ប៉ូលិស​ចាប់​ខ្លួន​អ្នក​បើក​រថយន្តក្រុង​បន្ទាប់ពី​បង្ក​​​គ្រោះ​ថ្នាក់​ចរាចរណ៍ដែល​​​ធ្វើ​​​ឲ្យ​​​​របួស​មនុស្ស​បី​នាក់

ប៉ូលិស​នៅ​ខេត្ត​កំពង់​ចាម​បាន​ចាប់​ខ្លួន​អ្នក​បើកបរ​រថយន្ត​ក្រុង​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ កម្ពុជា​អង្គរ​អិុចប្រេស និង​ព្រូឡាន​របស់​គាត់ បន្ទាប់ពី​ពួកគេ​បាន​បុក​ពី​ក្រោយ​គោយន្ត​​​នៅ​លើ​ផ្លូវ​ជាតិ​៧១​អា កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដោយ​បណ្តាល​ឲ្យ​របួស​អ្នក​បើកបរ​និង​អ្នក​ដំណើរ​ពីរ​នាក់ មុន​ពេល​រត់​ចេញ​ពី​កន្លែង​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក លឹម សុធី អធិការ​ប៉ូលិស​ស្រុក​ចម្ការ​លើ បាន​និយាយ​ថា បន្ទាប់ពី​ចាកចេញ​ពី​កន្លែង​គ្រោះថ្នាក់​តាម​ម៉ូតូ​ឌុប​មួយ​គ្រឿង អ្នក​ទាំង​ពីរ គឺ អ្នក​បើកបរ​ឈ្មោះ លឹម ពិសី អាយុ​២៨​ឆ្នាំ និង​ព្រូ​ឡាន ឈ្មោះ ហាក់ គូប អាយុ​២៨​ឆ្នាំ​ដែរ ត្រូវ​បាន​​​ប៉ូលិស​​​ប្រទះ​ឃើញ​​​​ធ្វើ​ដំណើរ​មក​កន្លែង​គ្រោះថ្នាក់ ហើយ​បន្ទាប់មក​បាន​ចាប់​ខ្លួន​ពួកគេ។

លោក​បាន​និយាយ​ថា “យើង​បាន​ឃើញ​អ្នក​ទាំង​ពីរ ហើយ​យើង​សង្ស័យ​ថា ពួកគេ​ជា​អ្នក​បើក​រថយន្ត​ក្រុង​និង​ព្រូឡាន ពីព្រោះ​គេ​បាន​ប្រាប់​យើង​ថា ពួកគេ​បាន​ភៀសខ្លួន ហើយ​ពួកគេ​ប្រឡាក់​ដី និង​មិន​ពាក់​ស្បែក​ជើង”។

លោក សុធី បាន​និយាយ​ថា តាម​ការ​សាកសួរ​របស់​ប៉ូលិស​ស្រុក លោក ពិសី បាន​សារភាព​ថា ពិត​ជា​បាន​បុក​គោយន្ត​​​នោះ​មែន។ លោក​បាន​បន្ថែម​ថា ជនសង្ស័យ​ទាំង​ពីរ​អ្នក​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ដើម្បី​សាកសួរ​បន្ថែម​នៅ​ថ្ងៃ​នេះ។

លោក សុធី បាន​និយាយ​ថា រថយន្ត​ក្រុង​នោះ​កំពុង​ដឹក​ទេសចរ​បរទេស​១៩​នាក់ និង​ពលរដ្ឋ​ខ្មែរ​១៧​នាក់ ពី​ក្រុង​សៀមរាប​មក​ក្រុង​ភ្នំពេញ នៅ​ពេល​ដែល​វា​បុក​ពី​ក្រោយ​គោយន្ត​​​​ឥត​ភ្លើង​បំភ្លឺ ដែល​ដឹក​អុស​នៅ​ម៉ោង​៣​និង​៣០​នាទី​យប់ ហើយ​គ្មាន​នរណា​ម្នាក់​នៅ​លើ​រថយន្ត​ក្រុង​នោះ​រង​របួស​ទេ។

លោក​បាន​និយាយ​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ រថយន្តក្រុង​ខូច​ខ្ទេច​ផ្នែក​ខាង​មុខ ខូច​គោយន្ត​​​​និង​កន្ទុយ។

លោក សុធី បាន​ពន្យល់​ថា អ្នក​បើក​គោយន្ត​​​​ ឈ្មោះ ឡាយ លុន អាយុ​២១​ឆ្នាំ បាន​​​​រង​របួស​ក្នុង​ខ្លួន​ខ្លាំង រីឯ​អ្នក​ដំណើរ​ពីរ​នាក់​រង​របួស​ស្រាល ទាំងអស់​គ្នា​សុទ្ធតែ​ប៉ះ​ទង្គិច​នឹង​កំណាត់​អុស ដែល​ពួកគេ​ដឹក។ លោក​បាន​និយាយ​ថា អ្នក​ទាំង​បី​បាន​ទទួល​ការ​ព្យាបាល​ទាំង​យប់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ចម្ការ​លើ។

លោក ឡុង ម៉េងសែ នាយ​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវ​គោក​ខេត្ត​កំពង់ចាម បាន​បន្ទោស​គ្រោះថ្នាក់​នោះ​លើ​អ្នក​បើកបរ​យាន​ទាំង​ពីរ​គ្រឿង។

លោក​បាន​និយាយ​ថា “រថយន្តក្រុង​បើក​លឿន​ណាស់ ហើយ​ប្រឹង​វ៉ា [គោយន្ត​​​​]​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ដែល​គោយន្ត​​​​គ្មាន​ភ្លើង​បំភ្លឺ ឬ​បន្ទះ​ចំណាំង​នៅ​ពី​ក្រោយ”។

តំណាង​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អិុចប្រេស​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ៕និត

 

The post ប៉ូលិស​ចាប់​ខ្លួន​អ្នក​បើក​រថយន្តក្រុង​បន្ទាប់ពី​បង្ក​​​គ្រោះ​ថ្នាក់​ចរាចរណ៍ដែល​​​ធ្វើ​​​ឲ្យ​​​​របួស​មនុស្ស​បី​នាក់ appeared first on ខេមបូឌា ដេលី.