AKP៖ តុលា​ការចេញ​ដីកាចាប់ខ្លួន​ឯកឧត្តម សម រង្ស៊ី ក្នុង​សំណុំរឿង​ផែនទី​

​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​មួយទៀត បញ្ជា​ឲ្យ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ក្នុង​សំណុំរឿង​ក្លែង​ឯកសារ​សាធារណៈ ដែល​ទាក់ទង​នឹង​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម​។ ព័ត៌មាន​ស្តីពី​ការចេញ​ដីកាចាប់ខ្លួន​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP​។​

​ប្រធាន​គណបក្សប្រឆាំង​ក្នុង​រដ្ឋសភា​កំពុង​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​បណ្តឹង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្សកាន់អំណាច​។ ក្តីក្តាំ​ជាមួយ​លោក ហោ ណាំហុង ក្នុង​សំណុំរឿង​បរិហាកេរ្តិ៍​ដែរនោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ក្លាយជា​ទណ្ឌិត​រួចហើយ​ក្រោយពី​សាលដីកា​ចូល​ស្ថាពរ​។ នៅពេលនេះ មេដឹកនាំ​គណបក្សប្រឆាំង​ដដែល​ក៏​កំពុង​ជាប់​បណ្តឹង​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ​។​

​តាំងពី​ខែសីហា ក្រោយពី​ឯកឧត្តម សម រង្ស៊ី បង្ហោះ​ការអត្ថាធិប្បាយ​របស់លោក ហុង សុខ​ហួរ ដែល​និយាយថា​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​នោះ រដ្ឋាភិបាល​ចោទ​លោក ហុង សុខ​ហួរ និង​កោះហៅ​ឯកឧត្តម សម រង្ស៊ី សាកសួរ​បន្ថែម​។ ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិនដែល​បានបង្ហាញ​ខ្លួន​នៅ​តុលាការ​ឡើយ​៕