ឈ្មោះ សាំង សុខុន ជា​អ្នករត់​ការបើកផ្លូវរ​ថ​យន្ត​ដឹកឈើ​របស់​ឧកញ៉ា សឹង សំអុល

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឧកញ៉ា សឹង សំអុល នៅតែ​ប្រមូល​ទិញ​ឈើ​ពី​ខេត្តរតនគិរី មណ្ឌលគិរី ឧត្ដរមានជ័យ និង​ព្រះវិហារ ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ យ៉ាង​រលូន​។ ការដែល​ឧកញ៉ា សឹង សំអុល អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ជាច្រើន​ក្នុងស្រុក​មេមត់ គឺ​ដោយសារ​មានការ​បើកដៃ​ពី​លោក ងី វីរៈ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​លោក ចាន់ សុផាត មេ​គយ​ស្រុក​មេមត់​ផងដែរ​។ ហេតុនេះហើយ​ទើប​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​របស់​ឧកញ៉ា សឹង សំអុល បើទោះបី​ដឹងថា​ជា​ឈើ​ខុសច្បាប់​ក៏ដោយ​។​

ប្រភពពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​បាន​ឲ្យ​ដឹងថា ឧកញ៉ា សឹង សំអុល បាន​ចាត់តាំង​មនុស្ស​ម្នាក់​ឈ្មោះ សាំង សុខុន គឺជា​អ្នករត់​ការបើកផ្លូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ដើម្បី​កុំ​ឲ្យ​បង្ក្រាប​រថយន្ត​ដឹកឈើ​។ ឈ្មោះ សាំង សុខុន ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​និង​ជា​ប្អូនថ្លៃ​របស់​ឧកញ៉ា សឹង សំអុល ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បំពាន​ទៅលើ​បទបញ្ជា​លេខ​០០២​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ដែល​ឈើ​ជើង​នៅក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ តែងតែ​ទទួល​កញ្ចប់​ថវិកា​ពី​លោក សាំង សុខុន ទើប​ពួកគេ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​សូម្បីតែ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា សឹង សំអុល ក្រឡាប់​តាមផ្លូវ​ក៏ដោយ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា សឹង សំអុល បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​រូបនេះ​មាន​មនុស្ស​ជំនិត​ម្នាក់​ឈ្មោះ នី ដែលជា​អ្នកប្រមូល​ទិញ​ឈើ​គ្រញូង​និង​ឈើ​ធ្នង់ ពី​ខេត្តឧត្ដរមានជ័យ និង​ខេត្តព្រះវិហារ រួច​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​នៅ​ភូមិ​ខ្នង​ក្រពើ ឃុំ​មេមត់ ស្រុក​មេមត់ ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ គ្រប់​សមត្ថកិច្ច​តាម​ដងផ្លូវ​បើ​រថយន្ត​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ត្រូវ​ទទួល​កញ្ចប់​លុយ​ពី​លោក សាំង សុខុន ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។ បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ហើយ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ចាត់វិធានការ​បង្ក្រាប​ផងដែរ ព្រោះ​បច្ចុប្បន្ន​ឧកញ៉ា សឹង សំអុល នៅតែ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​៕

KA-01-01-2016-03ឧកញ៉ា សឹង សំអុល
KA-16-12-2015-02 KA-01-01-2016-01