គណបក្ស សង្គ្រោះជាតិ ចង់ឲ្យរដ្ឋ ប្រមូលពន្ធ ពីពលរដ្ឋ តែត្រូវបំរើពលរដ្ឋវិញ អស់សមត្ថភាព

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ដែលជាបក្សជំទាស់ដ៏ធំមួយ បានស្នើដល់អ្នកពាក់ព័ន្ធទំាងអស់ ពិសេសក្រសួងដែលធ្វើការ ប្រមូលពន្ធថវិកាពីប្រជាពលរដ្ឋ ត្រូវតែបំរើពលរដ្ឋវិញ ឲ្យអស់សមត្ថភាពដែលពួកគេចង់បាន។

លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា រដ្ឋប្រមូលពន្ធពីពលរដ្ឋ ថវិការដ្ឋត្រូវចំណាយដើម្បី បម្រើពលរដ្ឋវិញ ដោយរៀបចំសង្គម ឲ្យការរស់នៅរបស់ពលរដ្ឋក្នុងសង្គមមាន សន្តិសុខ សុភមង្គល អនាម័យ សីលធម៌ យុត្តិធម៌ និងការទទួល បានពីការអភិវឌ្ឍដោយសមធម៌ ការទទួលបានព័ត៌មានពិត ជៀសវាងនូវការទទួលបានព័ត៌មាន មិនពិតដែលនាំទៅរកការគិតជាអវិជ្ជមាន ទាំងនេះ ដើម្បីប្រែក្លាយជាពលរដ្ឋថ្លៃថ្នូរម្នាក់ នៅក្នុងសង្គមថ្លៃថ្នូរ។

អ្នកនំាពាក្យរូបនេះ បានសរសេរនៅបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា រដ្ឋត្រូវដើរតួនាទី ក្នុងការផ្តល់ភាពងាយស្រួល ហើយសេវាសាធារណៈដើម្បីបម្រើពលរដ្ឋ។ មន្ត្រីរាជការរបស់រដ្ឋ និងពលរដ្ឋ គឺជាមនុស្ស ជាពលរដ្ឋ ជាសមាជិកនៃសង្គម។

ដូច្នេះចំណុចចាប់ផ្ដើម គឺការអប់រំពលរដ្ឋឲ្យទៅជាពលរដ្ឋថ្លៃថ្នូរ នោះនឹងមានសង្គមថ្លៃថ្នូរ ដោយធ្វើតាម រយៈការអប់រំ ហើយកំណែទម្រង់ វិស័យអប់រំចាប់មានជាវិជ្ជមាន ដែលត្រូវធ្វើលើផ្នែកទាំង៥៖ (១)គ្រូ (២)សិស្ស (៣)កម្មវិធីសិក្សា (៤)សង្គម និង(៥)មធ្យោបាយ៕

គណបក្ស សង្គ្រោះជាតិ ចង់ឲ្យរដ្ឋ ប្រមូលពន្ធ ពីពលរដ្ឋ តែត្រូវបំរើពលរដ្ឋវិញ អស់សមត្ថភាព