អាហារគួរចៀសវាង មុនពេលចូលគេង

មនុស្សគ្រប់គ្នានឹងយល់ថា វាពិតជារឿងមួយពិបាកណាស់ក្នុងការចៀសឱ្យផុតពីការញ៉ាំអាហារសម្រន់នៅពេលយប់ជ្រៅ។ យកល្អចូរចាំថា មុនពេលអ្នកញ៉ាំអាហារនោះ អ្នកពិតជាមិនចង់ឱ្យវារំខានដល់ការគេងរបស់អ្នកឡើយ ហើយក៏មិនត្រូវញ៉ាំអាហារណាមានកាឡូរីខ្ពស់ដែរ។ មធ្យោបាយដ៏ល្អបំផុតនោះគឺត្រូវប្រាកដថាអ្នកបានជ្រើសរើសអាហារសម្រន់នោះប្រកបដោយភាពឆ្លាតវ៉ៃ។ ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរចៀសវាងមុនពេលចូលគេង។

ភីហ្សា
ជាទូទៅ អ្នកគួរតែធ្វើយ៉ាងណាកុំឱ្យក្រពះធ្វើការខ្លាំងពេកនៅពេលយប់ដើម្បីអាចស្រួលក្នុងការគេង។ ការញ៉ាំភីហ្សាមុនពេលចូលគេងគឺជារឿងមិនត្រឹមត្រូវទេ ព្រោះរាល់ជាតិអាមីដុង ប្រេង និងសាច់ក្នុងអាហារមួយនេះមិនមែនងាយស្រួលរំលាយឡើយ។ មួយវិញទៀត អ្នកក៏មិនអាចមានឱកាសរំលាយជាតិខ្លាញ់ទាំងអស់នោះនៅពេលយប់បានដែរ។

ការ៉េម
ការញ៉ាំការ៉េមអាចជារឿងមួយស្រួលខ្លួន ប៉ុន្តែលទ្ធផលវាអាចនឹងរំខានដល់អ្នកបាន នេះដោយសារតែវាផ្ទុកកាឡូរីច្រើន ដែលជាហេតុនាំឱ្យជាតិស្ករក្នុងឈាមកើនឡើង និងធ្វើឱ្យពិបាកគេង។ ការ៉េមក៏មានជាតិខ្លាញ់ដែរ ដូច្នេះវារឹងតែធ្វើឱ្យឡើងទម្ងន់។

ខ្ទឹមស
ត្រង់ចំណុចនេះមិនមែនខ្ញុំនិយាយថា ខ្ទឹមសធ្វើឱ្យមានក្លិនមាត់អាក្រក់ដូច្នេះវាមិនសាកសមសម្រាប់អាហារមុនចូលគេងឡើយ។ តាមពិតខ្ទឹមសអាចបណ្តាលឱ្យមានការរលាកក្នុងពោះ និងចេញជារោគសញ្ញាមិនស្រួលក្នុងក្រពះ និងច្រាលជាតិអាស៊ីតក្រពះទៀតផង។ ការមិនស្រួលក្នុងពោះបែបនេះនឹងងាយធ្វើឱ្យអ្នកគេងមិនលក់ណាស់។

ឃឹនឆាយ
និយាយទៅឃឹនឆាយដូចជាគ្មានអ្វីខុសប្រក្រតីទេ ព្រោះវាជាប្រភពនៃជីវជាតិដ៏ល្អៗចំពោះមនុស្សដូចជា ជាតិសរសៃ ប៉ូតាស្យូម ម៉ាញ៉េស្យូម ទងដែង វីតាមីន A, C និងK។ ដូច្នេះអ្នកអាចញ៉ាំបាន ប៉ុន្តែកុំញ៉ាំច្រើនពេកអីជាពិសេសនៅពេលយប់តែម្តង ព្រោះអាហារនេះមានសមាសធាតុជាឱសថបញ្ចុះទឹកនោម ដូច្នេះអ្នកនឹងត្រូវការនោមច្រើនដងជាមិនខាន។

គ្រឿងស្រវឹង
វាគឺជាការពិតណាស់ដែលថាការញ៉ាំគ្រឿងស្រវឹងអាចជួយឱ្យអ្នកគេងឆាប់លក់។ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថា នៅពេលអ្នកស្រវឹង អ្នកនឹងគេងកាន់តែពិបាកលក់។ អ្នកពិតជាមិនចង់ឱ្យរឿងនេះកើតឡើងឡើយ ព្រោះវានឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រស់ស្រាយ និងមានកម្លាំងទេនៅព្រឹកឡើង។ ដូច្នេះចូរចៀសឱ្យឆ្ងាយពីគ្រឿងស្រវឹងបើសិនជាអ្នកចង់គេងស្កប់ស្កល់មែននោះ។

សាច់ក្រហម
ការញ៉ាំសាច់ច្រើនអាចបណ្តាលឱ្យមានអារម្មណ៍ងងុយគេងបាន។ បើសិនជាអ្នកគិតថា រឿងនេះគឺជារឿងល្អនោះ ចូរគិតវាឡើងវិញសិន។ រឿងនេះមិនខុសគ្នានឹងការញ៉ាំគ្រឿងស្រវឹងនៅពេលយប់ឡើយ ការញ៉ាំសាច់ក្រហមមុនពេលចូលគេងប្រហែលជាធ្វើឱ្យអ្នកពីបាកគេងបាន ព្រោះប្រព័ន្ធរំលាយអាហារត្រូវការធ្វើការខ្លាំងសម្រាប់រំលាយសាច់ទាំងនេះ៕

អាហារគួរចៀសវាង មុនពេលចូលគេង

ប្រភព៖ គេហទំព័រ www.health.com.kh