ជន​បរទេស​ម្នាក់ជាប់ចោទពីបទ​ឆបោក​ត្រូវ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​ឃាត់ខ្លួន​

ខេត្តសៀមរាប ​៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ត ​បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​​​ស្រាវជ្រាវរហូត​ដល់​ឃាត់ខ្លួន​ជន​សង្ស័យជា​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់ពី​បទ​ឆបោក​លុយ​ចំនួន​១.២០០​ដុល្លារ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ អ៊ី សូ​ហ្គិម៉ា​រី ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​​ ​ជា​ភ្ញៀវ​ទេសចរ​ (​ជនជាតិ​ជប៉ុន​) កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខណៈ​​ជនសង្ស័យ​​​លួងលោមបបួល​​ខ្ចី​លុយ​រកស៊ីជាមួយ រួច​យក​ទៅ​បាត់មិន​ព្រម​សង​ ។ ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​នេះ​ បាន​ធ្វើ​ឡើងកាលពី​ថ្ងៃ​ទី​៤ ​ខែមករា​ ឆ្នាំ​២០១៦ ​ស្ថិត​នៅផ្ទះ​ជួល ក្នុង​ក្រុង​សៀមរាប​ ។

​លោក​វរសេនីយឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍​ខេត្ត​ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ​ខែមករា​ ឆ្នាំ​២០១៦ ​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ទើប​កម្លាំង​​ចុះ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​​ស្រាវជ្រាវ​រក​ជន​ឆបោករហូត​ឈាន​ដល់​​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ការិយា​ល័យ​​អន្តោ​ប្រវេសន៍​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​​ខេត្ត ដើម្បី​សួរនាំ​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​សង្ស័យ​បាន​​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​លុយ​ពី​ជន​រង​គ្រោះ​​ប្រាកដ​មែន ​។

​លោក​បន្ត​​​ថា ជនសង្ស័យដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ BERNABE BRYAN ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​ហ្វី​លី​ពី​ន មានមុខ​របរទិញ​-​លក់​ខោអាវ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ស្វាយ​ដង្គំ ​សង្កាត់ស្វាយ​ដង្គំ ក្រុង​សៀមរាប ​។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​​នគរ​បាល​អន្តោប្រវេសន៍​​ខេត្តរៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​៥​ ខែមករា ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​​