ឃាត់ខ្លួន យុវជនម្នាក់ ពាក់ព័ន្ធនឹងករណី រំលោភសេពសន្ថវៈ លើអនីតិជន

កំពត៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១២ឆ្នាំ ត្រូវបានកម្លាំងនគរបាល ស្រុកទឹកឈូ ធ្វើការឃាត់ខ្លួន នៅព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ។

មន្ត្រីនគរបាលស្រុកទឹកឈូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា  ជនសង្ស័យ ឈ្មោះទូច យូន ហៅយួន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករចម្ការកៅស៊ូ រស់នៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្ន ធ្វើជាកម្មករចម្ការកៅស៊ូ នៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកកុម៉ារីរងគ្រោះ អាយុ១២ឆ្នាំ រស់នៅភូមិភ្នំតូច ស្រុកទឹកឈូ។

មន្ត្រីដដែលបន្តថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែមករា ម្សិលមិញ ជនសង្ស័យ បានប្រព្រឹត្តសកម្មភាពចាប់រំលោភ លើក្មេងស្រី ជាជនរងគ្រោះ បានសម្រេច១លើក ក្នុងចំណុចចម្ការកៅស៊ូរខាងលើ។

បើតាមលោកវរសេនីយ៍ត្រី ណុប ចាន់ភាព អធិការរង ទទួលផែនព្រហ្មទណ្ឌ នៃស្រុកទឹកឈូ បានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹង របស់ក្រុមគ្រួសារខាងជនរងគ្រោះ លើករណីរំលោភដូចខាងលើ ធ្វើឲ្យអធិការស្រុកទឹកឈូ បានចេញលិខិតអញ្ជើញ ឲ្យជនសង្ស័យ មកបំភ្លឺជុំវិញរឿងករណីរំលោភនេះ លុះជនសង្ស័យមកដល់អធិការដ្ឋាននគរបាលស្រុកភ្លាម កាលពីក្បាលព្រលប់ ថ្តៃទី៤ ខែមករា ម្សិលមិញ ក៏ធ្វើការសាកសួរនាំ រហូតដល់ព្រឹក ថ្ងៃទី៥ នេះក៏ធ្វើកំណត់ ហេតុឃាត់ខ្លួននូវជនសង្ស័យតែម្តង ហើយម៉ោង១០និ៣០នាទីព្រឹក នៃថ្ងៃដដែល ក៏បានបញ្ជូនបន្តទៅឲ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់។

លោកណុប ចាន់ភាព បានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរជាបឋម ទៅលើជនរងគ្រោះ និងជនល្មើសរួចមក ជាលទ្ធផល ជនសង្ស័យ បានឆ្លើយបដិសេធថា ខ្លួនមិនបានចាប់រំលោភទៅលើជនរងគ្រោះ ដូចពាក្យចោទប្រកាន់នោះទេ ដោយឡែកខាងជនរងគ្រោះវិញ ថាជនល្មើសរូបនេះ ពិតជាបានធ្វើសកម្មភាពចាប់បង្ខំរំលោភទៅលើខ្លួន បានសម្រេចរហូត១លើក៕

ឃាត់ខ្លួន យុវជនម្នាក់ ពាក់ព័ន្ធនឹងករណី រំលោភសេពសន្ថវៈ លើអនីតិជន

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន                                ជនរងគ្រោះដែលជាអនីតិជន