សមត្ថកិច្ចចាប់ខ្លួន កម្មករសំណង់ រោងចក្រជីនយី ២នាក់ ពីបទព្រួតវាយមេការជនជាតិចិន

 កំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធករណី បង្កអំពើហឹង្សាចេតនា លើមេការជនជាតិចិនចំនួន២រូប ប្រព្រឹត្តកាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០១៥រួចគេចខ្លួន ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំងតាម ស្វែងរកចាប់ខ្លួន បាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីផ្តន្ទារទោសតាមផ្លូវច្បាប់ ។

នាយការិយាល័យព្រហ្មទណ្ធកម្រិតស្រាលខេត្តកំពង់ឆ្នាំង លោក ពេជ រី បានអោយដឹងថា ក្រោយពី មាន ករណីអំពើហឹង្សាខាងលើនេះកើតឡើង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីត្រី ប្រាក់ វុឌ្ឍី ស្នងការ នគរបាលខេត្ត រួមនិងលោកស្នងការរង និងនាយការិយាល័យព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងតាម ស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទារទោសតាមច្បាប់ ។ ជនសង្ស័យខាងលើ១-ឈ្មោះ ឆាន ធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់រោងចក្រជីនយី មានទីកន្លែងកំណើត ភូមិកោះចេក ឃុំកោះចេក ស្រុកពាមរ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិស្នាយ ឃុំតាជេស ត្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  ២-ឈ្មោះ ឈ្មោះ តង រី ភេទប្រុស អាយុ៣៣ឆ្នាំ  រស់នៅភូមិស្ពានពោធិ ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ជាកម្មករ សំណង់រោងចក្រជីនយី ។  ដោយឡែកជនរងគ្រោះជាជនជាតិចិន ១-ឈ្មោះ ប៉ឹង ជានហុង ភេទប្រុស អាយុ៦៣ឆ្នាំ និង២-ឈ្មោះ ហ័ង មីញឈិន ភេទប្រុស អាយុ៣២ឆ្នាំ ទាំងពីរនាក់ជាមេការគ្រប់គ្រោង រោងចក្រ ជីនយី ។ តាមសំដីរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចអោយដឹងថា ដើមចមដែលនាំ អោយមានអំពើហឹង្សា ដោយសារមេការឈ្មោះ  ប៉ឹង ជានហុង បានប្រមាថមកលើខ្លួន ពេលនោះ រូបគេក៍ស្ទុះទៅចាប់ដៃ ហើយឈ្មោះ តង រី ឃើញដូច្នេះក៍រត់ទៅព្រួតវាយតែម្តង  ខណៈពេលនោះជនជាតិ ចិនម្នាក់ទៀតឈ្មោះ ហ័ង មីញឈិន ចូលមកដល់ពួកគេក៍ព្រួតវាយតែម្តងបណ្តាលអោតរងរបួសធ្ងន់  ។

ក្រោយចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តតាម និតិវិធីច្បាប់  ៕

សមត្ថកិច្ចចាប់ខ្លួន កម្មករសំណង់ រោងចក្រជីនយី ២នាក់ ពីបទព្រួតវាយមេការជនជាតិចិន