ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាត់​សោរ​ទ្វា​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ

ភ្នំពេញ: ឃាត់ខ្លួន​ជនសង្ស័យ​កាត់​សោរ​ទ្វា​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ម្នាក់ ប្រគល់​ឲ្យសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ចាត់ការ​តាម​នីតិវិធី​។ ការឃាត់​​ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង  ភូមិ​ភ្នំ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ផ្ទះជួល​មាន ឈ្មោះ ថន ជីវ៉ា ភេទ​ប្រុស  អាយុ​៤០​ឆ្នាំមុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ចំណុចកើតហេតុ ខាងលើ ។ ចំណែក​ជនសង្ស័យ​ដែលឃាត់ខ្លួន​មានឈ្មោះ ពុធ ឈួន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ ។​

 ជនរងគ្រោះ​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គាត់ បាន​ចាក់សោរ​ទ្វារផ្ទះចេញទៅ​រត់​ម៉ូតូឌុប ចំណែក​ប្រពន្ធ​ក៏​ទៅធ្វើ​ការ​ដែរ លុះដល់​វេលា​ម៉ោង​១​និង​៣០នាទី​ឈានចូល ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ គាត់ និង​ប្រពន្ធ ក៏​ត្រឡប់មកផ្ទះ​វិញឃើញ​ទ្វា​ផ្ទះ​របើក ក៏​ដើរចូល​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​​ពួន​នៅក្រោម​គ្រែ​ក៏​ធ្វើការ​ឃាត់ខ្លួន នាំមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២​ដើម្បី​ចាត់ការបន្ត ៕​