តម្លៃ​ស្រូវ​ឡើង​មិន​រួច​ទេ ព្រោះ​កុងត្រូលជជុះ​ដុះ​ម​មឹះ​តាម​ផ្លូវ​ច្រើន​ពេក

ខេត្តព្រៃវែង ៖ ប្រភព​ព័ត៌មាន​ពី​ប្រជា​កសិករ និង​អ្នក​រកស៊ី​ទិញ​ស្រូវ-ដឹកស្រូវ ​យក​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥-២០១៦ នេះ តម្លៃ​ស្រូវ​របស់​កសិករ​ឡើង​ខ្ពស់​បំផុតបាន​​ត្រឹមតែ​៨៦០ ទៅ​៨៧០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម ។

ឈ្មួញ​អ្នក​រកស៊ី​ទិញ​ស្រូវ​លក់​បញ្ជាក់​​បន្ត​ថា បើ​ទិញ​នៅ​ឯ​ខេត្តបាត់ដំបង, ពោធិ៍សាត់ពី​តំបន់​ខេត្ត​នៅ​ខាង​លិច ១​គីឡូក្រាម​​ស្រូវ​ទិញ​ចូល​​ខ្ពស់​បំផុត​​បាន​ត្រឹមតែ​​៦៩០​​រៀល យក​ទៅ​​លក់​នៅ​ប្រទេស​​វៀតណាម ។ បើ​ស្រូវ​សើម​១​គីឡូក្រាម​ បាន​ថ្លៃ​៨៦០​រៀល បើ​ស្រូវ​ស្ងួត​​បាន​​ថ្លៃ​ត្រឹមតែ​៨៧០​រៀល​ប៉ុណ្ណោះ ។

ឈ្មួញ​បានឱ្យ​ដឹង​ទៀត​​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ស្រូវ​របស់​​កសិករ​មិន​អាច​ឡើងថ្លៃ​បាន​​នោះ ដោយសារ​ការ​ដឹក​ជញ្ជូន​​ស្រូវ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ត្រូវ​ជួប​នូវ​ការ​បង់ខាត​​តាម​​​ផ្លូវ​ជា​​ច្រើន​​កន្លែង​ពេក ។ បើ​រាប់​ត្រួស​ៗ​មាន​ចំនួន​៦​កន្លែង ។

ទី​១-​ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​ឈរជើង​តាម​ផ្លូវ​​ចេញពី​ខេត្តបាត់ដំបង​មួយ​កន្លែង មក​ដល់​ពោធិ៍សាត់​ បង់​២​កន្លែង នៅ​ត្រពាំង​ថ្លុង​១ និង​នៅ​ព្រំ​ប្រទល់​ខេត្តពោធិ៍សាត់ និង​កំពង់ឆ្នាំង ចូល​ដល់​ដី​ខេត្តកំពង់ឆ្នាំង​បង់​១​កន្លែង​ទៀត គឺ​នៅ​ចំណុច​ខាងកើត​ផ្សារ​ត្រាច ។ មក​ដល់​ខេត្តកំពង់ចាម បង់​តែ​១​កន្លែង (​ចំណុច​គល់​ស្ពាន​ព្រែក​ក្តាម​ខាងកើត​) លុះ​ចូល​មក​ដល់​ខេត្តកណ្តាល បង់​១​កន្លែង​ទៀត នៅ​ចំណុច​ (​គល់​ស្ពាន​ព្រែក​តា​ម៉ាក់​​ខាងកើត​) ។ ចូល​ដល់​ទឹកដី​ខេត្តព្រៃវែង ត្រូវ​បង់​១​កន្លែង​ទៀត​នៅ​ចំណុច (​សាលាឃុំ​រំចេក ផ្លូវជាតិ​លេខ​១) សរុប​ជា​ទឹកប្រាក់​អស់​ចាប់ពី​២០ ទៅ​៣០​ម៉ឺន​រៀល ក្នុង​រថយន្ត​១​គ្រឿង ។

ក្រុម​អ្នក​រកស៊ី​ដឹកស្រូវ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​សំណូមពរ​ថា សូមកុំ​ឱ្យ​មាន​កុងត្រូលជជុះ​នៅ​តាម​ផ្លូវ​ច្រើន​ពេក ​ឱ្យ​មាន​តែ​ជញ្ជីង​១​មុខ​បាន​ហើយ ។

ចំណែកឯ​ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជរ ក៏​ដូច​ជា​ប្រជា​កសិករ​រស់នៅ​ក្នុង​ខេត្តព្រៃវែង​ទាំងមូល​ បាន​ត្អូញ​ត្អែរ​ថា ធ្វើស្រែ​ក្នុង​១​ឆ្នាំ​ៗ ​គ្រាន់តែ​ដោះបំណុល​ឱ្យទៅ​ឈ្មួញ​ថ្លៃ​ជី ថ្នាំ​បាញ់​ស្រូវ និង​ពូជ នេះ​ក៏​ព្រោះតែ​របស់របរ​ពួក​ឈ្មួញ​វា​មាន​តម្លៃ​ខ្ពស់ ។ រីឯ​ផលរបរ​ដូច​ជា​ស្រូវ ពោត សណ្តែក ល្ងរ របស់​ពួក​គាត់​វា​ថោក អត់​មាន​តុល្យភាព​នឹង​គ្នា ។ កសិករ​ដែល​កំពុង​មមារ​ញឹក​ប្រមូល​ផល​ស្រូវ​នៅ​ក្នុង​ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជរ​ឱ្យ​ដឹង​ថា ស្រូវ​ពួក​គាត់​បាន​លក់​តែ​៧៥០-៧៦០​រៀល ក្នុង​១​គីឡូក្រាម​។ បើ​ដឹក​យក​ទៅ​លក់​នៅ​ព្រំដែន​លក់​បាន​ថ្លៃ​៨៦០ ទៅ​៨៧០​រៀល ។

ពួក​គាត់​ឱ្យ​ដឹង​ថា មូលហេតុ​ស្រូវ​ពួក​គាត់​មិន​បាន​ថ្លៃ​ ដោយសារ​ទូក​វៀតណាម ដែល​ឡើង​មក​ទិញ​ស្រូវ​ពី​កសិករ គេ​មិន​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់ ដោយសារ​ឡើង​មក​ក្នុង​ទូក​១​ចំណុះ​១០០​តោន ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​វៀតណាម​ចំនួន​៣​លាន​៧​សែន​ដុ​ង បង់​ឱ្យ​ខាង​ខ្មែរ​មាន​ទី​១-​គយ ទី​២-​ប៉ូលិស​ព្រំដែន ទី​៣-​កាំកុងត្រូល ទី​៤-​សាលាខេត្ត​ សរុប​អស់​៥​លាន​ដុ​ង​ទៀត ។ សរុប​ទាំង​ខ្មែរ ទាំង​ខាង​វៀត​ណាម ទូក​១​ ត្រូវ​បង់អស់​៨​លាន​៧​សែន​ដុ​ង ។

បញ្ហា​ទាំងនេះ លោកហាស់ សា​រ៉េ​ត អភិបាលខេត្ត​ព្រៃវែង ធ្លាប់​បាន​ព្រមាន និង​បាន​លុប​គោលការណ៍​នេះ ដោយ​ហាម​មន្ត្រី​ថ្នាក់​ក្រោម មិន​ឱ្យ​យក​លុយ​ពី​ប្រជា​កសិករ បែរជា​ក្រុម​នេះទៅ​យក​លុយ​ពី​ឈ្មួញ​ទិញ​ស្រូវ​ទៅ​វិញ ។ នេះ​ជា​ហេតុផល ដែល​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​មិន​អាច​ឡើងថ្លៃ​បាន ហើយ​ក៏​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​កសិករ​ធ្វើ​ចំណាកស្រុក​​ច្រើន ។