មន្រ្តីវប្បធម៌ ថា កុំភ័យ កម្ពុជា មិនព្រួយបារម្ភ ចំពោះការជះឥទ្ធិពល ពីសហគមន៍ សេដ្ឋកិច្ចអាស៊ាន

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួង វប្បធម៌កម្ពុជា បានថ្លែងអំពាវនាវ កុំឲ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបភ័យព្រួយ បារម្ភឬកង្វល់នានា ពីការសាយភាយឬ ការជះឥទ្ធិពលវប្បធម៌ ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលប្រទេស អាស៊ានទាំង១០ បានធ្វើសមាហរណកម្មនោះទេ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) រាយការណ៍ កាលពីថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០១៦ ដោយដកស្រង់ ប្រសាសន៍ លោក ថៃនរៈ សត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានថ្លែង ការចូលមក ដល់នៃសកលភាវូនីយកម្ម បានដាក់អំរែក និងនាំមកនូវ វប្បធម៌បរទេស ចូលមកកាន់តែច្រើន ហើយជ្រាលជ្រៅ ក្នុងស្រទាប់យុវជន និងមហាជនកម្ពុជា។

លោក បានថ្លែងថា “ក្រសួងមិនព្រួយបារម្ភ ពីការជះឥទ្ធិពលវប្បធម៌ ពីសហគមន៍អាស៊ាន មកកម្ពុជានោះទេ” និងពន្យល់ថា ប្រជាជនកម្ពុជា ពិសេសយុវជនកម្ពុជា បានផ្លាស់ប្តូរពីការទទួលយកឥទ្ធិពល បរទេស ហើយរួមគ្នាអភិរក្ស ថែរក្សាវប្បធម៌រូបិយ និងអរូបិយ ដូចជា ចម្រៀងចាប៉ី ស្គរ ខ្លុយ ជាដើម។

AKP បានបន្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានដាក់ចេញនូវផែនការយុទ្ធ សាស្ត្របញ្ជៀបវប្បធម៌ខ្មែរ បានធ្វើការបណ្តុះបណ្តាលធនធានមនុស្ស លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើវិស័យសិល្បៈ វប្ប ធម៌ និងបង្កើតព្រឹត្តិការណ៍ មហាស្រពសិល្បៈវប្បធម៌ នានាក្នុងទិសដៅផ្សព្វផ្សាយ និងពង្រីកវប្បធម៌កម្ពុជា ក្នុងសហគមន៍អាស៊ាន ហើយក្រសួងនឹងនៅតែបន្តយន្តការដូចភ្លៀងរលឹម។

សម្រាប់លោក ទូច គឹមស្រ៊ាង ប្រធានសមាគមទ្រទ្រង់ អក្សរសាស្ត្រវប្បធម៌ខ្មែរ ត្រូវបាន AKP ដកស្រង់ ប្រសាសន៍ ដែលបានថ្លែងថា “ការចូល ក្នុងសហគមន៍អាស៊ានកម្ពុជា នឹងកាន់តែរីកចម្រើន តាមរយៈការចែក រំលែកបទពិសោធន៍ នូវសិល្បៈវប្បធម៌អរិយធម៌ទៅវិញទៅមកនៃបណ្តាប្រទេសនីមួយៗ”។ “ដើម្បីចូលរួមចំណែកលើកតម្កើងវប្បធម៌ខ្មែរ ក្នុងសហគមន៍អាស៊ានសមាគម បានធ្វើការបណ្តុះបណ្តាល លើការអភិរក្សអក្សរសាស្ត្រជាតិ អភិវឌ្ឍន៍អក្សរសាស្ត្រជាតិ និងជំរុញឱ្យមានការ ប្រើអក្សរសាស្ត្រ វប្បធម៌ជាតិឱ្យបានត្រឹមត្រូវ”។

ប្រទេសអាស៊ាន ទាំង១០រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងសឹង្ហបុរី៕