បច្ចុប្បន្នអ្នកប្រើ ប្រាស់គ្រឿងញៀន ជាង១ម៉ឺននាក់ ពីអាយុចន្លោះ១៨-៣៥ឆ្នាំ

ភ្នំពេញ ៖ បើតាមការអះអាង របស់អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆំាងគ្រឿងញៀន លោក មាស វិរិទ្ធ បាន ឲ្យដឹងថា កម្ពុជាមានមនុស្សជាង១ម៉ឺន៤ពាន់នាក់ ដែលកំពុងរងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន និងក្លាយជាអ្នកញៀនគ្រឿងញៀន ចាប់ពីអាយុចន្លោះពី១៨ឆ្នាំទៅ៣៥ឆ្នាំ។

ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ ស្តីពីគោលនយោបាយគ្រឿងញៀន នៅអាស៊ីលើកទី៧ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគាសាន់វ៉េ លោក មាស វិរិទ្ធ បានឲ្យដឹងថា បញ្ហាគ្រឿងញៀននេះ កំពុងតែ រីករាលដាលយ៉ាងខ្លាំងក្នុងសកលលោក ជាងនេះក្នុងប្រទេសជាសមាជិកអាស៊ាន ។

លោកបន្តថា កត្កាគ្រឿងញៀនតាមមូលដ្ឋាន កើនឡើង ប៉ុន្តែកត្តានេះអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន បានដាក់ចេញយុទ្ធសាស្ត្រជាតិចំនួន៥ និងផែនការយុទ្ធគ្រប់វិស័យចំនួន៧ ក្នុងការឆ្លើយតប និងដោះស្រាយ បញ្ហាគ្រឿងញៀនឲ្យទាន់ពេលវេលា ។

ជាមួយគ្នានោះដែរ លោកថា យុទ្ធសាស្ត្រដែលបានដាក់ទៅនោះមានភាពល្អប្រសើរ តែនៅថ្នាក់ជាតិ  ចំណែក ថ្នាក់ក្រោមជាតិវិញ មានការលំបាកក្នុងការអនុវត្ត។ ដូច្នេះបញ្ហានេះ ត្រូវរកមធ្យោបាយនានា ដើម្បីជួយគ្នា ឲ្យអនុវត្តយន្តការដែលជាពហុវិស័យនេះ ឲ្យបានទទួលបានជោគជ័យ។

លោក មាស វិរិទ្ធ ឲ្យដឹងទៀតថា បញ្ហាគ្រឿងញៀនក្នុងសកលលោក បាននិងកំពុងគម្រាមកំហែងគ្រប់ បណ្តាលប្រទេស ក្នុងនោះកម្ពុជាក៏បានកំពុងតែគំរាមកំហែងផងដែរ។ ប៉ុន្តែការគំរាមកំហែងនេះ អាស្រ័យ លើការគ្រប់គ្រងរបស់ប្រទេសនីមួយៗ។ បណ្តាលប្រទេសក្នុងអាស៊ានបានកំពុងតែរងការគំរាមកំហែង ក្នុងការចរាចរ ឬការប្រើប្រាស់គ្រឿងញៀន  ។

ក្នុងការផ្តល់បទសម្ភាសន៍នោះដែរ លោក មាស វិរិទ្ធ ថា ក្នុងឆ្នាំថ្មីនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងគ្រឿងញៀន នឹងចាត់វិធានការយ៉ាម៉ឹងម៉ាត់បំផុតក្នុងការបង្ក្រាបតំបន់គ្រឿងញៀនបឹងឈូកឬត្រពាំងឈូក ដែលនេះ ជាកន្លែងសកម្ម និងសំបូរទៅដោយអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។

ជាការកត់សម្គាល់ ទោះបីជាឃើញការបង្ក្រាបគ្រឿងញៀនយ៉ាងខ្លាំងក្លា ពីសំណាកសមត្ថកិច្ចយ៉ាងណាក្តី ក៏មតិពីប្រជាពលរដ្ឋនំាគ្នា លើកឡើងថា សមត្ថកិច្ចចាប់បានតែអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន មានលក្ខខណៈតូចៗ។ ចំណែកអ្នកដែលនំាចូលមានខ្នងធំៗនៅពីក្រោយ មិនដែលចាប់បាននោះទេ។ ជាងនេះបញ្ហាគ្រឿងញៀនកំពុងតែវាយលុកក្នុងសង្គមជាតិខ្មែរ បញ្ហានេះអាជ្ញាធរគួរមានវិធានការឲ្យម៉ឹងម៉ាត់ កុំបានតែថា តែមិនបានធ្វើ ៕

បច្ចុប្បន្នអ្នកប្រើ ប្រាស់គ្រឿងញៀន ជាង១ម៉ឺននាក់ ពីអាយុចន្លោះ១៨-៣៥ឆ្នាំ