បងថ្លៃ​បាញ់​ប្អូនថ្លៃ​របួសធ្ងន់ គ្រួសារ​ព្យាយាម​បិទ​បាំង​សមត្ថកិច្ច

ខេត្តកំពត ៖ បុរស​ម្នាក់​ជា​អតីត​ទាហាន​ បាន​បាញ់​ប្អូនថ្លៃ​ប្រុស​បណ្តាល​ឱ្យ​រង​របួសធ្ងន់​កាលពី​ពេលកន្លង​មក​ថ្មី​ៗ​នេះ ដោយជន​ដៃ​ដល់​ត្រូវបានស្គាល់​​​ឈ្មោះ​សេក សា​រ៉េ​ន ហៅ​​ឌុ​ល អាយុ​២៦​ឆ្នាំ (​ជា​បងថ្លៃ​) មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង មក​យកប្រពន្ធ​នៅ​ភូមិ​សូ​រិ​យា ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ។ រីឯ​ប្អូនថ្លៃ​ (ជា​ជន​រង​គ្រោះ​) ឈ្មោះ​ចេ​ត ចាវ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​-​ឃុំ​ខាងលើ ។

លោក​អ៊ុ​ក រៀន ប្រធាន​ឃុំ​ត្នោត​ចុង​ស្រង់​បាន​ឱ្យ​ដឹង​​ថា នៅ​ក្នុង​ពិធីបុណ្យ​ម្តាយ​របស់​ជន​រង​គ្រោះ ​នៅ​​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ នោះ ឈ្មោះ​សេក សា​រ៉េ​ន (ជន​ដៃដល់) បានយក​កាំភ្លើង​​បាញ់​ត្រូវ​ចំ​ជន​រង​គ្រោះជា​ប្អូនថ្លៃ​ឈ្មោះ​ចេ​ត ចាវ ១​គ្រាប់​​ចំ​ត្រង់​ត្រគាក​​ខាងស្តាំ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ហើយ​ជន​រង​គ្រោះ ​ត្រូវ​បាន​ក្រុម​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ តែ​ក្រុម​គ្រូពេទ្យ​នៅ​ខេត្តតាកែវ​មិន​អាច​ព្យាបាល​​បាន ​ក៏​បញ្ជូន​​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​​ ។

ប្រភព​បន្ត​ថា ការ​បាញ់ប្រហារ​​នេះ​គេ​មិនដឹង​ថា មានរឿង​អ្វី​ជាមួយ​គ្នា​នោះ​ទេ ហើយកាំភ្លើងខ្លី​នោះ ក៏​មិនដឹង​ថា​ម៉ា​កអី​ដែរ តែ​ប្រភព​ខ្លះ​ថា ជាកាំភ្លើង​​ដូច​ដែកកេះ​ ទិញ​មក​ពី​ស្រុក​ថៃ ។  ពាក់ព័ន្ធ​ករណី​បងថ្លៃ​បាញ់​ប្អូនថ្លៃ​នេះ ក៏ត្រូវ​ក្រុម​គ្រួ​សារបាន​ព្យាយាម​លាក់​បាំងដែរ ដោយ​មិន​បាន​ទម្លាយ​ប្រាប់​សមត្ថកិច្ចនោះ​​ទេ ។

បច្ចុប្បន្ន ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​កំពុង​គេចខ្លួន និង​ជន​រង​គ្រោះ​ត្រូវ​បាន​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។