សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ឲ្យប្រជាពលរដ្ឋ អត់ធ្មត់ និងបន្តអនុវត្ត ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យប្រជា ពលរដ្ឋកម្ពុជាទាំងអស់មានការអត់ធ្មត់ និងទុកឱកាស ឲ្យរាជរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មីមួយរយៈសិន ដើម្បីដកស្រង់បទពិសោធន៍ ថាតើចំណុចណាដែល ត្រូវរឹតបណ្តឹង ហើយចំណុចណាដែលត្រូវបន្ធូរបន្ថយ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញទៅសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវក្រោមដី និងស្ពានអាកាស៥មករា ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ និងខណៈដែលមានការរិះ គន់ទៅលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បន្ទាប់ពីដាក់ឲ្យអនុវត្តបានបីថ្ងៃរួចមក។

សម្តេចតេជោបានមានប្រសាសន៍ថា សម្ដេច និង សម្ដេចក្រឡាហោម ស ខេង កំពុង ពិចារណាលើសំណើសុំរបស់ប្រជាពលរដ្ឋ ថាតើ ត្រូវបណ្តឹងលើចំណុចណា និង បន្ធូរ ចំណុចណានៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។ តែសម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋ មាន ការអត់ធ្មត់បន្តិចសិន ខណៈដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទើបអនុវត្តបានបន្តិច។ សម្ដេចបានលើកឡើងថា៖ «អ្នកទិញម៉ូតូអត់ពន្ធ ទិញឡានអត់ពន្ធ ប្រតិកម្មខ្លាំងជាងគេ»។ យ៉ាងណាក៏ដោយ សម្តេចតេជោបានបញ្ជាក់ថា «ការអនុវត្តនៅបន្តអនុវត្ត ដោយមិនអាច ពន្យាពេលបានទៀតទេ ព្រោះបានពន្យារពេលច្រើនឆ្នាំហើយ»។

នៅក្នុងបញ្ហា នៃការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះដែរ សម្ដេចតេជោ ក៏បានឆ្លើយតបនឹង ការលើកឡើងរបស់ប្អូនស្រីបង្កើតសម្តេចដែរថា “មិនគួរប្អូនស្រីធ្វើរឿងនេះ។ សម្តេចបានចោទ ជាសំណួរថា តើដើម្បីប្រជាជន ឬ ដើម្បីធ្វើបាបប្រជាជន? ប៉ុន្តែតម្លៃរបស់វា (ច្បាប់ចរាចរណ៍) នៅកន្លែងណា? គឺការពារជីវិតមនុស្ស»។ សម្តេចបន្តថា «ពិតណាស់វាមានបញ្ហាតែជីវិត ទើបវាសំខាន់»។

នៅក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសពីការសម្រេចបញ្ចុះតម្លៃ នៃអ្នកធ្វើប័ណ្ណបើកបរម៉ូតូផងដែរ។ នោះគឺប័ណ្ណបើកបរម៉ូតូពីមុនមានតម្លៃ៦០០០០រៀល នៅ សល់តែ ២៥០០០រៀលប៉ុណ្ណោះ។

សម្តេចបានមានប្រសាសន៍ថា “ប័ណ្ណបើកបរដូចអត្តសញ្ញាណប័ណ្ណអីចឹង! គឺគ្រប់គ្នាត្រូវតែមានប័ណ្ណ បើកបរទើបអាចបើកបរយានជំនិះបាន៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ ឲ្យប្រជាពលរដ្ឋ អត់ធ្មត់ និងបន្តអនុវត្ត ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី