លិចទូកដឹក ជនភៀសខ្លួន ទៀតហើយនៅ តួកគី បណ្តាលឲ្យ​ ស្លាប់ជាច្រើននាក់

ហ្សាការតា៖ ជនភៀសខ្លួនចំនួន ៩នាក់ បានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមករាឆ្នាំ ២០១៦ នេះក្រោយពីទូករបស់ពួកគេ បានលិច ទៅក្នុងដែនសមុទ្រក្បែរឆ្នេរ អ៊ែហ្សង់ របស់ ប្រទេសតួកគី បន្ទាប់ពីមាន បំណងឆ្ពោះទៅកាន់ទឹកដីប្រទេសក្រិក នោះ។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ។

អាជ្ញាធរដែនសមុទ្រ របស់តួកគី បានស្រង់យកសាកសពរបស់ ជនភៀសខ្លួនចំនួន ៩នាក់ និង ស្រោចស្រង់ជីវិត មនុស្ស ១៣នាក់ផ្សេងទៀត មកស្នាក់នៅជាបណ្តោះអាសន្ននៅទីក្រុង អាយវ៉ាលីក នៃខេត្ត បាលីកសឺ ភាគខាង លិចប្រទេស។ ជនភៀសខ្លួន ទាំង ២២នាក់នេះ មានគោលដៅឆ្ពោះទៅកាន់កោះ ឡេសបូស របស់ប្រទេសក្រិក ប៉ុន្តែពេលបានជួបព្យុះ ពាក់ កណ្តាលផ្លូវ ទើបលិចលង់បែបនេះ។

បើតាមតួលេខសរុប ចាប់តាំងពីសង្គ្រាមស៊ីរីផ្ទុះឡើងនោះ ជនភៀសខ្លួនយ៉ាងហោចណាស់ ក៏ជាង ៣.០០០ នាក់ដែរ បានបាត់បង់ជីវិត បន្ទាប់ពីពួកគេព្យាយាម ជិះទូក ឆ្លងសមុទ្រ មេឌីទែរ៉ាណេ ទៅកាន់ដែនដីអឺរ៉ុប។ ដោយឡែកជនភៀសខ្លួនសរុប ៦០០.០០០នាក់ឯណោះ បានទៅដល់ទឹកដីក្រិក ដោយជោគជ័យ កាលពីឆ្នាំ ២០១៥ ៕

លិចទូកដឹក ជនភៀសខ្លួន ទៀតហើយនៅ តួកគី បណ្តាលឲ្យ​ ស្លាប់ជាច្រើននាក់