ពិធី​សូត្រ​មន្ត​​បង្សុកូលនិង​​អភិ​សេក​រូប​សំណាក​ទេវតា​បាច​ផ្កា​សញ្ញា​សម្គាល់​​CPPខេត្តតាកែវ

ខេត្តតាកែវ ៖ កាលពីព្រឹក​ថ្ងៃទី​៥ មករា ២០១៦ នេះ នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ មាន​រៀប​ចំ​​ពិធី​សូត្រ​មន្ត​​បង្សុកូល និង​​អភិ​សេក​រូប​សំណាក​ទេវតា​បាច​ផ្កា​ ជា​សញ្ញា​សម្គាល់​របស់​​គណបក្ស​ប្រជា​ជន​កម្ពុជា ​ដែល​ទើប​តែ​​បញ្ចប់​ការ​សាង​សង់ ។

​ក្នុង​ពិធី​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​​លោក ឡាយ វណ្ណៈ ប្រធាន​​គណៈកម្ម​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​​តាកែវ ​និង​ជា​អភិ​បាល​ខេត្ត ព្រម​ទាំង​មន្ត្រី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​​របស់​​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​​ជា​ច្រើន​រូប​ផង​ដែរ ។

​លោក ឡាយ វណ្ណៈ បាន​ថ្លែង​ថា រូប​ទេវតា​បាច​ផ្កា​៧​ទង គឺ​តំណាង​ឱ្យ​ថ្ងៃ​៧​មករា ជា​ថ្ងៃ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​រំដោះ​ប្រទេស​ជាតិ និង​​ប្រជា​ពលរដ្ឋ​​ចាក​ផុត​ពី​របប​កាប់​សម្លាប់​របស់​​ពួក​​បន​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ។ ​​ក្រៅ​ពី​ពិធី​សម្ពោធ​រូប​សំណាក​ទេវតា​ ក៏​មាន​ការ​រៀបចំ​ពិធី​បង្សុកូល ដើម្បី​ឧទ្ធិស​មហាកុសល​ដល់​យុទ្ធ​ជន យុទ្ធនារី​​ដែល​បាន​​ធ្វើ​ពលិកម្ម​​ដើម្បី​​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋ​ ។​

លោកប្រធាន​​គណៈកម្ម​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​​ បាន​បន្ត​ថា មាន​យុទ្ធជន យុទ្ធ​នារី​រាប់​ម៉ឺននាក់​​បាន​បូជា​សាច់​ស្រស់​ ឈាម​ស្រស់​ និង​ខ្លះ​ទៀត​​​​បាន​ពិការ​ដៃ​​ពិការ​ជើង​ ដោយ​សារ​តែ​បុព្វ​​​ជាតិ​មាតុភូមិ និងប្រជា​ជន ​។ ពួក​គាត់​ដែល​បាន​ពលី​ទៅ​​ មិន​បាន​មើល​ឃើញ​ការ​រីកចម្រើន​របស់​ប្រទេស​ជាតិ និង​ការ​រស់នៅ​ក្នុង​ភាព​សម្បូរ​​សប្បាយ​​របស់​​ប្រជា​ពលរដ្ឋ​​សព្វថ្ងៃនោះទេ ។ តែ​ទោះ​បីជា​យ៉ាង​ណា​​ក្តី ​យើង​ទាំង​អស់​គ្នា​​​ដែល​ជា​សមាជិក សមាជិកា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ​ជា​ពិសេស​​ប្រជា​ពល​រដ្ឋ​​ទូ​ទាំង​ប្រទេស មិន​ដែល​បំភ្លេច​​ពី​​ការ​ធ្វើ​ពលិកម្ម​របស់​យុទ្ធជន យុទ្ធ​នារី​រាប់​ម៉ឺននាក់​​​នោះ​ឡើយ ។​

​ក្នុង​ឱកាស​នេះ​ដែរ លោក ឡាយ វណ្ណៈ ​ក៏​បាន​ធ្វើ​ការ​បួង​សួង​​ដល់​រូបសំណាក​ទេវតា​បាច​ផ្កា​​​ដែលជា​សញ្ញា​សម្គាល់​​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ សូម​តាម​ជួយ​ថែរក្សា​​​សមាជិក សមាជិកា​គណបក្ស​ប្រជា​ជន​កម្ពុជា​ទាំង​អស់​ និង​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ខេត្ត​តាកែវ ​​ជួប​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាតឡើយ ៕