ឡិច​​ស៊ី​ស​៤០០​បុក​វ៉េវ​អ៊ិ​ចពី​ក្រោយ​​ស្លាប់​២​ របួសធ្ងន់​១​នៅ​ត្រែង​ត្រ​យឹ​ង

ខេត្ត​កំពង់​ស្ពឺ ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍រថយន្ត​បុក​ពីក្រោយ​។

គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គី​ឡូម៉ែត្រ​៩៥​ និង​៩៦​ ស្ថិត​ក្នុងភូមិ​ទី​៣(​ចំការ​ចេក​)​ ឃុំ​ត្រែង​ត្រ​យឹ​ង ​ស្រុក​ភ្នំស្រួច​​​។​

អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​ស្គាល់​​ឈ្មោះ​នូ​ សុ​វ​ណ្ណា ​ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​S04​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​​​ បើកបរ​រថយន្ត​ម៉ាក​ឡិចស៊ិ​ស​៤០០​ ពណ៌​ស្ករ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AE5577​។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​បានឱ្យដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មនុស្ស​ប្រុស​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ ពណ៌​ក្រហម​ អត់​ស្លាក​លេខ ក្នុង​​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់​តែមាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ ពណ៌​ស្ក​រ ដែល​បើក​ទិស​ដៅ​ស្របគ្នា​បាន​បុក​ពីក្រោយ​បណ្តាល​ឱ្យជន​រង​គ្រោះ​ទាំង​៣​នាក់​ប៉ើង​ខ្ទាត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ស្លាប់ និង​​របួសតែ​ម្តង។​

ប្រភព​បន្ត​ថា​ ក្រោយ​បង្ក​ហេតុ អ្នក​បើក​បរ​រថយន្ត​មិន​បាន​រត់គេច​ទៅ​ណា​នោះ​ទេ​ គឺ​សុខចិត្ត​ទទួល​ខុស​ត្រូវ​​៕