ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង​សម្រុក​ទិញ​មួក​សុវត្ថិភាព

ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ឆ្នាំង សម្រុក​ទិញ​មួក​សុវត្ថិភាព​​ប្រើ​កាន់​តែ​ច្រើន ខណៈ​សមត្ថកិច្ច​ប៉ូលិស​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​តាម​ដង​ផ្លូវ​នានា ក្នុង​ក្រុង ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា មក។

តើ​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​ចូល​រួម​ពាក់​មួក​សុវត្ថិភាព និង​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​បាន​កម្រិត​ណា​ហើយ​ក្នុង​ការ​បើកបរ​ពេល​បច្ចុប្បន្ន?

ក្រុម​សិស្ស​និស្សិត អ្នក​ចម្ការ ពលរដ្ឋ​រស់​នៅ​ក្នុង និង​ជាយ​ក្រុង បាន​ចត​ម៉ូតូ​ចុះ​ទិញ​មួក​សុវត្ថិភាព​នៅ​តាម​តូប​ជា​ច្រើន នៃ​ប៉ែក​ខាង​ជើង​ផ្សារ​លើ និង​ខ្លះ​ឈប់​ទិញ​នៅ​តាម​ដង​ផ្លូវ​ដែល​មាន​តម្លៃ​ថ្លៃ ឬ​ថោក​ជាង​នៅ​ទីផ្សារ​បន្តិច​ទៅ​តាម​ការ​ត​ថ្លៃ​គ្នា។ ពួកគាត់​មួយ​ចំនួន​ថា ការ​សម្រេច​ចិត្ត​ទិញ​មួក​សុវត្ថិភាព​មក​ពាក់​នៅ​ពេល​នេះ គឺ​ដោយសារ​ខ្លាច​សមត្ថកិច្ច​ពិន័យ ប៉ុន្តែ​អ្នក​ខ្លះ​ថា គិត​ពី​អាយុ​ជីវិត​ច្រើន​ជាង។

កញ្ញា រស្មី កំពុង​​ទិញ​មួក​សុវត្ថិភាព​ជាមួយ​មិត្តភ័ក្ដិ​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត​ដែល​កំពុង​តថ្លៃ​មួក​នៅ​ខាង​មុខ​តូប​លក់ដូរ​មួយ​កន្លែង​នៅ​ប៉ែក​ខាង​ជើង​ផ្សារ​លើ មាន​ប្រសាសន៍​ថា កញ្ញា និង​មិត្តភ័ក្ដិ​បួន​នាក់​ទៀត សម្រេច​ទិញ​មួក​សុវត្ថិភាព ដើម្បី​ការពារ​ជីវិត​ផង និង​ការ​ផាក​ពិន័យ​ផង។ ការ​ពិត​កញ្ញា​បាន​ដឹង​ពី​សារប្រយោជន៍ នៃ​ការ​ពាក់​មួក​សុវត្ថិភាព​យូរ​ហើយ ប៉ុន្ដែ​ទើប​មាន​លុយ​ទិញ៖ «វា (មួក​សុវត្ថិភាព) អាច​ជួយ​ការពារ​សុវត្ថិភាព​យើង​ពេល​មាន​គ្រោះ​ថ្នាក់ ហើយ​ជួយ​ការពារ​ថ្ងៃ។ ហេតុ​អ្វី​បាន​ជា​ប្អូន​សម្រេច​ទិញ​មួក​នៅ​ពេល​នេះ? ខ្ញុំ​ចង់​ការពារ​សុវត្ថិភាព​របស់​ខ្ញុំ កន្លង​មក​ខ្ញុំ​អត់​ធ្លាប់​ពាក់​ទេ ព្រោះ​ខ្ញុំ​អត់​ទាន់​មាន​ម៉ូតូ​ជិះ​តែ​ខ្ញុំ​ជិះ​ពី​ក្រោយ​គេ»

ចំណែក​បុរស​វ័យ​ប្រមាណ ៥០​ម្នាក់ ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ​រង់ចាំ​ម៉ូយ​ឌុប​នៅ​ខាង​មុខ​ផ្សារ​លើ ក្រុង​កំពង់ឆ្នាំង គឺ​លោក ជុំ ទិត្យ ឲ្យ​ដឹង​ថា រូប​លោក​បាន​ចាប់​អាជីព​រត់​ម៉ូតូ​ឌុប​ជាង ២១​ឆ្នាំ​ហើយ មិន​ដែល​ឲ្យ​អ្នក​រួម​ដំណើរ​ជាមួយ​ពាក់​មួក​សុវត្ថិភាព​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​លោក​សម្រេច​ពាក់​ខ្លួន​ឯង​ផង និង​ត្រៀម​មួក​មួយ​ទៀត​សម្រាប់​ភ្ញៀវ។

លោក​ថា នឹង​ទិញ​មួក​ថែម​មួយ​ទៀត​ឲ្យ​គ្រប់​ពីរ​សម្រាប់​អ្នក​ជិះ​ពី​ក្រោយ​ចំនួន​ពីរ​នាក់ ទើប​ទាន់​សភាពការណ៍ ឬ​មាន​ម៉ូយ​ជិះ​កាន់​តែ​ច្រើន និង​មិន​បារម្ភ​ពី​សុវត្ថិភាព៖ «វា​អត់​ទៀង ថ្ងៃ​ណា​ទៅ​មួយ​ព្រឹក​បាន ៣​ម៉ឺន ២​ម៉ឺន បាន ១​ម៉ឺន​ប្រាំ (១៥.០០០) ក៏​មាន ហើយ​ម្សិល​មិន​ខ្ញុំ​រត់​អត់​សូវ​បាន​ទេ បាន​តែ​មួយ​ម៉ឺន​មួយ​ថ្ងៃ។ ជិន ជេដ្ឋា៖ ហេតុ​អ្វី​បាន​ជា​ចំណូល​ថយ​ចុះ​អ៊ីចឹង? គេ​ខ្លាច​យើង​ជួន​កាល​ថា ប៉ូលិស​ចាប់​មួក​អ្នក​ខាង​ក្រោយ​អ៊ីចឹង​មួក​មាន​តែ​មួយ​គេ​អត់​ហ៊ាន​ជិះ​ដល់​ពីរ គឺ​ជិះ​តែ​ម្នាក់ៗ»

តូប​លក់ដូរ​មួយ​ចំនួន​នៅ​ផ្សារ​លើ និង​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង ដែល​ធ្លាប់​ដាក់​មួក​តាំង​លក់​ជាមួយ​របស់​របរ​ផ្សេង​ទៀត បាន​បង្កើន​ការ​កុម្ម៉ង់​ទិញ​មួក​សុវត្ថិភាព​ស្ទើរ​គ្រប់​ប្រភេទ​ពី​រាជធានី​ភ្នំពេញ ដើម្បី​យក​មក​ដាក់​លក់​ច្រើន​ទ្វេ​ដង។ អាជីវករ​ទាំង​នោះ​មាន​ខ្លះ​បាន​លក់​យក​ចំណេញ​ច្រើន​ជាង​ថ្ងៃ​ធម្មតា គឺ​មុន​ថ្ងៃ​ទី​១ ខែ​មករា និង​ខ្លះ​លក់​ក្នុង​តម្លៃ​សមរម្យ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​មក​ទិញ​កាន់​តែ​ច្រើន។

អាជីវករ​លក់​គ្រឿង​បន្លាស់​ម៉ូតូ និង​គ្រឿង​ជ័រ​ក្បែរ​ផ្សារ​លើ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៦ ដែល​សមត្ថកិច្ច​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក លោកស្រី​លក់​មួក​សុវត្ថិភាព​អស់​ចន្លោះ​ពី ២៥ ទៅ ៣០​មួក​ក្នុង​១​ថ្ងៃ។ មួក ១​មាន​តម្លៃ​ចន្លោះ​ពី​១​ម៉ឺន​ពីរ​ពាន់​រៀល ទៅ​៨​ម៉ឺន​រៀល ដែល​តម្លៃ​ទាំង​នេះ​លោក​ស្រី​មិន​បាន​លក់​ឡើង​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា​នោះ​ទេ។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ត្រង់​ជំពូក​ទី​៣ មាត្រា​៨ ចែង​ថា ទោចក្រយានយន្ត​អាច​ផ្ទុក​មនុស្ស ២​នាក់ និង​អាច​បន្ថែម​បាន​កុមារ​ម្នាក់។ អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ​ដែល​មាន​អាយុ​ចាប់​ពី ៣​ឆ្នាំ​ឡើង​ទៅ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ។ ក្នុង​ករណី​អ្នក​បើកបរ​ទោចក្រយានយន្ត​មិន​ពាក់​មួក​សុវត្ថិភាព នឹង​ត្រូវ​ពិន័យ​គុណ​នឹង ៥​ដង​​ នៃ​ច្បាប់​ចាស់​ឆ្នាំ​២០០៧ ស្មើ​នឹង ១៥.០០០​រៀល។

នាយ​រង​សណ្ដាប់​ធ្នាប់​ក្រុង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង លោក មុយ អ៊ីម មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​បួន​ថ្ងៃ នៃ​ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​លោក​សង្កេត​ឃើញ​ថា ​ពលរដ្ឋ​បាន​ប្រើ​មួក​សុវត្ថិភាព និង​កញ្ចក់​មើល​ក្រោយ​ជាង ៧៥​ភាគ​រយ​ហើយ។

លោក​ថា ស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​អនុវត្ត​ច្បាប់​ផ្ដោត​លើ​បញ្ហា​បី គឺ​មួក​សុវត្ថិភាព កញ្ចក់​មើល​ក្រោយ និង​យានយន្ត​គ្មាន​ស្លាក​លេខ៖ «សកម្មភាព​ព្រឹក​នេះ​បាន​ចំនួន ២៦​ករណី ទាក់ទង​នឹង​ខ្សែ​ក្រវាត់​ឡាន មួក និង​កញ្ចក់។ រយៈ​ពេល ៤​ថ្ងៃ​ដែល​ខ្ញុំ​ធ្វើ​មក​នេះ​មាន​ប្រជា​ពលរដ្ឋ​៧៥ ទៅ ៨០​ភាគរយ​ហើយ»

របាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា រយៈពេល​ពីរ​ថ្ងៃ​ដំបូង នៃ​យុទ្ធនាការ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នៅ​ដើម​ឆ្នាំ​២០១៦ បាន​ឃាត់​ឡាន និង​ម៉ូតូ​ជិត ២០០​គ្រឿង (១៥២​គ្រឿង) ព្រម​ទាំង​បាន​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ជាង ១​ពាន់​នាក់ (១.២២៤​នាក់)។ ម៉ូតូ​គ្មាន​ពន្ធ ឬ​ស្លាក​លេខ​ដែល​បាន​ឃាត់​មក​រក្សា​ទុក សមត្ថកិច្ច​ទុក​ពេល​ឲ្យ​ម្ចាស់​១​សប្ដាហ៍ ដើម្បី​ដោះស្រាយ។

មាត្រា​៨២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដដែល​ចែង​ថា ជន​ណា​ប្រើប្រាស់​យានយន្ត​គ្មាន​ប័ណ្ណ​សម្គាល់ ឬ​គ្មាន​ស្លាក​លេខ​សម្គាល់​រថយន្ត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ ១​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១​សែន​រៀល​ទៅ ៨​សែន​រៀល។

ព្រះរាជក្រម​បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ នីតិកាល​ទី​៥ ហើយ​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ នា​សម័យ​ប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៣។ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ មាន ១២​ជំពូក និង ៩២​មាត្រា ហើយ​មាន​ការ​កែប្រែ​លើ​ខ្លឹមសារ និង​ការ​ផាក​ពិន័យ​មួយ​ចំនួន គឺ​ខុស​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចាស់​ឆ្នាំ​២០០៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។