ជិះម៉ូតូពីភ្នំពេញ មកលេងស្រុកនៅកំពង បែរជាជួបគ្រោះថ្នាក់ ចរាចរណ៍ រងរបួសធ្ងន់

កំពត៖ ស្ត្រីម្នាក់បានជិះម៉ូតូ ពីភ្នំពេញមកលេងស្រុកកំណើត នៅខេត្តកំពត ក្នុងល្បឿនលឿន មិនប្រយ័ត្ន បានបុកម៉ូតូគេពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង នៅម៉ោង ១០ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រៃចែង ស្រុកជុំគីរី។

មន្ត្រីនគរបាលចរាចរស្រុកជុំគីរី បានឲ្យដឹងថា ជនរងគ្រោះបើកម៉ូតូ ម៉ាកសេ១២៥ សេរី២០១៥ ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ឈ្មោះ រ៉ែន ង៉ែត្រ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត រងរបួសធ្ងន់។ រីឯស្ត្រីជិះម៉ូតូបង្ក បុកគេពីក្រោយ ឈ្មោះសេង ស្រីទូច អាយុ២៥ឆ្នាំ រស់នៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បើកបរម៉ូតូម្នាក់ឯង ម៉ាកស្មាស់វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CZ-4651។

មន្ត្រីនគរបាលដដែល បន្តថា ស្ត្រីបើកម៉ូតូស្មាស់ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ សំដៅមកលេងស្រុក លុះដល់ចំណុចកើតហេតុ បានបុកទៅនឹងម៉ូតូជនរងគ្រោះពីក្រោយចំពេញទំហ៉ឹង ខណៈរត់ស្របទិសគ្នា ពីជើងទៅត្បូង ធ្វើឲ្យធ្លាក់ទៅក្នុងគ្រលុកកាវថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ក្រោយហេតុការណ៍ភ្លាម បុរសជាជនរងគ្រោះបើក ម៉ូតូសង់ពីមុខ ត្រូវបានគេដឹកនាំយកទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្តតាកែវ ចំណែកស្ត្រីជិះម៉ូតូបុកគេពីក្រោយ រងរបួស ធ្ងន់ដែរ ត្រូវបានគេដឹកនាំយកទៅព្យាបាលនៅមណ្ឌលសុខភាព នៃឃុំកើតហេតុខាងលើ។ ដោយឡែកវត្ថុតាង ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាល នាំយកទៅរក្សាទុកនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែចែង ដើម្បីដោះស្រាយគ្នាទៅថ្ងៃក្រោយ៕

ជិះម៉ូតូពីភ្នំពេញ មកលេងស្រុកនៅកំពង បែរជាជួបគ្រោះថ្នាក់ ចរាចរណ៍ រងរបួសធ្ងន់