ចាន់ វឌ្ឍនាកា នឹង​មិន​បោះ​បង់​ក្រុម​ជម្រើស​ជាតិ ទោះ​ខ្លួន​ប្តូរ​ទៅ​លេងនៅ​ក្រៅ​ប្រទេស

ខ្សែ​ប្រយុទ្ធ​ដ៏​មាន​ទេព​កោសល្យ និង​មាន​ប្រជា​ប្រិយ ចាន់ វឌ្ឍនាកា របស់​ក្លិប​បឹង​កេត​អង្គរ បាន​​ប្រកាស​នៅ​ចំពោះ​មុខ​ទស្សនិក​ជន​ថា រូប​គេ​នឹងមិន​​បោះ​បង់​ចោល​ក្រុមជម្រើស​ជាតិ​កម្ពុជា នោះ​ឡើយ បើ​ទោះ​បី​ជា​រូប​គេ​ត្រូវ​ផ្លាស់​ប្តូរ​​ទៅ​លេង​​នៅ​ក្រៅ​​ប្រទេស នា​ពេល​ខាង​មុខ​ក៏​ដោយ។

vattanaka-001

ការ​បង្ហាញ​នូវ​ផ្នត់​គំនិត​បែប​ជាតិ​និយម​របស់​កីឡាករ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្ម​វិធី​«ស៊ីអារម្មណ៍»របស់​ស្ថានីយ៍​ទូរទស្សន៍ PNN កាល​ពី​យប់​ថ្ងៃ​ចន្ទ ម្សិល​មិញ ខណៈ​ពិធីករ ប៉ែន ចំរ៉ុង បាន​សួរពី​គម្រោងទៅ​អនាគត នៅ​លើ​វិថី​អាជីព​ជា​​កីឡាករ​បាល់​ទាត់​របស់ វឌ្ឍនាកា នោះ។
ចាន់ វឌ្ឍនាកា ដែល​មាន​ចំណង់​ចំណូល​ចិត្ត​​លេង​បាល់​ទាត់​តាំង​ពី​អាយុ​៣​ឆ្នាំ​នោះ បាន​និយាយ​ថា៖​«បើ​ទោះ​បី​ជា​ខ្ញុំ​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​លេង​នៅ​ក្លិប​ក្រៅ​ប្រទេស ប៉ុន្តែ​ខ្ញុំ​​​នឹងនៅ​តែ​​មក​ចូល​រួមលេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ពេល​ក្រុម​នេះ​មាន​ការ​ប្រកួត​ជា​ផ្លូវ​ការ​ណា​មួយ ពិសេស​ខ្ញុំ​នឹងនាំ​យក​បទ​ពិសោធ​ដែល​ទទួល​បាន​ពី​ក្រៅ​ប្រទេស មក​ចែក​រំលែកដល់​កីឡាករ​នៅ​កម្ពុជា។ ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​ពិត​ជា​អរគុណ​ខ្លាំង​បំផុត​ដល់​ការ​គាំ​ទ្រ​របស់​បង​ប្អូន​ទាំង​អស់ ហើយ​ខ្ញុំ​សង្ឃឹម​ថា​បង​ប្អូន នៅ​តែ​បន្ត​គាំ​ទ្រ​ដល់​ពួក​យើង​ជា​រៀង​រហូត!»។

vattnaka-002
ភាព​លេច​ធ្លោរ​របស់ ចាន់ វឌ្ឍនាកា ទាំង​ការ​ប្រកួត​នៅ​ក្នុង​ស្រុក និង​នៅ​លើ​ឆាក​អន្តរជាតិ បាន​ធ្វើ​ឲ្យ​​រូប​គេ​ទទួលបាន​ការ​គាំ​ទ្រយ៉ាង​ខ្លាំងពី​សំណាក់​អ្នក​ទស្សនិក​ជន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ហើយ​រូប​គេ​ក៏​ត្រូវ​​បាន​ចាត់​ចូល​ជា​កីឡាករ​ឆ្នើម​ទាំង​១០​ប្រចាំ​នៅ​អាស៊ាន​ផង​ដែរ បន្ទាប់​ពី វឌ្ឍនាកា បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​នៅ​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់ Toyota Mekong Club Championship 2015 ស្រប​ពេល​ដែល​ក្រុម​បឹង​កេតអង្គរ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២​នោះ។
បន្ថែម​លើ​នេះ ចាន់ វឌ្ឍនាកា គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​ក្លិប​បាល់​ទាត់​អាជីព​លំដាប់​ទី​២​​របស់​ជប៉ុន បាន​មក​ទាក់​ទង​ឲ្យរូប​គេ​​ទៅ​លេង​នៅ​ជប៉ុន ប៉ុន្តែ​ការ​ចរចារ​សម្រេច​ចុង​ក្រោយ នៅ​មិន​ទាន់​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ៕