ក្រសួងសុខាភិបាល ស្នើ​ឲ្យ​ទប់ស្កាត់ រថយន្ត​គិលានសង្គ្រោះ​គ្មាន​ច្បាប់ កំពុង​ចល័ត​ដឹក​អ្នករបួស ដោយ​គ្រោះថ្នាក់​ចរាចរ

ភ្នំពេញ: យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ក្រសួងបានស្នើសុំ​ចាត់វិធានការ ទប់ស្កាត់ រថយន្ត​គិលាន សង្គ្រោះ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ហើយ​កំពុង​ចល័ត​ដឹក​អ្នករងគ្រោះ របួស​ដោយ​គ្រោះថ្នាក់​ចរាចរ​។

​ក្នុង​សេចក្តីប្រកាស​ដដែល​នោះ​បន្តថា ក្រសួងសុខាភិបាល​បាន​សង្កេតឃើញ មាន​រថយន្ត​គិលានសង្គ្រោះ គ្លីនិក​ឯកជន មួយចំនួន​បាន​ក្លែងបន្លំ និង​គ្មាន​សា្ល​ក​លេខ រថយន្ត​ត្រឹមត្រូវ កំពុង​ធ្វើ​សកម្មភាព​ដឹក​អ្នករងគ្រោះថ្នាក់​ចរាចរ​តាមផ្លូវ​យកមក​ព្យាបាល ក្នុង​គ្លីនិក​ឯកជន​របស់ខ្លួន និង​គាបសង្កត់​លើ​ជនរងគ្រោះ ឬ​បង្ខំ​ឲ្យ​បង់ថ្លៃ​សេវា​មួយ ដែល​ថ្លៃ​ជាទីបំផុត ឬ​សកម្មភាព​រកស៊ី​ជួញដូរ​ខុសច្បាប់​ផ្សេងទៀត ដោយ​ប្រើប្រាស់​ស៊ី​រ៉ែ​ន​ក្លែងបន្លំ ជា​រថយន្ត​គិលានសង្គ្រោះ​ដឹក​របស់របរ ដែល​ច្បាប់​បាន​ហាមឃាត់​ជាដើម​។​

​សេចក្តី​បន្តទៀតថា កត្តា​នេះ បាន​ជះឥទ្ធិពល​អាក្រក់ មកលើ​ប្រទេស​កម្ពុជា ជាពិសេស​ភ្ញៀវ​ទេសចរណ៍ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ផ្ទុយ​ពី​កម្ពុជា បច្ចុប្បន្នកំពុង​ទទួល​បាន​សក្តានុពល និង​កំណើន​ភ្ញៀវទេសចរ តាម​គោលដៅ​កំណត់​របស់​រាជរដ្ឋាភិបាល​៕​

ក្រសួងសុខាភិបាល ស្នើ​ឲ្យ​ទប់ស្កាត់ រថយន្ត​គិលានសង្គ្រោះ​គ្មាន​ច្បាប់ កំពុង​ចល័ត​ដឹក​អ្នករបួស ដោយ​គ្រោះថ្នាក់​ចរាចរ