យូអិន ថ្កោលទោសការ វាយប្រហារ ស្ថានទូត អារ៉ាប៊ី សាអូឌីត នៅប្រទេសអ៊ីរ៉ង់

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានប្រកាសថ្កោលទោសក្នុងកម្រិត ធ្ងន់បំផុត ចំពោះ ការវាយប្រហារ ទៅលើស្ថានទូត និង ស្ថានកុងស៊ុល នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត ក្នុង ទីក្រុងតេហេរ៉ង់ ប្រទេសអីរ៉ង់ ដែលបាន នាំឲ្យមានការខូចខាតយ៉ាង ធ្ងន់ធ្ងរ ព្រមទាំងបានបំផ្លាញទំនាក់ទំនងការទូត រវាងប្រទេស ទាំងពីរផងដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយទៀតថា ការសម្រេចថ្កោលទោសខាងលើនេះ ធ្វើឡើងបន្ទាប់ពីកិច្ច ប្រជុំបើកទំព័រឆ្នាំ ២០១៦ កាលពីថ្ងៃចន្ទ ទី០៤ ខែមករា ដោយក្នុងនោះ សមាជិកនីមួយៗ បានសម្តែងចេញនូវ ក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ជុំវិញការវាយប្រហារ ហើយបានអំពាវនាវឲ្យ រដ្ឋាភិបាលអ៊ីរ៉ង់ ចេញចំណាត់ការ ក្តៅភ្លាមៗ ដើម្បីវែកមុខរកក្រុមបង្ក ហើយក៏ត្រូវធានាឲ្យបាននូវសន្តិសុខ និង សុវត្ថិភាព របស់បេសកកម្មការទូត នានាផងដែរ។

សេចក្តីថ្លែងការណ៍រួម ដោយសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥ ប្រទេស លើកឡើង ដូច្នេះថា “សមាជិក នៃក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឲ្យភាគីទាំងអស់ បង្កើននូវកិច្ច សន្ទនាជាមួយគ្នា និង បោះជំហាន ទៅរក ការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។ វាជារឿង ចំាបាច់ ដែលត្រូវធានាឲ្យបាននូវការបំពេញ បេសកកម្មការ ទូតប្រកបដោយសុវត្ថិភាព និង រក្សាឲ្យបាននូវកិច្ចសន្ទនា ដើម្បីបន្ធូរបន្ថយភាពតានតឹង។”

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្រុមអ្នកតវ៉ាប្រកបដោយកំហឹង របស់អ៊ីរ៉ង់ បាន លុកលុយស្ថានទូត អារ៉ាប៊ី សាអូឌីត ប្រចាំរដ្ឋធានី តេហេរ៉ង់ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ដើម្បីប្រឆាំងទៅនឹងអាជ្ញាធរ អារ៉ាប៊ី សាអូឌីត ដែលបានចាប់ខ្លួនជនជាតិ អ៊ីរ៉ង់ ៤៧ នាក់ ដោយសង្ស័យពីការបង្កភេរវកម្ម កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ៕

យូអិន ថ្កោលទោសការ វាយប្រហារ ស្ថានទូត អារ៉ាប៊ី សាអូឌីត នៅប្រទេសអ៊ីរ៉ង់