សមត្ថកិច្ច​ខេត្តសៀមរាប​មិន​បង្ក្រាប​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ឈ្មោះ យិន ថាវ និង ឈ្មោះ ក្រាញ់

ប្រភពព័ត៌មាន​ពី​ខេត្តសៀមរាប​បាន​រាយការណ៍​មក​ថា លោក យិន ថាវ និង​លោក ក្រាញ់ ជា​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ដែល​បាន​ស្ងប់ស្ងាត់​មួយរយៈ​មក​នោះ ឥឡូវ​ចាប់ផ្តើម​រកស៊ី​ដឹកឈើ​នៅ​ខេត្តសៀមរាប​ឡើងវិញ​ហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ខាងលើ​បានចាប់ផ្តើម​ដឹកឈើ​ចូល​ក្រុង​សៀមរាប​អស់​រយៈពេល​ជិត​៣​ខែ​ហើយ តែ​មិនបាន​ចេញមុខ​ខ្លួនឯង​នោះទេ ដោយ​ឲ្យ​ក្រុមកម្មករ​ចេញមុខ​ជំនួស​ក្នុងការ​ដឹកឈើ និង​ចរចា​ជាមួយ​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅក្នុង​ក្រុង​សៀមរាប ហើយក៏​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ចេញមុខ​បង្ក្រាប​នោះទេ​។​

​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​រាយការណ៍​មក​ថា ថ្មីៗ​នេះ​គេ​សង្កេតឃើញ​រ៉ឺម៉ក​ដឹកឈើ​ចល័ត​ចេញ ពី​កន្លែង​ស្តុក​ឈើ​របស់លោក​យិន​ថាវ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខាងត្បូង​ទំនប់​អញ្ចាញ តាម​ដងផ្លូវ​លេខ​៦០​ម៉ែត្រ យកមក​លក់​ឲ្យ​ដេប៉ូ​តា​រ៉េ ដែល​ស្ថិត​នៅជាប់​ផ្លូវ​៦០​ម៉ែត្រ​ទល់មុខ​សារមន្ទីរ​ក្រហម​។ ទន្ទឹមនឹងនេះ ថៅកែ​ដេប៉ូ​លក់​ឈើ​ដែលមាន​យីហោ​ដេប៉ូ​តា​រ៉េ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​៦០​ម៉ែត្រ​ក្នុងភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា លោក​ពិតជា​បាន​ទិញ​ឈើ​ពី​លោក យិន ថាវ ពិតប្រាកដ​មែនហើយ​ឈើ​ដែល​លោក​បាន​ទិញ​នោះ​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ដែលមាន​មុខធំៗ​។​

​លោក ក្រាញ់ និង​លោក យិន ថាវ ជា​មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ល្បីឈ្មោះ​បោះ​សំឡេង​យូរ​ឆ្នាំ​ណាស់​មកហើយ​នៅ​ខេត្តសៀមរាប ឥឡូវ​កំពុងតែ​សម្រុក​ដឹកឈើ​អត់​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ឡើងវិញ ហើយ​ទំនងជា​មន្ត្រី​មានអំណាច​ចេញមុខ​កាង​ពីក្រោយ​ខ្នង​ទៀតផង ព្រោះ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​នៅ​ក្រុង​សៀមរាប​បង្ក្រាប​នោះទេ នេះ​ជាការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​គ្មាន​អ្នកមានអំណាច​នៅ​កាង​ពីក្រោយ ឬ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ជំនាញ នោះ​ឈ្មួញ​ឈើ​ក៏​មិនអាច​ប្រព្រឹត្ត​បទល្មើស​បាន​ច្រើន​ឆ្នាំ​ដែរ​។​

ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​បញ្ជាក់ថា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​សៀមរាប លោក យឹម ស៊ី​វន ក៏​បានដឹង​ច្បាស់​ពី​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ឈ្មួញ យិន ថាវ និង​ក្រាញ់​ផងដែរ តែ​លោក យឹម ស៊ី​វន មិនដែល​ដឹកនាំ​មន្ត្រីក្រោមឱវាទ​សហការ​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ផ្សេងទៀត​ចុះបង្ក្រាប​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សមត្ថកិច្ច​ជំនាញ​មួយចំនួន​នៅ​ខេត្តសៀមរាប​ក៏មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​ផងដែរ​៕

images