អគ្គនាយក​អន្តោប្រវេសន៍ ព្រមាន​ដក​មន្ត្រីនគរបាល​ណា អនុញ្ញាត​ឲ្យ​ជនបរទេស ឆ្លងដែន​ចូល​កម្ពុជា​គ្មាន ឯកសារ​ត្រឹមត្រូវ

ភ្នំពេញ:  អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខផល បាន​ព្រមាន​ថា​នឹង​បន្ត​ចាត់វិធានការ​ដោយ​គ្មាន​ការលើកលែង​ចំពោះ​បណ្តាមន្ត្រី​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​មន្ត្រី​អសកម្ម​ណា ដែល​នៅតែបន្ត​បើកដៃ​ឲ្យ​ជនបរទេស​ឆ្លងដែន​ចូលមក​កម្ពុជា គ្មាន​ឯកសារ​កំណត់អត្តសញ្ញាណ លិខិតឆ្លងដែន និង​ទិដ្ឋាការ​ឆ្លងដែន​ត្រឹមត្រូវ​។​

​នៅក្នុង​ពី​ធី​ធ្វើ​បទ​បង្ហាញ​ចែករំលែក​បទពិសោធន៍ ស្តីពី​ការងារ​អន្តោប្រវេសន៍ ជូន​ដល់សិក្ខាកាម និង​មន្ត្រីនគរបាល​នានា​នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា នា​ព្រឹក​ថ្ងៃទី៥ ខែមករា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ថ្លែងថា កន្លងមក​មាន​នគរ​បាលច្រកទ្វារព្រំដែន​នៅ​ក្អម​សំណរ ជាប់​ព្រំដែន​វៀតណាម ត្រូវបាន​ដកដំណែង ដាក់ការពិន័យ និង​បាន​បញ្ជូន​ឡើងទៅ​តុលាការ​រួចហើយ បន្ទាប់ពី​មន្ត្រី​នោះបានអនុញ្ញាត​ឲ្យ​ជនបរទេស បាន​ឆ្លងដែន​ចូលមក​កម្ពុជា​ខុសច្បាប់​​។ លោក​បន្តថា ទន្ទឹមនឹង​នេះដែរ​ក៏មាន​នគរបាល​ប៉ុស្តិ៍​ច្រក​ទា្វរ​មួយចំនួនទៀត​នៅតាមខ្សែបន្ទាត់​ព្រំដែន​ថៃ ឡាវ និង​វៀតណាម ក៏ត្រូវ​បានដាក់​ព្រមាន​ដក​ដំណែង​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ជនបរទេស​ឆ្លងដែន​ខុសច្បាប់​ចូលមក​ទឹកដី​កម្ពុជា ផងដែរលោក​ឧ​ត្ត​ម​សេនីយ៍​សុខ ផល បាន​បន្តថា កន្លងមក​អគ្គនាយក​ដ្ឋា​នអន្តោប្រវេសន៍ បាន​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ រឹតបន្តឹង​សន្តិសុខនិង​ទប់ស្កាត់​ជនបរទេស​លួច​មក​ខុសច្បាប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន និង​ច្រករបៀង​នានា។​

​ក្នុងឱកាស​នោះ​លោក ក៏បាន​បង្ហាញ​តួលេខ​ថា នៅ​ទូទាំង​ឆ្នាំ​២០១៥ នៅតាមច្រកទ្វារព្រំដែន​អន្តរជាតិ​២៤​កន្លែង មាន​ភ្ញៀវ​បរទេស ប្រមាណ​ជាង​២០០សញ្ជាតិ សរុប​ប្រមាណ​ជាង ៤​លាន​៣​សែន​នាក់ បាន​ឆ្លងដែន​ចូលមក​ទស្សនាកម្សាន្ត និង​ប្រកប​របរការ​ងារ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​តួលេខនេះ គឺ​មិន​គិត​បញ្ចូល​ជនបរទេស​ចូល​លេងល្បែង​នៅតាម​កាស៊ីណូ​នៅតាមជាយដែន​នោះទេ​។​ដោយឡែក​នៅក្នុង​ឆ្នាំ​២០១៥​នេះ ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរចេញទៅ​ក្រៅប្រទេស​មាន​ប្រមាណ​ជាង ១​លាន​១​សែន​នាក់ កើន​១៨.៦៨​ភាគរយបើ​ធៀប​នឹង​ឆ្នាំ​២០១៤ ៕​