម្ម​កៅស៊ូ​តាម​រយៈ​គម្រោង​ផ្សេង​ៗ​ដើម្បី​ផ្សព្វផ្សាយ​នូវ​ការ​ដឹក​ជញ្ជូន ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ក៏​ដូច​ជា​ការ​កែ​ច្នៃ​លក្ខណៈ​ឧស្សាហកម្ម » ៕