អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​បណ្តា​សម្ព័ន្ធមិត្ត​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អីុ​រ៉​ង់​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ

ភាព​តានតឹង​យ៉ាង​ខ្លាំង​រវាង​អីុរ៉​ង់​ស៊ី​អីុ​ត និង​បណ្តា​ប្រទេស​អា​រ៉ាប់​ជិតខាង​ស៊ុន​នី​ត​កាលពី​ថ្ងៃ​ទី​៤ មក​រា ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​បណ្តា​សម្ព័ន្ធ​មិត្ត​កាត់​ផ្តាច់ ឬ​កាត់​បន្ថយ​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់ បន្ទាប់​ពី​វិបត្តិ​មួយ​ដោយសារ​ការ​ប្រហារជីវិត​មេដឹកនាំ​សាសនា​ស៊ី​អីុ​ត​មួយ​រូប​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មក ។

ដោយ​ខ្លាចក្រែង​ភាព​តានតឹង​នោះ​នាំ​ឱ្យ​មាន​ផលវិបាក​នឹក​ស្មាន​មិន​ដល់​នានាប្រទេស​រុ​ស្ស៊ី​និយាយ​ថា មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ហើយ​ត្រៀម​ជួយ​ទ្រទ្រង់​ការ​ចរចា​មួយ​រវាង​ក្រុង​រី​យ៉ា​ដ និង​ក្រុង​តេ​ហេ​រ៉​ង់ ជា​ប៉ូ​ល​២​នៃ​ឥទ្ធិពល​របស់​រុ​ស្ស៊ី​ក្នុង​តំបន់​មជ្ឈិម​បូ​ពា ។

ចំណែក​សហរដ្ឋ​អា​មេ​រិ​ក​ជា​សម្ព័ន្ធមិត្ត​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តែ​ទើប​ខិតចូល​ជិត​អីុ​រ៉​ង់​តាម​រយៈ​កិច្ចព្រមព្រៀង​ស្តី​ពី​នុយក្លេអ៊ែរ ដែល​ចុះហត្ថលេខា​កាលពី​ខែកក្កដា ក៏​ចង់ឱ្យ​មាន​វិធានការ​វិជ្ជមាន​នានា ដើម្បី​រំងាប់​ភាព​តានតឹង​នោះ​ដែរ រួច​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី បាន​ពិភាក្សា​កាលពី​ថ្ងៃ​ទី​៤ មក​រា ជាមួយ​សម​ភាគី​អីុ​រ៉​ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ប្រទេស​បារាំង និង​អា​ល្លឺ​ម៉​ង់​ក៏​ស្នើ​រំងាប់​ភាព​តានតឹង បន្ទាប់​ពី​ប្រទេស​បា​រ៉ែ​ន និង​ស៊ូ​​ដង់​ធ្វើ​តាម​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អីុ​រ៉​ង់ ។ ចំណែក​ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​បាន​កោះហៅ​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​ក្រុង​តេ​ហេ​រ៉​ង់ ហើយ​កាត់​បន្ថយ​ទំនាក់ទំនង​ការទូត ។

វិបត្តិ​ថ្មី​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​២ មក​រា ជាមួយ​ការ​ប្រហារជីវិត​មេដឹកនាំ​សាសនា​ស៊ី​អីុត​មួយ​រូប​លោក NIMR AL NIMR ជា​អ្នក​រិះគន់​រដ្ឋអំណាច​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត រួម​ជា​មួយ​មនុស្ស​៤៦​នាក់​ទៀត​ដែល​ទទួល​ការ​កាត់ទោស​ប្រហារជីវិត​ពី​បទ​ភេរវកម្ម ។

ការ​ប្រហារជីវិត​លោក NIMR នាំ​ឱ្យ​ផ្ទុះ​សង្គ្រាមពាក្យសម្តី​រវាង​ក្រុង​តេ​ហេ​រ៉​ង់ និង​ក្រុង​រី​យ៉ា​ដ ព្រមទាំង​ញ៉ាំង​ឱ្យ​ផ្ទុះ​បាតុកម្ម​ដោយ​កំហឹង​នានា​ក្នុង​ចំណោម​សហគមន៍​ស៊ី​អីុ​ត​ក្នុង​ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន​អីុ​រ៉​ង់​ដែរ ដោយនៅ​ទីនោះ​ទីតាំង​ការទូត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត​នានា​រង​ការ​វាយប្រហារ ។ បាតុកម្ម​ក៏​ផ្ទុះ​នៅ​ប្រទេស​អីុ​រ៉ា​ក់ លី​បង់ បា​រ៉ែ​ន ព្រម​ទាំង​ប៉ា​គី​ស្ថាន និង​តំបន់​កា​ស្មៀ​រ​ឥណ្ឌា ។ នៅ​អីុ​រ៉ា​ក់​ពួក​បាតុករ​គំរាម​ដុត​ស្ថានទូត​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

កាលពី​យប់​ថ្ងៃ​ទី​៣ មក​រា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាស​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អីុ​រ៉​ង់ ហើយ​ទាមទារ​ឱ្យ​បណ្តា​អ្នកការទូត​អីុ​រ៉​ង់ ចាកចេញ​រយៈពេល​៤៨​ម៉ោង ។ ប្រទេស​​នេះ​ក៏​សម្រេច​ផង​ដែរ​នា​ថ្ងៃ​ទី​៤ មក​រា កាត់​ផ្តាច់​រាល់​ការ​ហោះហើរ​តាម​អាកាស​ជាមួយ​អីុរ៉​ង់ ។

ជា​ការ​ឆ្លើយ​តប​វិញ ដោយ​ចោទប្រកាន់​ក្រុង​រី​យ៉ា​ដ​ថា ស្វះស្វែង​ធ្វើ​ឱ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​មជ្ឈិម​បូព៌ា អីុរ៉​ង់​អះអាង​ថា ការ​កាត់​ផ្តាច់ទំនាក់ទំនង​នេះ​ជា​ការ​បិទ​បាំង​ការ​ខុសឆ្គង​ខាង​យុទ្ធសាស្ត្រ​ដោយសារ​ការ​ប្រហារជីវិត​លោក NIMR ។ មេដឹកនាំ​កំពូល​អីុ​រ៉​ង់ លោក​អា​លី​មី​នី ថ្លែង​កាលពី​ថ្ងៃ​ទី​៣ មក​រា ថា សូម​ឱ្យ​ព្រះ​ជា​ម្ចាស់​សងសឹក​ឱ្យ​លោក NIMR ប្រឆាំង​បណ្តា​មេដឹកនាំ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

រីឯ​អនុរដ្ឋមន្ត្រី​ការ​បរទេស​អីុ​រ៉​ង់ លោក HOSSEIN AMIR ABDOLLAHIAN កាលពី​ថ្ងៃ​ទី​៤ មក​រា ចោទប្រកាន់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​ប្រទេស​នាំ​ប្រេងកាត​ចេញ​ធំ​ទី​មួយ​លើ​ពិភពលោក​ថា ផ្សំ​គំនិត​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ចុះថោក ។ អីុ​រ៉​ង់​ចោទ​ក្រុង​រី​យ៉ា​ដ​ថា ជា​អ្នក​ដើរតួ​នាទី​ចម្បង​ក្នុង​ការ​បញ្ចុះតម្លៃ​ប្រេង​ឆៅ​ដោយ​រក្សា​កម្រិត​ផលិតកម្ម​ខ្ពស់​បំផុត ។

ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អីុ​រ៉​ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត គំរាមកំហែង​ដល់​តំបន់​មជ្ឈិម​បូព៌ា​ទាំងមូល ។ អ្នក​រង​គ្រោះ​ធ្ងន់​ជាងគេ​ពី​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​របស់​ក្រុង​រី​យ៉ា​ដ​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​គឺ​យេ​ម៉ែ​ន ខណៈ​ការ​ចរចា​សន្តិភាព ត្រូវធ្វើ​ទៀត​ក្នុង​ខែមករា ។ ភាព​តានតឹង​រវាង​មហាអំណាច​ទាំង​២​នៅ​មជ្ឈិម​បូព៌ា​ជា​លទ្ធផល​នៃ​ជម្លោះ​ចាស់​រវាង​រដ្ឋ​ទាំង​២ ដែល​ម្ខាង​ៗ​តស៊ូ​ដើម្បី​ពង្រឹង​ឬ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ៕