បុណ្យ​ស្រូវ​ និង​ចំបើង​បង្ហាញ​សក្តា​នុ​ពល​ក​សិ​-​ទេសចរណ៍​​នៅ​កម្ពុជា

ខេត្តបន្ទាយមានជ័យ​ ៖ នៅ​ក្នុង​ពិធីបុណ្យ​ស្រូវ​ និង​បុណ្យ​ចំបើង​​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ​មករា ​២០១៦ ​នេះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​បុណ្យ​ស្រូវ ​និង​បុណ្យ​ចំបើង​ គឺជា​ការ​ផ្សព្វផ្សាយ​នៅ​សក្តា​​នុ​ពល​ក​សិ​-​ទេសចរណ៍​​នៅ​កម្ពុជា​ និង​ជម្រុញ​ការ​អភិវឌ្ឍន៍​​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នានា​ ។ ទន្ទឹម​នឹង​នោះ​ ក៏​ជា​ព្រឹត្តិការណ៍​ទាក់ទាញ​ចំណាប់​​​អារម្មណ៍​ក្រសួង​ស្ថាប័ន​ផ្សេង​ៗ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​ថែម​ទៀត ​ក្នុង​ការ​ថែរក្សា​អភិរក្ស​ធនធាន ធម្មជាតិ និង​វប្បធម៌​នៅ​កម្ពុជា​ផង​ដែរ​ ។

លោក ថោ​ង ខុន ក៏​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​ ក៏​រួមចំណែក​យ៉ាង​សំខាន់​ដល់​កា​រ​​ពង្រឹងសមត្ថភាព ការ​កែ​លំអ​គុណភាព​សេវា​កម្ម​ ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ការ​លើកកម្ពស់​ការ​យល់​​ដឹង​ជា​សា​ធារ​ណៈ​​អំពី​អច្ឆរិយៈ​ភាព​​នៃ​វប្បធម៌​ដ៏​ចំណាស់​នៃ​ការ​ដាំ​ដំណាំ​ស្រូវ​​របស់​បុព្វបុរស​ខ្មែរ ដែល​ជា​ការ​ចូលរួម​បង្កើន​នូវ​កិត្យានុភាព និង​ភាព​ទាក់ទាញ​បន្ថែម​ទៀត ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ ។ លោក​សង្ឃឹមថា ពិធីបុណ្យ​ស្រូវ និង​បុណ្យ​ចំបើង​នេះ អាច​នឹង​ត្រូវ​ប្រារ​ព្វ​នៅ​ខេត្ត​នានា​​ដែល​មាន​សក្តានុពល​ក​សិ​-​ទេស​ចរណ៍​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ ។

លោក​រដ្ឋមន្ត្រី​ ក៏​អំពាវនាវ​ផង​ដែរ ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធផ្នែក​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ក្នុង​ការ​អភិវឌ្ឍ​ន៍​សង្គម​ជាតិ ធ្វើ​យ៉ាងណា​ធានា​ឱ្យ​មានការ​អភិវឌ្ឍន៍​​បៃតង ស្រប​តាម​គោលការណ៍​និរន្តរ​ភាព និង​ទស្សនទាន «​បៃតង និង​ស្អាត​» ។