លោក​ ជា សុ​មេធី ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលខេត្ត​ព្រៃវែង នៅ​រសៀល​នេះ​

ខេត្តព្រៃវែង: លោក ជា សុ​មេធី កូនប្រុស​ពៅ​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អតីត​ប្រធានព្រឹទ្ធសភា ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង នៅ​រសៀល​ថ្ងៃទី​៥ ខែមករា នេះ នៅ​សាលាខេត្ត​ព្រៃវែង ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​ម​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​មន្ត្រី​សាលាខេត្ត តំណាងរាស្ត្រ និង​អ្នកមុខអ្នកការ​មួយចំនួនទៀត​។​

​លោក ជា សុ​មេធី ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ជំនួស​លោក ហាស់ សារ៉េត ដែល​ត្រូវ​ផ្លាស់ប្តូរ​ការងារ​មក​ប​ម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ​។ ​ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​។​

​គួររម្លឹកថា លោក ហាស់ សារ៉េត បាន​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១២​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា សុ​មេធី ជា​អតីត​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អតីត​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ​៕​