ក្រសួងបរិស្ថាន កំពុង​សិក្សា នៃ​ការដាក់បញ្ចូល​ការផលិត​អគ្គិសនី ដោយ​ប្រើ​ថាមពល​កកើត​ឡើងវិញ

ភ្នំពេញ: ក្រសួងបរិស្ថាន កំពុង​ពិភាក្សា លើ​លទ្ធផល នៃ​ការសិក្សា ស្តីពី លទ្ធភាព​នៃ​ការដាក់បញ្ចូល​ការផលិត​អគ្គិសនី ដោយ​ប្រើ​ថាមពល​កកើត​ឡើងវិញ ជាពិសេស ថាមពល​ពន្លឺព្រះអាទិត្យ នៅ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Mekong Strategic Partners ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល ដោយ​កាត់បន្ថយ​ហានិភ័យ​ផ្នែក​បច្ចេកវិទ្យា សេដ្ឋកិច្ច បរិស្ថាន និង​នយោបាយ ក៏ដូចជា ចាប់យក​ឱកាស​ក្នុងការ​ទាក់ទាញ​ហិរញ្ញប្បទាន​ពី​ប្រភព​ខាងក្រៅ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​

បើ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រសួងបរិស្ថាន​នៅថ្ងៃទី៥ខែមករានេះ បាន​ឲ្យ​ដឹងថា អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បានចាប់ផ្តើម​ការងារ​របស់ខ្លួន នៅ​អគារ​ថ្មី នៃ​ទីស្តីការ​ក្រសួងបរិស្ថាន ជាមួយនឹង​ការពិភាក្សា លើ​លទ្ធផល នៃ​ការសិក្សា ស្តីពី លទ្ធភាព​នៃ​ការដាក់បញ្ចូល​ការផលិត​អគ្គិសនី ដោយ​ប្រើ​ថាមពល​កកើត​ឡើងវិញ ជាពិសេស ថាមពល​ពន្លឺព្រះអាទិត្យ នៅ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Mekong Strategic Partners​។

​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ការសិក្សា​បានបង្ហាញ​ថា ប្រព័ន្ធ​ផលិត​អគ្គិសនី​ដោយ​ប្រើ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ (Photovoltaics) ដែលមាន​សមត្ថភាព ផលិត​ពី ១ មេ​ហ្កា​វ៉ា​ត់​ឡើងទៅ អាច​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​បាន ក្នុងករណី​ថ្លៃ​លក់​អគ្គិសនី​ប្រមាណ 0,12$/kWh (580 រៀល​)​។

​ប្រភព​ដដែល​បាន​បន្តថា ការសិក្សា​បានផ្តល់​អនុសាសន៍​ថា កម្ពុជា គួរ​ពិនិត្យ​លទ្ធភាព​ដាក់បញ្ចូល​ការផលិត​អគ្គិសនី ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ​ជា​បណ្តើរៗ ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល ដោយ​កាត់បន្ថយ​ហានិភ័យ​ផ្នែក​បច្ចេកវិទ្យា សេដ្ឋកិច្ច បរិស្ថាន និង​នយោបាយ ក៏ដូចជា​ចាប់យក​ឱកាស​ក្នុងការ​ទាក់ទាញ​ហិរញ្ញប្បទាន​ពី​ប្រភព​ខាងក្រៅ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​៕

ក្រសួងបរិស្ថាន កំពុង​សិក្សា នៃ​ការដាក់បញ្ចូល​ការផលិត​អគ្គិសនី ដោយ​ប្រើ​ថាមពល​កកើត​ឡើងវិញ