អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ផ្តល់​ប័ណ្ណ​គណនី ដល់​ក្រុមគ្រួសារ​កង​យោធា​មួក​ខៀវ​

ភ្នំពេញ​: នា​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្តាល​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ស្ថិតនៅ​ខាងក្រោយ​បុរី​កីឡា ក្នុង​រាជធានី​ភ្នំពេញ​ពិធី​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ សាច់ញាតិ​សណ្តាន​របស់​កង​យោធា​មួក​ខៀវ​វិស្វកម្ម​លេខ​៩៣៦ ដែល​ទើប​ចាក​ចេញពី​ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ សម្រាប់​បេសកកម្ម​ក្រោម​ឆត្រ អ ស ប រយៈពេល​មួយឆ្នាំ​នោះ បាន​ដំណើរការ​ប្រព្រឹត្តិ​ទៅក្នុង​បរិយាកាស​រីករាយ ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។​
​    ​
​ថ្លែង​ទៅកាន់​បងប្អូន ដែលជា​សមាជិក​ក្រុមគ្រួសារ​កង​យោធា​មួក​ខៀវ មកពី​គ្រប់​មជ្ឈដ្ឋាន ទាំង ១៨៤​គ្រួសារ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានលើកឡើង​ពី​គោលបំណង​ក្នុងការ​អញ្ជើញ​បងប្អូន​មកជួប​ជុំគ្នា នាពេលនេះ គឺ​សំដៅ​ឱ្យ​បងប្អូន​បាន​ស្គាល់​ច្បាស់​ពី​ទីតាំង​របស់​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ដើម្បី​ផ្តល់​លទ្ធភាព​ងាយស្រួល​ជូន​ដល់​បងប្អូន​ធ្វើការ​ទំនាក់ទំនង និង​សាកសួរ​ពត៌មាន​ពាក់ព័ន្ធ​នឹង​បងប្អូន កូនចៅ​ប្តីសី ដែល​កំពុង​ប្រតិបត្តិការ​នៅក្រៅ​ប្រទេស​។​
​    ​
​ឆ្លៀត​ក្នុងឱកាស​ពិធី​ជួបជុំ​សំណេះសំណាល​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក៏បាន​ផ្តល់ជូន​ដល់​សមាជិក​ក្រុមគ្រួសារ​កង​យោធា​មួក​ខៀវ​វិស្វកម្ម​លេខ​៩៣៦ ទាំង ១៨៤ គ្រួសារ​នូវ​ប័ណ្ណ​គណនី​ធនាគារ សម្រាប់​បើកប្រាក់​បៀវត្សរ៍​ដោះស្រាយ​ជីវភាព​ប្រចាំខែ​នៅ​កម្ពុជា ក្នុងខណៈ​ដែរ កង​យោធា​មួក​ខៀវ​ខាងលើនេះ បាន និង​កំពុង​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​លី​បង់​។​
​    ​
​ជាមួយនឹង​ការចែកជូន​នូវ​ប័ណ្ណ​គណនី​ធនាគារ​ខាងលើនេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានលើកឡើង​ពី​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​ប័ណ្ណ​គណនី​ខា​លើ​នេះ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​មន្ត្រី​ទទួលបន្ទុក​ផ្នែក​បៀវត្សរ៍​។

​ជៀសវាង​ដាច់ខាត​ការយក​ប័ណ្ណ​គណនី​ធនាគារ​ប្រើ​ខុស​នីតិវិធី​តួយ៉ាង ដូចជា​ការយក​ប័ណ្ណ​ធនាគារ​ទៅ​បញ្ចាំ ឬក៏​ផ្តល់​ឱ្យទៅ​ជនណាម្នាក់ ដោយ​ពុំមាន​ការទទួលស្គាល់​ពី​ម្ចាស់​គណនី ដែលជា​ហេតុ​បង្កឱ្យមាន​បញ្ហា​ស្មុ​គ្រ​ស្មាញ​ខុស​ប្រក្រតី​។​
​    ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក ក៏បាន​រំ​ឮ​ក​ផងដែរ ពី​ការជួយឧបត្ថម្ភ​នូវ​ទឹកប្រាក់​ចំនួន ៣០០ ដុល្លារ​សហរដ្ឋអាមេរិក រាល់ពេល​ដែល​កង​យោធា​មួក​ខៀវ ចេញ​បេសកកម្ម​ក្រោម​ឆត្រ អ ស ប ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ដែល​ថវិកា​ខាងលើនេះ នឹង​ត្រូវបាន​បញ្ចូល​ក្នុង​គណនី​របស់​កង​យោធា​មួក​ខៀវ​គ្រប់រូប​។​
​    ​
​សូមបញ្ជាក់ថា រយៈកាល ១០​ឆ្នាំ​កន្លងទៅនេះ អង្គការសហប្រជាជាតិ បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ​ជាជាង ៥២ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​បេសកកម្ម​រក្សា​សន្តិភាព​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​លើ​សកលលោក​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​។ គឺជា​មោទនភាព របស់​កងយោធពល​ខេមរភូមិន្ទ ដោយឡែក​កង​យោធា​មួក​ខៀវ ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។
​ពួកគេ​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់ រួម​នឹង​ជំនាញ​វិជ្ជាជីវៈ បទពិសោធន៍​ជា​លក្ខណៈ​សកល ដែល​កង​យោធា​នៃ​បណ្តា​ប្រទេស​នានា​លើ​សកលលោក បានផ្តល់​ឱ្យ​ក្នុងអំឡុងពេល​បំពេញបេសកកម្ម​អន្តរជាតិ​។

​ជាមួយនឹង​ការបំពាក់​ឱ្យដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​នូវ​មេដាយ​របស់​អង្គការសហប្រជាជាតិ នាឱកាស​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញ កង​យោធា​មួក​ខៀវ​ខាងលើនេះ នៅ​ទទួលបាន​ការបំពាក់​មេ​ដាយ​មាស​ការងារ និង​ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​មួយកម្រិត​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ក្នុងអំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រួសារ​កង​យោធា​មួក​ខៀវ​៕

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ផ្តល់​ប័ណ្ណ​គណនី ដល់​ក្រុមគ្រួសារ​កង​យោធា​មួក​ខៀវ​

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ផ្តល់​ប័ណ្ណ​គណនី ដល់​ក្រុមគ្រួសារ​កង​យោធា​មួក​ខៀវ​

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ផ្តល់​ប័ណ្ណ​គណនី ដល់​ក្រុមគ្រួសារ​កង​យោធា​មួក​ខៀវ​

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​ផ្តល់​ប័ណ្ណ​គណនី ដល់​ក្រុមគ្រួសារ​កង​យោធា​មួក​ខៀវ​