សម្តេច ស ខេង ចូលរួម​ពិធី​តែងតាំង​អភិបាលខេត្ត​ព្រៃវែង​ថ្មី ដែល​ត្រូវជា​ក្មួយ​

​នៅ​ម៉ោង ៣ កន្លះ រសៀល ថ្ងៃទី ០៥ ខែមករា​នេះ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង​ថ្មី នឹង​ចាប់ផ្តើម​ក្រោម​វត្តមាន​សម្តេច ស ខេង រដ្ឋមន្ត្រី​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

​នៅ​ប៉ុន្មាន​នាទី​មុននេះ សម្តេច ស ខេង បាន​ជិះ​ឧទ្ធម្ភាគចក្រចេញ​​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្តព្រៃវែងហើយ​ ដើម្បី​ចូលរួម​ពិធី​ប្រកាស​តែងតាំង លោក ជា សុ​មេធី ក្មួយប្រុស​របស់ខ្លួន ជា​អភិបាល​ខេត្ត​ព្រៃ​វែង​ថ្មី​​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ​។ លោក ជា សុ​មេធី ជា​កូនប្រុស​ពៅ​របស់​សម្តេច ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី ១៤ ខែធ្នូ តែងតាំង​ជា​អភិបាលខេត្ត​ព្រៃវែង​ថ្មី បន្ត​ពី​លោក ហាស់ សារ៉េត អភិបាលខេត្ត​ចាស់​ដែល​ចូលនិវត្តន៍​។​

លោក ខៀវ សុភ័គ អះអាងថា វត្តមាន​របស់​សម្តេច ស ខេង ក្នុង​ពិធី​ប្រកាស​តែង​តាំង​​លោក ជា សុមេធី ជាអភិបាល​ខេត្ត​ព្រៃ​វែង​ថ្មី មិនមែន​ដោយសារ​លោក ជា សុមេធី ជាក្មួយ​ប្រុស​របស់ខ្លួន​ឡើយ។ « សម្តេចជា រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​ ហើយសម្តេច​ចង់​ទៅ​ចូល​រួម​ប្រកាស​តែងតាំង​អភិបាល​ខេត្ត​ណា​​ក៏បាន មិនមែនតែខេត្ត​ព្រៃ​វែង​ទេ។ ម្យ៉ាង​ទៀត​ សម្តេច ជាប្រធានគណៈពង្រឹង​ការងារ​ខេត្ត​ព្រៃវែង​ទៀត​ ទើប​សម្តេច​ទៅ​ចូល​រួម​កម្មវិធី​នេះ»។ នេះជា​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ខាង​លើ។

មុន​នឹង​ទទួល​តំណែង​ជា​អភិបាល​ខេត្ត​ព្រៃ​វែង ​លោក ជា សុ​មេធី មាន​តួនាទី​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ៣ និង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ ព្រមទាំង​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា ​សម្តេច ជា ស៊ីម មានកូន​ចំនួន ៧ នាក់ ក្នុងនោះ កូនប្រុស ៤ និង​ស្រី ៣ ៕