ក្រុម​ប្រជាពលរដ្ឋ​ចោទ​សមត្ថកិច្ច​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត យក​ទីតាំង​ល្បែងស៊ីសង​ជា​​ឆ្នាំង​​បាយ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា ល្បែងស៊ីសង​ខុសច្បាប់ ភ្នាល់​បាល់​តាម​អ៊ិ​ន​ធឺ​ណែត គេ​បើក​លេង​ពាសពេញ​ក្រុង​ប៉ោយ​ប៉ែ​ត ភាគច្រើន​សមត្ថកិច្ច មាន​ភាគហ៊ុន ជាមួយ​មេបន​ល្បែង​ទាំង​អស់នោះ​ ទើប​មិន​បង្ក្រាប​ទុក​ឲ្យ​ពួក​គេ​លេង​ម៉ា​សេរី​តែ​ម្តង នា​ពេល​ប​ច្ចុ​ប្បន្ន​នេះ ។

ជាក់ស្តែង​គេ​បានឃើញ​មាន​ទីតាំង​ប្រមាណ​២០​កន្លែង បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ ជា​ប្រភេទ​ល្បែងភ្នាល់​បាល់ តាម​អ៊ិ​ន​ធឺ​ណែ​ត កន្ទុយលេខ​(​ឆ្នោត​) ដាក់​តុ តាំង​លក់​ដូច​លក់​លៀស តាម​ទីផ្សារ និង​តាម​ផ្ទះ នៅ​ទូ​ទាំង ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​គេ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​គេ​មិន​ដែល​ឃើ​អស់លោក​អាជ្ញា​ធរមាន​សម្ត​ត្ថ​កិច្ច​ជំនាញ​ប៉ូលិស និងប៉េ​អឹ​ម​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​បង្ក្រាប​ម្តងណា​ឡើយ​។

ប្រជាពលរដ្ឋ​បន្ត​ថា ជាក់ស្តែង​ដូច​ជាទី​តាំង​បន​ល្បែងភ្នាល់​បាល់​តាម​អន​ឡាញ​មាននៅ​ខាងក្រៅ​បរិវេណ​កាស៊ីណូ ដែល​គេ​បើក​លេង​ជា​ចំហ​២៤​លើ២៤​ម៉ោង ​ដោយ​ពុំ​មាន​ខ្លាច​ក្រែងរអែង​ច្បាប់ និង​សមត្ថកិច្ច​ជំនាញ​ចុះ​ចាប់​នោះ​គឺ​មាន​១ យីហោ EN JOY 789 INTERNET 24h 30THB/ HOUR នៅ​ផ្លូវ​ដើម​ពុទ្រា ជាប់​ហាង​លក់​នំ​បុ័ង កែង​ផ្លូវ​ចូល​ទៅ​អង់​តែ​ន​០១៦ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២, ទី​២​យីហោ​៩៩net មា​នទី​តាំងនៅ​ខាងត្បូង​ផ្សារ​ត្រី ទល់មុខ​វី​ង ដូរ​លុយ (​យីហោ​ជួ មាន​ហេង​) ៣,៩៩៩net (​តែ​ពេល​បក​ស្លាក​យីហោ​ចេញ​ហើយ​) នៅ​ផ្លូវ​ដើម​ពុទ្រា ជាប់​ពី​ខាងត្បូង​បា​រ៉ា​ស់​នគរបាល​អន្តោប្រវេសន៍​ច្រក​ប៉ោយ​ប៉ែ​ត, ៤​នៅ​ប្លុក​ផ្កាយ​៣ ហើយ​និង​មាន​ជា​ច្រើន​កន្លែង​ទៀត ស្ទើរតែ​រាប់​មិន​អស់​តែ​ម្តង ដែល​អស់លោក​សមត្ថកិច្ច មិន​បង្ក្រាប ឬ​ក៏​ទុក​សម្រាប់​ទទួលយក​ផល​ប្រ​យោ​ជ​ន៏​តែ​ម្តង​។

តាម​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ល្បែងស៊ីសង​ខុសច្បាប់​ទាំង​អស់នេះ​អាច​បើក​លេង​បាន ទាល់តែ​មេបន​ល្បែង​ទាំង​អស់នោះ ទាក់ទង​ជាមួយ​និង​សមត្ថកិច្ច​២​ស្ថាប័ន​ជា​មុន​សិន គឺ ប៉ូលិស និង ប៉េ​អឹ​ម ដែល​ឈរ​ជើ​ង​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​ឲ្យ​ត្រូវរ៉ូវ​គ្នា ទើប​អាច​បើក​លេង​បាន​ដោយ​សេរី​បែប​នេះ​បាន​តែ​ម្តង​។

តែ​ប្រសិនបើជា មេបន​ល្បែង​ទាំងនោះ​មិន​បាន​ទាក់ទង​ជាមួយ​និង​សមត្ថកិច្ច​ជា​មុន​នោះ​ទេ វាសនា​របស់​មេបន​ល្បែង ទាំង​អស់នោះ​និង​អាច​ជាប់​ខ្នោះ ច្រ​វ៉ា​ក់ រហូត​ដល់​ចូល​គុក​ធំ​ជា​មិន​ខាន​ឡើយ ។ ប្រភព​បន្ត​ថា នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ បើ​មេបន​ល្បែង ចង់​បើក​រកស៊ី​ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ ទាល់តែ​ទុក​ឲ្យ​សមត្ថកិច្ច​ទាំង​២​ស្ថាប័ន នៅ​ក្នុង​តំបន់​ដែល​មាន​ឋានៈ​និង តួនាទី​ជា​មេ​ធ​ម​...ៗ ឲ្យ​មាន​ភាគហ៊ុន​ជាមួយ​ទើប​អាច​បើក​លេង​យ៉ាង​រលូន​បាន​ផង​ដែរ ។

ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា បន​ល្បែង​នៅ​ក្នុង​តំបន់​នេះ អ្នក​ដែល​មាន​ភាគហ៊ុន​ជាមួយ​និង​មេបន​នោះ គឺ​មាន​សមត្ថកិច្ច​ជា​ជន​ល្មោភ​ប្រាក់​មួយ​ចំនួន ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​បាន​គិត ពី​អនាគតផល​ប្រ​យោ​ជ​ន៌​និង​ផល​ប៉ះពាល់ ក្នុង​មូលដ្ឋាន​ក៏​ដូច​ជា ប្រទេស​ជាតិ ចូលរួម​ចំណែក​ដើ​ម្ប​ទទួល​លាភ​សក្កា​រះ គឺ​ពួក​គេ​មិន​ខ្ចី​ខ្វល់ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាន​លុយ​ដាក់​ហោប៉ៅ យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន ជា​ការ​ស្រេច ។​លោក​វរសេនីយ៍ឯក​សិ​ទ្ឋ ឡោះ បាន​ប្រាប់​តាម​ទូរ​សព្ទ័​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥​មក​រា​នេះ​ឲ្យ​ដឹង​ថា ចំពោះ​បន​ល្បែង​ខុសច្បាប់​ដែល​កើត​មាននៅ​ក្នុង​តំបន់​ជាយ​ដែន​ប៉ោយ​ប៉ែ​ត​នោះ គឺ​សមត្ថកិច្ច​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ផង​ដែរ ។ លោ​កប​បន្ត​ថា តែ​ចំពោះ​បន​ល្បែង​មួយ​ចំនួន​ទៀត​ដែល​លួច​បើក​លេង​ខុសច្បាប់​នោះ​លោក​និង​ឲ្យ​លោក​វរ​សេនី​យ៌​ត្រី​អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ចាត់ការ​បង្ក្រាប​នៅ​ពេល​ខាង​មុខជា​បន្ត​ទៀត ។

លោក​គោ ស៊ុំ​សា​រឿ​ត អភិបាល​ខេត្តបន្ទាយមានជ័យ ធ្លាប់​បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ឲ្យ​ដឹង​ថា ស្ថាប័ន​សមត្ថកិច្ច​ប៉ូលិស និង​ប៉េ​អឹ​ម គ្រប់ ស្រុក ក្រុង ទូ​ទាំង​ខេត្តបន្ទាយមានជ័យ ត្រូវ​ខិតខំ​យកចិតទុកដាក់ ជួយ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ទាំងឡាយ​ដែល​កើត​មាន និង​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុ​វត្តិភាព ឲ្យ​ស្រប​ទៅ​តាម​យុត្តិសាស្ត្រ​របស់​ថ្នាក់ដឹកនាំ ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕