មុននេះបន្តិច​ សម្តេច ហេង សំរិន​ អញ្ជើញទៅចូលរួមរំលឹកខួបទី៧០​នៃការបោះឆ្នោត​លើកដំបូងនៅវៀតណាម

រាជធានីភ្នំពេញ ៖ ​ដូចតាមការគ្រោងទុក ​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ​បានចាកចេញពីកម្ពុជា​តាមជើងយន្តហោះឆ្ពោះ​​ទៅកាន់សាធារណរដ្ឋ​​សង្គមនិយម​វៀតណាម​ហើយ ​នៅវេលាម៉ោង២រសៀលថ្ងៃទី០៥ មករា ​២០១៦ ​ដើម្បីទៅចូលរួមពិធីរំលឹកខួបទី៧០​ នៃការបោះឆ្នោតសកល​លើកដំបូងនៅក្នុងប្រទេសវៀតណាម ។

បើតាមសេចក្តីជូនដំណឹង​របស់អគ្គលេខាធិការដ្ឋាន​រដ្ឋសភាបានឲ្យដឹងថា ពិធីរំលឹកខួបទី៧០ នៃការបោះឆ្នោត​សកលលើកដំបូងនៅ​ក្នុង​ប្រទេសវៀតណាម ​គឺជាព្រឹត្តិការណ៍​​ប្រវត្តិសាស្រ្តដែលមានខ្លឹមសារ​យ៉ាងសំខាន់ចំពោះរដ្ឋសភា ​និងប្រជាជនវៀតណាម​ ក្នុងដំណើរការតស៊ូ​ និងដណ្តើមឯករាជ្យរបស់​ប្រជាជនវៀតណាម ។

សេចក្តីជូនដំណឹងដដែលបាន​បញ្ជាក់ទៀតថា​ នៅរសៀលថ្ងៃទី០៦​ មករា ស្អែក ​សម្តេចប្រធានរដ្ឋសភា ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ​នឹងអញ្ជើញធ្វើ​​មាតុភូមិនិវត្តន៍មកកម្ពុជាវិញ ៕