ប្រពន្ធ​មិន​ចង់ឲ្យ​កូន​បៅដោះ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​?

ប្រពន្ធ​មិន​ចង់ឲ្យ​កូន​បៅដោះ តើ​អ្នក​គួរ​ធ្វើ​ដូចម្តេច​?

​ភរិយា​មួយ​ក្តាប់​តូច មិន​ចង់ឲ្យ​កូន​បៅដោះ​ឡើយ ដោយហេតុ​ថា ខ្លាច​ខូច​សុដន់ ហើយ​ស្ត្រី​ប្រភេទ​នេះ ទាមទារ​ការយកចិត្ត​ទុកដាក់ និង​ការលើកទឹកចិត្ត​ខ្ពស់បំផុត​។ អ្នក​ត្រូវ​គិតថា ការ​បំបៅ​ដោះកូន គឺជា​រឿង​ដ៏​អស្ចារ្យ​ណាស់ សម្រាប់​ជីវិត​ជា​ស្ត្រីភេទ​។​

​បំណង​របស់​យើង ក្នុង​ការសរសេរ​អត្ថបទ​នេះ​ឡើង គឺ​ចង់​ឲ្យ​មាតា​គ្រប់រូប ស្ម័គ្រចិត្ត​បំបៅ​ដោះកូន ពីព្រោះថា ការ​បំបៅ​ដោះកូន មិន​អាច​ធ្វើឲ្យ​សុដ​ន់អ្នក​ខូច​សម្រស់​នោះទេ ប៉ុន្តែ វា​ថែមទាំង​មាន​ផលប្រយោជន៍​លើសលប់​ទៀតផង ជាពិសេស គឺ​ការពារ​ជំងឺមហារីក​ដោះ​។​ ​ទឹកដោះ​ម្តាយ ជា​សារធាតុ​ដែល​ល្អ​បំផុត នៅលើ​លោក​យើង​នេះ សម្រាប់​ទារក​។ ក្នុងនាម​ជា​ប្តី អ្នក​ក៏ត្រូវ​រួមចំណែក និង​លើកទឹកចិត្ត​ប្រពន្ធ ឲ្យ​បំបៅ​ដោះកូន​ដោយ​សុដ​ន់ដែរ​។ ស្វាមី​គ្រប់រូប គួរតែ​បង្ហាញ​ក្តី​គោរព និង​ជំរុញ​ឲ្យ​ភរិយា​របស់​ខ្លួន យល់ព្រម​បំបៅ​ដោះកូន​។​

​អ្វី​ដែល​ស្វាមី​គ្រប់រូប​គួរ​ធ្វើ មានដូចជា ៖
១. “​អរគុណ​ប្រពន្ធ​សំឡាញ់ ដែល​ព្រម​ឲ្យ​កូន​បៅដោះ​”
​ភរិយា​អ្នកនឹង​ភ្ញាក់ផ្អើល រីករាយ ហើយ​យល់ស្រប ចំពោះ​ការស្នើរ​សុំ​របស់​អ្នក​ជា​មិនខានឡើយ​។​

២. “​បង​គាំទ្រ​ខ្លាំងណាស់ នៅពេល​អូន​សម្រេចចិត្ត​បំបៅ​ដោះ​កូន​”
​អ្នក​ត្រូវ​បង្ហាញ​ការគាំទ្រ និង​លើកទឹកចិត្ត​បន្ថែម ឲ្យ​ប្រពន្ធ​របស់​ខ្លួន​បំបៅ​ដោះ​កូន​។ អ្នក​ត្រូវ​ណែនាំ​បន្ថែម អំពី​សារៈប្រយោជន៍​នៃ​ការ​បំបៅ​ដោះកូន​។​

៣. “​អូន​ល្អ​ណាស់ សម្រាប់​កូន​យើង​”
​ជឿទុកចិត្ត និង​ផ្តល់​ភាពកក់ក្តៅ​ឲ្យ​ប្រពន្ធ ដើម្បី​ធ្វើឲ្យ​នាង​យល់ថា នាង​សាក​សម​នឹង​បំបៅកូន​សុដន់​។​

៤. “​ល្អ​ណាស់ អូន​សម្លាញ់ កូន​យើង​ច្បាស់​ជា​មាន​សុខភាព​ហើយ​”
​ញញឹមរ​កនាង ពេល​នាង​បំបៅកូន ហើយ​និយាយ​ល្អៗ អំពី​សារៈប្រយោជ៍​នៃ​ការ​បំបៅ​ដោះ ឲ្យ​នាង​បាន​ស្តាប់​។​

៥. “​រៀបចំ​កន្លែង ឬ​ប្រដាប់ប្រដារ​នានា ដើម្បី​ងាយ​ឲ្យ​នាង​បំបៅកូន​”
​កូនបៅ​មិន​ស្រួល ឬ​នាង​គ្មាន​ផាសុកភាព ច្បាស់​ណាស់ នាង​នឹង​លែង​ចង់​ទៀតហើយ​។​

៦. “​ចាំ​បង​ធ្វើ​ជំនួស​”
​ការ​បំបៅ​ដោះកូន ជា​ការងារ​លំបាក ហើយ​ក៏​ត្រូវការ​ពេលវេលា​ផងដែរ ដូច្នេះ ចូរ​អ្នកធ្វើការងារ​ផ្សេងៗ​ជំនួស​នាង​ផង ដូចជា រៀបចំ​សម្លៀកបំពាក់ សម្អាត​បន្ទប់ ឬ​ធ្វើ​ម្ហូប​ជាដើម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។