គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន មានមន្រ្តីមកពី NGO ៥រូប កំពុងធ្វើសកម្មភាព យ៉ាងខ្លាំងក្លា

ភ្នំពេញ ៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលទើបតែបង្កើតឡើង កាលពីពេលថ្មីៗ នេះ មានបុគ្គលសំខាន់ៗ ចំនួន៥រូប មកពីអង្គការសង្គមស៊ីវិល (NGO) នានាកំពុងបំពេញការងារយ៉ាងផុសផុល ក្នុងការពង្រឹងបក្ស ដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៧ និង២០១៨ខាងមុខ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ គបម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះបានបង្ហាញថា មន្រ្តីមកពីក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានខិតខំពុះពារយ៉ាងខ្លាំងក្លា ក្នុងការចុះទៅតាមមូលដ្ឋាន ដើម្បីជួបជាមួយអ្នកគាំទ្រ។

មន្រ្តីទាំង៥រូបនោះ គឺជាមនុស្សដែលមានចំណេះដឹងយ៉ាងជ្រៅជ្រះ និងមានសមត្ថភាពខ្ពស់ អស់រយៈពេលជា ច្រើនឆ្នាំ កន្លងមកហើយក្នុងការប្រឡូកការងារជាប្រធានអង្គការ សមាគមដោយបានដឹងយ៉ាងច្រើន ពីបញ្ហាសង្គមជាតិទាំងក្នុង និងក្រៅប្រទេស។

សមាសភាពសមាជិកជំហររបស់ គបម ដែលមានបទពិសោធន៍ដឹកនាំការងារក្នុងសង្គមស៊ីវិលនោះរួមមាន៖ទី១-លោក អ៊ួន សុផល អតីតប្រធានបណ្តាញកសិករធម្មជាតិ, ទី២-លោក កុក ថា ប្រធានក្រុមសន្សំមិត្តជួយមិត្ត, ទី៣-លោក យ៉េង វីរៈ អតីតនាយកមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍, ទី៤-លោក យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក និងទី៥-លោក សាម អ៊ីន អតីតនាយកអង្គការជីវិតថ្លៃថ្នូរ។

ក្នុងសមាជប្រចាំឆ្នាំ២០១៥ របស់អង្គការសេដាក នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-ជប៉ុនកាលពីថ្ងៃទី២៨ ធ្នូ ២០១៥កន្លងមកនេះ  លោកបណ្ឌិត យ៉ង សាំងកុមារ មិនបានឈរឈ្មោះធ្វើជាប្រធានអង្គការនេះទៀតទេ ដោយលោកបានយកពេលវេលាមកពង្រឹងបក្ស។

លោកបានថ្លែងថា មូលហេតុដែលលោក សម្រេចចិត្តឈប់ពីប្រធានអង្គការមួយដោយសារតែលោកអស់អាណត្តិ ពិសេសមើលឃើញ ពីចំណុចខ្វះខាតក្នុងការអប់រំបណ្តុះបណ្តាល របស់រាជរដ្ឋាភិបាល លើវិស័យកសិកម្មក្នុង គោលនយោបាយរបស់ខ្លួន។

បច្ចុប្បន្ននេះ លោក យ៉េង វីរៈ ជាប្រធានគណបក្ស, លោក សាម អ៊ីន ជាអគ្គលេខាធិការ, លោក កុក ថា ជាអ្នកជួយការងារ ផ្នែកយុវជនរបស់បក្ស, លោក អ៊ួន សុផល ជាសមាជិកគណៈកម្មាធិការបណ្តោះអាសន្នបក្ស និងលោក យ៉ង សាំងកុមារ ជាទីប្រឹក្សារបស់គណបក្ស៕

គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន មានមន្រ្តីមកពី NGO ៥រូប កំពុងធ្វើសកម្មភាព យ៉ាងខ្លាំងក្លា

លោក សាម អ៊ីន,លោក យ៉ង សាំងកុមារ,លោក យ៉េង វីរៈ,លោក កុក ថា,លោក អ៊ួន សុផល