ក្រសួងសុខាភិបាល ស្នើឲ្យសមត្ថកិច្ច ចាត់វិធានការ ឃាត់រថយន្ត គិលានសង្គ្រោះ ខុសច្បាប់

ភ្នំពេញ៖ ដោយសង្កេតឃើញថា សព្វថ្ងៃនេះ មានរថយន្តគិលានសង្គ្រោះ ( Ambulance) គ្លីនិកឯកជនមួយចំនួន បានក្លែងបន្លំ និងគ្មានស្លាកលេខរថយន្តត្រឹមត្រូវ កំពុងធ្វើសកម្មភាពដឹកជនរងគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវយកមកគ្លីនិករបស់ខ្លួននោះ ក្រសួងសុខាភិបាល ស្នើសុំឲ្យអគ្គស្នងការនគរបាលជាតិ ចាត់វិធានការលើបញ្ហានេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ការស្នើឲ្យសមត្ថកិច្ចចាត់វិធានការ លើបញ្ហានេះ ដោយសាររថយន្តគិលានសង្គ្រោះទាំងនោះ បានគាបសង្កត់លើជនរងគ្រោះ ឬបង្ខំឲ្យបង់ថ្លៃសេវាមួយ ដែលថ្លៃជាទីបំផុត ឬសកម្មភាពរកស៊ីជួញដូរខុសច្បាប់ផ្សេងទៀត ដោយប្រើប្រាស់ស៊ីរ៉ែនក្លែងបន្លំ ជារថយន្តគិលានសង្គ្រោះដឹករបស់របរ ដែលច្បាប់បានហាមឃាត់ជាដើម ។

ការចរាចររបស់រថយន្តគិលានសង្គ្រោះ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលទាំងនេះ បានជះឥទ្ធិពលអាក្រក់ មកលើប្រទេសកម្ពុជា ជាពិសេសភ្ញៀវទេសចរណ៍ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលផ្ទុយពីកម្ពុជា បច្ចុប្បន្នកំពុងទទួលបានសក្តានុពល និងកំណើនភ្ញៀវទេសចរ តាមគោលដៅកំណត់របស់រាជរដ្ឋាភិបាល៕

ក្រសួងសុខាភិបាល ស្នើឲ្យសមត្ថកិច្ច ចាត់វិធានការ ឃាត់រថយន្ត គិលានសង្គ្រោះ ខុសច្បាប់