ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​កំពង់​ផែ​ប្រេង​លី​ប៊ី​មួយ

ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​៤ មក​រា បាន​ធ្វើការ​វាយប្រហារ​ប្រឆាំង​កង​ឆ្មាំ​ការពារ​កំពង់​ផែ​ប្រេងកាត​លី​ប៊ី ES SIDER ដោយ​សម្លាប់​ឆ្មាំ​ការពារ​ទីតាំង​នេះ​២​នាក់ ។

យោង​តាម​ឆ្មាំ​ការពារ​ម្នាក់​ថា ពួក​ជន​អត្តឃាត​បាន​វាយប្រហារ​កំពង់​ផែ​ប្រេង ES SIDER មុន​ពេល​ដកខ្លួន​ថយ ។ អាង​ស្តុក​ប្រេង​មួយ​ស្ថិត​នៅ​ក្រុង RAS LANOUF ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​កំពង់​ផែ​នេះ ក៏​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ប្រេង​ជាតិ​លី​ប៊ី NOC បញ្ជាក់​ថា អាង​ស្តុក​ប្រេង​នេះ​មាន​ប្រេង​ចំនួន​៤០០.០០០​ធុង ។ NOC នា​យប់​ថ្ងៃ​ទី​៤ មក​រា ខិតខំ​ពន្លត់ភ្លើង​ឆេះ​អាង​ស្តុក​ប្រេង​នេះ ។

ES SIDER និង​កំពង់​ផែ​ប្រេង​ជិតខាង RAS LANOUF ត្រូវ​បិទទ្វារ​ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ មក​ពី​ការ​ប្រយុទ្ធ​គ្នា​រវាង​បណ្តា​ក្រុម​ដែល​ឈ្លោះ​គ្នា ដើម្បី​ត្រួតត្រា​ប្រទេស​នាំ​ឱ្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឆ្លៀតឱកាស​វាតទី​ក្រោយ​ការ​ផ្តួលរំលំ​របប​លោក​មូ​អា​ម៉ា កា​ដា​ហ្វី កាលពី​ឆ្នាំ​២០១១ មក ។

កំពង់​ផែ​ប្រេង ES SIDER ការពារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​ហៅ​កង​ឆ្មាំ​ការពារ​ទីតាំង​ប្រេងកាត​ដឹកនាំ​ដោយ​លោក IBRAHIM EL DJATHRAN ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ត្រួតត្រា​ទីក្រុង SYRTE ជាប់​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ហើយ​ពង្រីក​វត្តមាន​របស់​ខ្លួន​ទៅ​កាន់​ចំណុច​ឯទៀត​ៗ​របស់​ប្រទេស ។ ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​វាយប្រហារ​ទីតាំង​ប្រេងកាត​ជា​ច្រើន​នៅ​ភាគ​ខាងត្បូង​លី​ប៊ី ក៏​ប៉ុន្តែ​រហូត​មក​ទាល់​ពេល​នេះ​ពុំ​ទាន់​អាច​ត្រួតត្រា​ទីតាំង​ប្រេង​នានា​ដូច​នៅ​ប្រទេស​ស៊ី​រី​ឡើយ ៕